ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន គឺជាកាលានុវត្តដ៏សមស្របសម្រាប់ជំរុញកិច្ចសហប្រត្តិបការធុរកិច្ចនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ អ្នកឧកញ៉ា ចង់ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងពង្រឹងភាពជាដៃគូយូរអង្វែងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
អ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារជាមួយ ឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានមានប្រសាសន៍ឱ្យដឹងថា ៖ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានចាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងចង់ពង្រីកវិសាលភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត។

ឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានកត់សម្គាល់ពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជម្រាបជូនអំពីគម្រោងវិនិយោគ និងការពង្រីកវិសាលភាពពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។

ឯកឧត្តមក៏បានយល់ស្របចំពោះការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលនឹងជួយជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគនៃប្រទេសទាំងពីរ។
ឯកឧត្តម ក៏បានលើកឡើងថា៖
«កិច្ចពិភាក្សាការងារនាថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ»។
ជាមួយគ្នានោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបជូនគណៈប្រតិភូអារ៉ាប៊ីសាអូឌីត អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាសក្តានុពលទេសចរណ៍ វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ខណៈប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព មានភាពទាក់ទាញ និងមានភាពសម្បូរបែប។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាច្រកសម្រាប់ការស្វែងរកដៃគូរវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត























