បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដាក់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលគ្រឿងស្រវឹង ជាការប្រកួតប្រជែងមិនស្មើភាពគ្នា

ការដាក់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលគ្រឿងស្រវឹង ជាការប្រកួតប្រជែងមិនស្មើភាពគ្នា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុវត្តគោលការណ៍ហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។ គោលការណ៍របស់រដ្ឋាភិបាលនេះ មានគោលបំណងពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការពារសុខភាពសាធារណៈ។

Advertisement

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សម្រាប់វិស័យឯកជន គាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការហាមផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ព្រោះការផ្ដល់រង្វាន់បែបនេះ គេហៅថា ជាការប្រកួតប្រជែងមិនស្មើភាពគ្នា។

អ្នកឧកញ៉ា បានបន្តថា៖

«កន្លងមកការផ្ដល់រង្វាន់ខ្លះពីផលិតផលផ្សេងៗ វាជារឿងល្អ ជាការលើកទឹកចិត្តនូវផលិតផល និងការទាក់ទាញទីផ្សាររបស់ខ្លួន ប៉ុន្តែការផ្តល់រង្វាន់ខ្លះពីភេសជ្ជៈ គ្រឿងស្រវឹង មានជាតិអាល់កុល វាហួសហេតុពេក ដែលធ្វើឱ្យការប្រកួតប្រជែងរបស់ក្រុមហ៊ុនស្រាបៀរ រោងចក្រស្រាបៀរផលិតក្នុងស្រុកនេះ មានភាពប្រកួតប្រជែងដោយមិនស្មើភាពទេ ហើយវាមិនបានការពារអ្នកប្រើប្រាស់ទៀត ផ្ទុយទៅវិញបែរជាទាក់ទាញឱ្យមនុស្សបរិភោគ ឬផឹកកាន់តែច្រើនដែលធ្វើឱ្យអាចប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមិនមានផ្តល់រង្វាន់តាមក្រវិលកំប៉ុងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីគោលការណ៍កំណត់វិធានការគ្រប់គ្រងបញ្ឈប់ទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬ គម្របផលិតផល ឬ ការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ។

ក្រុមហ៊ុន ហុិនីគែន ដែលមានទំនួលខុសត្រូវ និងបានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំ បានលើកឡើងថា៖

« ក្រុមហ៊ុនគាំទ្រវិធានការអនុវត្តគ្រប់គ្រងនេះ ។​ នេះពិតជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកទីផ្សារដែលមានភាពស្មើគ្នា ប្រកបដោយអនុលោមភាព និងមានការគ្រប់គ្រងទីផ្សារកាន់​តែល្អប្រសើរឡើង ថែមទាំងជួយលើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវ និងគាំទ្រគោលដៅសុខភាពសាធារណៈផងដែរ»។

ចំណែកក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia)ដែលជាក្រុមហ៊ុនមិនមានដាក់រង្វាន់លើក្រវិលកំប៉ុងបានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋា​ភិ​បា​ល ក្នុងការហាមឃាត់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ស្រដៀងគ្នាសម្រាប់ភេសជ្ជៈមានជាតិស្ករ និងផលិតផលគ្រឿងស្រវឹង។

ក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia)បានលើកឡើងថា៖ វិធានការនេះបានឆ្លើយតបទៅនឹងគោលជំហរដែលគាំទ្រដោយភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ វាបង្ហាញពីការប្តេជ្ញារួមគ្នាចំពោះការពង្រឹងការប្រកួតប្រជែង និងការអនុវត្តទីផ្សារដោយការទទួលខុសត្រូវ។

Cambrew Ltd បានបន្តទៀតថា៖

« វិធានការនេះជាជំហានដ៏វិជ្ជមាន និងចាំបាច់មួយ ដែលមិនត្រឹមតែការពង្រឹងការប្រកួតប្រជែង និងការអនុវត្តទីផ្សារដោយការទទួលខុសត្រូវ តែថែមទាំងដើម្បីលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ និងក្នុងបរិមាណសមស្រប ព្រមទាំងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់»។

ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈដែលមានទំនួលខុសត្រូវមួយ Cambrew Ltd​ មានជំនឿយ៉ាងមុតមាំថា កំណើនប្រកបដោយនិរន្តរភាពគួរតែផ្អែកលើគុណភាពផលិតផល គុណតម្លៃនៃម៉ាកសញ្ញា និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ ការផ្តល់រង្វាន់លើសលប់ ជាពិសេសតាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផល អាចបង្កើតនូវទម្លាប់នៃការទិញ ហើយទទួលទានលើសពីតម្រូវការជាក់ស្តែង ពោលគឺអាចទទួលទានក្នុងបរិមាណលើសលប់។ ហេតុដូច្នេះ ទើបចាប់តាំងពីឆ្នាំ ២០២២ មក Cambrew Ltd គឺជាក្រុមហ៊ុនស្រាបៀរដំបូងគេ និងតែមួយគត់ ដែលបានសម្រេចបញ្ឍប់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរ ចេញពីយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា វិធានការហាមឃាត់នេះនឹងរួមចំណែកធ្វើឲ្យទីផ្សារភេសជ្ជៈនៅកម្ពុជា កាន់តែមានភាពស្របគ្នាទៅនឹងការអនុវត្តល្អបំផុតជាអន្តរជាតិ ព្រមទាំងគាំទ្រដល់សុខុមាលភាពសាធារណៈរយៈពេលវែង និងអភិវឌ្ឍឧស្សាហកម្មភេសជ្ជៈនៅកម្ពុជាប្រកបដោយនិរន្តរភាព។

