បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដឹកជញ្ជូនអ្នកដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ទៅកោះត្រល់ កំពុងរង់ចាំការសម្រេចពីវៀតណាម

ការដឹកជញ្ជូនអ្នកដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ទៅកោះត្រល់ កំពុងរង់ចាំការសម្រេចពីវៀតណាម

​កំពត ៖ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរនឹងអាច​ធ្វើដំណើរតាម​នាវា​ទៅកម្សាន្ត​កោះត្រល់​នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម​ផ្តល់​ការអនុញ្ញាតជា​ផ្លូវ​ការ​។

អ្នកឧកញ៉ា សួរ វិរៈ បានប្រាប់បណ្តាញផ្សព្វផ្សាយ​ AMS ថា ការចរចាជាមួយអាជ្ញាធរវៀតណាមរយៈ​ពេល​ប៉ុន្មាន​ខែកន្លងមក​នេះ ទទួល​បាន​លទ្ធផលជាវិជ្ជមាន ហើយ​នៅពេលនេះ ក្រុមហ៊ុន​ វីរៈ ប៊ុនថាំ កំពុងរង់ចាំការ​សម្រេចចុងក្រោយពីរដ្ឋាភិបាលវៀតណាម ដើម្បីអនុញ្ញាតឱ្យកប៉ាល់របស់​ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដឹកជញ្ជូនទេសចរចេញពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឆ្ពោះទៅកោះត្រល់។

អ្នកឧកញ៉ាបានបញ្ជាក់ថា

«មកដល់ពេលនេះ ការតភ្ជាប់ខ្សែដឹកជញ្ជូនតាមផ្លូវទឹក ពីកំពត ទៅ កោះត្រល់ យើងមានសញ្ញាខៀវហើយ ដើម្បីអាចដឹកភ្ញៀវទេសចរពីកំពង់ផែកំពតទៅកោះត្រល់។ តែយើងរង់ចាំការសម្រេចចុងក្រោយខាងភាគីវៀតណាម»។

អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញពីភាពសុទិដ្ឋិនិយមថា ការតភ្ជាប់​ការដឹកជញ្ជូនភ្ញៀវទេសចរតា​មផ្លូវទឹក​​ នឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា ស្របពេលភ្ញៀវទេសចរមកពីប្រទេសវៀតណាម បាន​កើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ។  

បើតាមអ្នកឧកញ៉ា សួរ វីរៈ កំណើនទេសចរវៀតណាម និងទេសចរបរទេស​មកកាន់​ប្រទេសកម្ពុជា កើនឡើង​ក្រោយ​ពីប្រទេសថៃ​បាន​បង្កជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។ ជាក់ស្ដែង លំហូរភ្ញៀវ ដែលធ្វើដំណើររវាងកម្ពុជា -វៀតណាម តាមរថយន្ត ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានការកើនឡើងពី ៦ជើង ទៅ ១៤ជើង ក្នុងមួយថ្ងៃ។

ក្រៅពីគម្រោងតភ្ជាប់​ទេសចរពីកំពង់ផែកំពត-កោះត្រល់ នៅក្នុងឆ្នាំ២០២៦នេះ អ្នកឧកញ៉ា សួរ វីរៈ ក៏គ្រោងបោះទុនវិនិយោគប្រមាណ ៨លានដុល្លារបន្ថែម លើផែនការពង្រីកសេវា ក្នុងវិស័យទេសចរណ៍ ដូចជា ការអភិវឌ្ឍន៍ឆ្នេរ និងរីស៊ត ជាដើម ដើម្បីឲ្យស្របតាម​គោលនយោបាយ​របស់​​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ភាព​ទាក់ទាញ​ក្នុង​​​វិស័យ​ទេសចរណ៍​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដែល​ចូល​រួម​ចំណែកយ៉ាង​សកម្ម​​​​ក្នុង​ការទាក់​ទាញ​វិនិយោគិន​ក្នុង​​​វិស័យ​ទេសចរណ៍​​។

យោងតាមរបាយការណ៍​របស់​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរមកពីប្រទេសវៀតណាម  មាន​ចំនួន ១,២២លាននាក់ កាលពីឆ្នាំ២០២៥ បានស្ថិត​នៅ​កំពូល​តារាងក្នុងចំណោមទេសចរបរទេសសរុបជាង ៥.៥លាននាក់ដែលបានមកកម្សាន្តនៅលើទឹកដីកម្ពុជា៕ ដោយ ៖ ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា