បរទេស ៖ តំបន់មួយក្នុងចំណោមតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិបំផុតនៅអាម៉េរិកខាងជើង កំពុងស្ថិតក្នុងរបត់នយោបាយដ៏សំខាន់ និងក្ដៅគគុក ខណៈដែលខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រខាងលើនេះ អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងបំបែកខ្លួនចេញពីប្រទេសយ៉ាងឆាប់បំផុត។
នៅក្នុងអត្ថបទចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា ចលនាទាមទារបំបែកខ្លួននេះ បានកើនឡើងបន្ទាប់ពីមានសេចក្ដីប្រកាសចេញពីក្រុមតស៊ូមតិទាមទារឯករាជ្យឈ្មោះ «Stay Free Alberta» ដោយពួកគេបានប្រមូលស្នាមមេដៃ និងហត្ថលេខាពលរដ្ឋបានជិត ១៧៨ ០០០ នាក់ ទាមទារឱ្យមានការធ្វើប្រជាមតិ ដើម្បីស្នើសុំបំបែកខ្លួនទៅកាន់អជ្ញាធរខេត្តជាផ្លូវការ។
ខេត្ត Alberta ត្រូវបានគេស្គាល់ថា គឺជាកន្លែងផ្ទុកប្រេងកាតបម្រុងធំជាងគេទី៤ របស់ពិភពលោក ហើយមិនត្រឹមតែប៉ុណ្ណោះ ខេត្តនេះគឺជាក្បាលម៉ាស៊ីនអុសទាញសេដ្ឋកិច្ចដ៏ធំសម្បើមរបស់ប្រទេសកាណាដាទាំងមូលផងដែរ។ ជាក់ស្ដែង អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមតស៊ូមតិមួយចំនួននៅក្នុងខេត្តនេះបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីអាកាសធាតុរបស់រដ្ឋាភិបាល ព្រមទាំងរបៀបនៃការបែងចែកប្រាក់ចំណូល ខណៈដែលប្រជាពលរដ្ឋជាច្រើនយល់ថា ជាការដាក់ទណ្ឌកម្មដោយអយុត្តិធម៌លើវិស័យថាមពលដ៏មានសក្តានុពលរបស់ពួកគេ។
លោកស្រី Danielle Smith ដែលកំពុងបម្រើការងារជាអភិបាលខេត្តធ្លាប់បានបញ្ជាក់កន្លងមកថា ញត្តិនេះទទួលបានជោគជ័យក្នុងការធ្វើប្រជាមតិទាមទារឯករាជ្យដែលអាចនឹងត្រូវដាក់ឱ្យប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់នៅរដូវស្លឹកឈើជ្រុះនេះ ហើយលោកស្រីនៅតែបន្តគាំទ្រឲ្យពលរដ្ឋក្នុងខេត្តបន្តរស់នៅក្រោមរដ្ឋាភិបាលកាណាដា ប៉ុន្តែមិនបានជំទាស់ទៅនឹងសិទ្ធិសម្រេចចិត្តណាមួយរបស់ពួកគេឡើយ។
យ៉ាងណាក៏ដោយ ផ្លូវឈានទៅរកការបោះឆ្នោតនេះ កំពុងជួបឧបសគ្គយ៉ាងធំ ព្រោះចៅក្រមម្នាក់របស់ប្រទេសកាណាដា បានបដិសេធមិនយល់ព្រមលើញត្តិនេះ បន្ទាប់ពីមានការប្ដឹងតវ៉ាផ្លូវច្បាប់ពីក្រុមជនជាតិដើមភាគតិច ដែលបានលើកឡើងថា ការបំបែកខ្លួនឯកតោភាគី គឺជាការមើលរំលង និងរំលោភលើសិទ្ធិសន្ធិសញ្ញារបស់ជនជាតិដើមភាគតិចទាំងស្រុង។
ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានឆ្លើយតបថា ៖ Alberta គឺជាទីតាំងដ៏ចាំបាច់សម្រាប់ប្រទេស ហើយអជ្ញាធរបានប្តេជ្ញាថា នឹងកសាងប្រទេសឱ្យរឹងមាំជាងនេះ។ ជាការកត់សម្គាល់ បើទោះបីជាក្រុមតវ៉ាដែលស្នើសុំបោះឆ្នោតបំបែកខ្លួនកំពុងជួបភាពទាល់ច្រកផ្នែកផ្លូវច្បាប់ភ្ក៏ដោយ ប៉ុន្តែផលប្រយោជន៍នៃសេដ្ឋកិច្ចនៃទទួលបានពីខេត្តមួយនេះ នៅតែមានកម្រិតខ្ពស់បំផុតដដែល ហើយប្រសិនបើប្រទេសកាណាដាត្រូវបាត់បង់ខេត្តផលិតប្រេងដ៏សំខាន់បំផុតរបស់ខ្លួនមួយនេះ ជាលទ្ធផលគឺអាចនឹងបង្កឱ្យមានវិបត្តិនយោបាយរដ្ឋធម្មនុញ្ញ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់ជាតិទាំងមូល៕