Cambrew Ltd នឹងគោរពយ៉ាងពេញទំហឹងចំពោះវិធានការនេះ ហើយបន្តប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាពីការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព។

ក្រុមហ៊ុន បានបន្ថែមថា៖ការហាមឃាត់នេះនឹងជួយពង្រឹងទីលានប្រកួតប្រជែងដោយស្មើភាព និងមានតម្លាភាព ដោយកាត់បន្ថយការពឹងផ្អែកលើការប្រកួតប្រជែងតាមរយៈការផ្តល់រង្វាន់ដែលគ្រាន់តែផ្តោតលើកំណើននៃការលក់រយៈពេលខ្លីប៉ុណ្ណោះ។តាមរយៈវិធានការនេះ   ការប្រកួតប្រជែងនឹងងាកមកផ្តោតសំខាន់លើគុណភាពផលិតផល ការបង្កើតភាពលេចធ្លោនៃផលិតផល ភាពច្នៃប្រឌិត នវានុវត្តន៍ គុណភាពសេវាកម្មអតិថិជន និងការកំណត់តម្លៃសមស្របជំនួសវិញ។ កត្តាទាំងនេះ នឹងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយនិរន្តរភាព និងពង្រឹងរចនាសម្ព័ន្ធទីផ្សារដែលមានការប្រកួតប្រជែងដោយការទទួលខុសត្រូវ និងមានតម្លាភាព ដែលជាប្រយោជន៍ដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មភេសជ្ជៈទាំងមូល។

ក្នុងគោលបំណងធានាការប្រកួតប្រជែងដោយស្មើភាព ក្រុមហ៊ុន Cambrew Ltd បានលើកលើកឡើងថា៖ទោះបីជាការហាមឃាត់ការផ្តល់រង្វាន់តាមក្រវិលកំប៉ុង ឬគម្របផលិតផល គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការប្រកួតប្រជែង  ក្រុមហ៊ុនយល់ឃើញថា ប្រសិទ្ធភាពពិតប្រាកដគឺអាស្រ័យលើការអនុវត្តដោយស្មើភាពគ្នា និងភាពស្របគ្នាតែមួយ។ ក្នុងស្មារតីជាដៃគូស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដើម្បីជួយពង្រឹងបរិយាកាសប្រកួតប្រជែងដោយស្មើភាព និងមានតម្លាភាពកាន់តែប្រសើរនោះ ខេមប្រ៊ូវ បានលើកជាសំណូមពរចំនួន៥ចំណុច រួមមាន៖

១- អនុវត្តដោយស្មើភាពគ្នា និងស្របគ្នាតែមួយ ចំពោះអ្នកផលិត និងអ្នកនាំចូលទាំងអស់ ដើម្បីធានាថាមិនមានភាពចន្លោះប្រហោង ឬមានយន្តការជំនួសការផ្តល់រង្វាន់ក្នុងទម្រង់ដទៃទៀតដើម្បីគេចវេសពីវិធានការហាមឃាត់នេះ។

២-​បង្ការការលក់ក្នុងតម្លៃថោកខ្លាំង និងការលក់បញ្ចុះតម្លៃហួសហេតុ ដែលអាចនឹងមកជំនួសការផ្តល់រង្វាន់ ហើយនៅតែអាចបន្តជំរុញការពិសាក្នុងបរិមាណលើសលប់។

៣-​ បន្តចូលរួមពង្រឹងតម្លាភាព និងអនុលោមភាព តាមរយៈយន្តការត្រួតពិនិត្យតាមដានពីការប្រកាសទិន្នន័យលក់ សកម្មភាពជំរុញការលក់ និងការធ្វើទីផ្សារ ដើម្បីធានាថាប្រតិបត្តិការទាំងអស់មានអនុលោមភាពស្របតាមសារពើពន្ធ និងបទប្បញ្ញត្តិជាធរមាន។

៤- គាំទ្រដល់ការធ្វើសវនកម្មដោយស្ថាប័នឯករាជ្យ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ការអនុវត្ត និងអនុលោមភាពជាប្រចាំឆ្នាំនៃប្រតិបត្តិការទាំងអស់ និងដើម្បីពង្រឹងភាពជឿជាក់នៃអ្នកវិនិយោគក្នុងឧស្សាហកម្មនេះ និងធានាថាអ្នកពាក់ព័ន្ធទាំងអស់រួមចំណែកដល់សេដ្ឋកិច្ចជាតិ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា