រាជធានីភ្នំពេញដែលជាតំបន់ប្រជាពលរដ្ឋរស់នៅច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា មានផលិតផលដុលសរុបGDP ខ្ពស់ជាងគេបង្អស់រហូតដល់ជិត ១០ ពាន់លានដុល្លារ បើធៀបនឹងបណ្តាខេត្ត ២៤ ផ្សេងទៀតក្នុងប្រទេសកម្ពុជា។

រាជធានីភ្នំពេញដែលជាតំបន់ប្រជាពលរដ្ឋរស់នៅច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា មានផលិតផលដុលសរុបGDP ខ្ពស់ជាងគេបង្អស់រហូតដល់ជិត ១០ ពាន់លានដុល្លារ បើធៀបនឹងបណ្តាខេត្ត ២៤ ផ្សេងទៀតក្នុងប្រទេសកម្ពុជា។
យោងតាមទិន្នន័យ ២០២៣ ខេត្តកណ្ដាល មានទំហំ GDP ជាង ៣ ពាន់លានដុល្លារ និងខេត្តបាត់ដំបងជាខេត្តសេដ្ឋកិច្ចលំដាប់ទី ៣ ដែលមានទំហំ GDP ជាង ២,៧ ពាន់លានដុល្លារ។
ដោយឡែក ខេត្តដែលមានទំហំ GDP តិចជាងគេ គឺខេត្តកែប ដែលមានប្រជាពលរដ្ឋរស់នៅត្រឹមតែ ៤ ម៉ឺន ៨ ពាន់នាក់ មាន GDP ទំហំ ៦២ លានដុល្លារ ប៉ុណ្ណោះ។ គឺនៅពីក្រោយ ខេត្តប៉ៃលិន មានទំហំ GDP ១១៥ លានដុល្លារ និងខេត្តមណ្ឌលគិរី មានទំហំ GDP ១៨៦ លានដុល្លារ។
បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលប្រមូលផ្ដុំដោយសំណង់អាគារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយក៏ជាទីផ្សារដោះដូរពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ដែលរួមបញ្ចូលទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ ទើបធ្វើឱ្យទីក្រុងភ្នំពេញ មានទំហំ GDP ខ្ពស់ជាងគេ។
បណ្ឌិត គី សិរីវឌ្ឍន៍ បានថ្លែងថា៖
“នៅភ្នំពេញ មានប្រជាជនច្រើនជាងគេ មានទំហំកម្លាំងសេដ្ឋកិច្ចខ្នាតធំ អាជីវកម្មខ្នាតធំ រោងចក្រផ្សេងៗ នាំចេញច្រើន។ ខេត្តកែប មានប្រជាជនតិច ហើយពឹងផ្អែកតែលើមុខរបរនេសាទ និងបម្រើសេវាកម្មទេសចរណ៍តិចតួច។”
ដោយឡែក បណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច យល់ឃើញថាខេត្តកែប គួរតែពិចារណាពង្រីកផលិតកម្មរបស់ខ្លួន ដូចជា ការពង្រីកការផ្គត់ផ្គង់ផលិតផលនេសាទ ការវិនិយោគលើសេដ្ឋកិច្ចពណ៌ខៀវ និងការតភ្ជាប់ទៅកាន់តំបន់កោះ ជាដើម។ លោកពន្យល់បន្ថែមថាខេត្តកែប ត្រូវការធនធានជំនាញ ភ្ញៀវទេសចរ និងអ្នកជំនាញបន្ថែម ដើម្បីជំរុញកំណើនផលិតផលក្នុងស្រុកដុលសរុប GDP។
បណ្ឌិត ញិល រដ្ឋា មានប្រសាសន៍ថា៖
“អ្វីដែលខេត្តកែបត្រូវការតែម្ដងគឺទាក់ទាញយុវជនដែលមានជំនាញបដិសណ្ឋារកិច្ច ភាសាបរទេស និងបច្ចេកវិទ្យា ឲ្យទៅបម្រើក្នុងវិស័យទេសចរណ៍។”
បើតាមបណ្ឌិត ញិល រដ្ឋា រាជធានីភ្នំពេញ ចាំបាច់ត្រូវការរំសាយការវិនិយោគឲ្យទៅកាន់តំបន់ដទៃ ដែលជួយកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងបង្កើតឱកាសសម្រាប់ភ្នំពេញ ក្លាយជាមជ្ឍមណ្ឌលសេវាកម្មកម្រិតខ្ពស់។
ទោះជាបែបនេះក្តី ចំណូលរបស់មនុស្សម្នាក់ៗ ក្នុងខេត្តព្រះសីហនុ មានទំហំ GDP ខ្ពស់ជាងគេ ដល់ទៅជាង ៥ពាន់៥រយដុល្លារធៀបនឹងរាជធានី ខេត្តផ្សេងទៀត ខណៈពលរដ្ឋនៅក្រុងភ្នំពេញ មានប្រមាណ ៤ ពាន់ដុល្លារ និង GDP ពលរដ្ឋក្នុងខេត្តកណ្ដាល មានជាង ២ ពាន់ ៤ រយដុល្លារ៕
អត្ថបទ៖ ខន ណារី AMS
