ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្ដប្រកាសតម្កល់កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបញ្ហាទឹកដី និងប្រជាជន ដែលត្រូវតែបន្ដយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយ ហើយរាជរដ្ឋាភិបាលមិនបោះបង់កាតព្វកិច្ចនេះឡើយ ពោល គឺការពារអធិបតេយ្យជាតិទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី បានថ្លែងដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសម្ដេចធិបតី មានប្រសាសន៍ថា បើទោះបីមិនបានរៀបរាប់លម្អិតអំពីវិធានការនានា ប៉ុន្ដែកិច្ចការអាទិភាពខាងលើនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់ជាប្រចាំចាប់តាំងពីដំណាក់កាលនៃការផ្ទុះអាវុធលើកទី១ និងបន្ដមកលើកទី២នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖
«ខ្ញុំសុំមិនរៀបរាប់លម្អិតទៅលើបញ្ហា ឬវិធានការក្នុងការដោះស្រាយ ប៉ុន្ដែអ្វីដែលសំខាន់ ខ្ញុំចង់បញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលតាំងពីដើមទី តាំងពីការផ្ទុះអាវុធលើកទី១ និងទី២ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល »។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ទី១- ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២- ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ហេតុនេះ កម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬ តាមរយៈការប្រើប្រាស់កម្លាំង។
ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេស ឬក្រៅប្រទេស ពិសេសយុវជនដែលកន្លងទៅបានបង្ហាញស្មារតីរួមគ្នា នៅក្នុងការជួយដល់វីរកងទ័ព វីរនគរបាលជាតិ ជួយទៅដល់ជនភៀសសឹក ដែលនេះជាស្មារតីស្នេហាជាតិមួយធំណាស់ និងជាកម្លាំងជាតិមួយដ៏ធំចេះជួយគ្នានៅក្នុងគ្រាលំបាក។

ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងផងដែរថា រាល់វិធីសាស្ត្រទាំងឡាយដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើសយកវិធីសាស្ត្រនោះ ដូច្នេះ សូមការយោគយល់ដែលរាជរដ្ឋាភិបាល មិនអាចបង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហាជម្លោះទឹកដីជាមួយថៃ តែរាជរដ្ឋាភិបាល បាន និងកំពុងប្រឹងប្រែងដោះស្រាយ៕






















