ភ្នំពេញ ៖ រាជធានីភ្នំពេញ បានប្រកាសបញ្ចប់ការចុះបញ្ជីដីធ្លី និងប្រគល់បណ្ណជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិជាផ្លូវការ ដែលជាមោទនភាពមួយសម្រាប់វិស័យសុរិយោដីដែលស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ។ នេះបើតាម លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ។
លោក សារិន វណ្ណា បានមានប្រសាសន៍ថា ក្នុងចំណោមខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ ខណ្ឌ៧មករា គឺជាខណ្ឌចុងក្រោយគេដែលបានបញ្ចប់ការចុះបញ្ជីដីធ្លី និងចេញបណ្ណជូនប្រជាពលរដ្ឋ ក្នុងនោះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចុះបញ្ជី និងចេញបណ្ណជូនពលរដ្ឋ ១៣ ខណ្ឌរួចមកហើយ ។
លោកបន្តថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាផ្នែកមួយនៃទិសដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ជាពិសេស ការបញ្ចប់វិវាទនៅក្នុងសង្គម ព្រោះថា ពលរដ្ឋម្នាក់ៗចាប់ពីពេលនេះតទៅសុទ្ធតែមានប្លង់កម្មសិទ្ធិរៀងៗខ្លួន មានព្រំដីត្រឹមត្រូវ លែងមានភាពមិនច្បាស់លាស់ទៀតហើយ។
លោកបន្តទៀតថា ៖
«ក្រៅពីការបញ្ចប់ការចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រសួងរៀបចំដែនដី តាមរយៈមន្ទីរសុរិយោដីរាជធានីភ្នំពេញ ក៏បានដោះស្រាយបញ្ចប់វិវាទរវាងពលរដ្ឋជាង១ម៉ឺនគ្រួសារដែលបានទិញផ្ទះ និងដីឡូត៍ផងដែរ»។
បើតាមលោកប្រធានមន្ទីររូបនេះបានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ដែលបានទិញផ្ទះ និង ដីឡូត៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៣៧ គំរោង និងទំនាស់លើដីធ្លីចំនួន ៦៧៨ករណី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ និងបានដោះស្រាយបញ្ចប់វិវាទ ឈរលើគោលនយោបាយ ឈ្នះ ឈ្នះ និងការយោគយល់គ្នា។
លោកបានបញ្ជាក់ថា ការបញ្ចប់ការចុះបញ្ជីដីធ្លី ការចេញបណ្ណ និងការដោះស្រាយវិវាទរវាងអ្នកទិញគម្រោងអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ គឺស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមមួយដែលមានភាពសុខុដុមរមនា រស់នៅដោយសុភមង្គលជាមួយគ្នា ។
យោងតាមប្រសាសន៍ ឯកឧត្តម តឹករ៉េ សំរេច រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រោយបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីធ្លីបន្តទៀត ។ ការងារចុះបញ្ជីដីធ្លីនៅកម្ពុជា ក្រសួងបានកំណត់ផែនការដោយត្រូវធ្វើយ៉ាងណាឱ្យការចុះបញ្ជីនេះ បានចប់សព្វគ្រប់នៅឆ្នាំ២០២៧ ដូច្នេះ ចាប់ពីឆ្នាំ២០២៧ តទៅ នៅក្នុងសង្គមកម្ពុជានឹងលែងមានវិវាទដោយសារដីធ្លី ពលរដ្ឋរស់នៅជិតគ្នានឹងលែងមានទំនាស់រឿងព្រំដី ហើយការទិញលក់ដីធ្លីក៏លែងមានករណីទិញដីអត់ប្លង់ទៀតដែរ ៕