បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់ប៉ែកខាងត្បូង ក្នុងខណ្ឌដង្កោ​ កំពុងប្រែក្លាយពីតំបន់ស្ងាត់ទៅ​ជា​តំបន់​លំនៅឋាន​ដ៏ទាក់ទាញ​

តំបន់ប៉ែកខាងត្បូង ក្នុងខណ្ឌដង្កោ​ កំពុងប្រែក្លាយពីតំបន់ស្ងាត់ទៅ​ជា​តំបន់​លំនៅឋាន​ដ៏ទាក់ទាញ​

ភ្នំពេញ ៖ តំបន់​ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោ​ នាពេលបច្ចុប្បន្ននេះ បាន និងកំពុងបន្តផ្លាស់ប្ដូរមុខមាត់ថ្មីនៃការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាមួយវត្តមានគម្រោងសំណង់តូចធំ ជាពិសេស បុរី លំនៅឋានតម្លៃមធ្យម ផ្សារទំនើប សាលាឯកជន ព្រមទាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វាត់ខ្វែងយ៉ាងធំទូលាយ ងាយស្រួលធ្វើដំណើរ ដែលផ្ទុយស្រឡះ ខុសពីមុន ជា​តំបន់ស្ងប់ស្ងាត់ លិចទឹក និងជាវាល​ស្រែ​ ជាពិសេស ប្រឈមនឹងភាពអសន្តិសុខ​។​

Advertisement

ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃការ​ប្រែ​ក្លាយពីតំបន់​ស្ងប់ស្ងាត់ទៅជា​តំបន់ដែលមានភាពទាក់ទាញយ៉ាង​លឿនរហ័ស​បែបនេះ ត្រូវ​បាន​មើល​ឃើញថា កើតមាន​បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តតាមផែនការពង្រីករាជធានី តាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ​តភ្ជាប់​ទៅកាន់បណ្តាញផ្លូវមេធំៗជា​បន្ត​បន្ទាប់ ជាក់ស្ដែង​ផ្លូវព្រៃស តភ្ជាប់ពីផ្លូវជាតិលេខ​៣ មកកាន់​ផ្លូវ​ចម្ការដូង រួមជាមួយនឹងផ្លូវក្រវាត់ក្រុង​ទី២ បានធ្វើឱ្យតំបន់​ព្រៃស ​និងតំបន់ពាក់ព័ន្ធ ចាប់ផ្តើមមានសកម្មភាពសាងសង់​គម្រោងលំនៅឋានជាហូរហែ ដោយក្នុងនោះ​ រួមមានទាំងគម្រោងបុរីលំនៅឋាន​​តម្លៃមធ្យម​ និងតម្លៃខ្ពស់​ ​ហាងអាហារដ្ឋានបែបទំនើបៗ ដែលកាន់តែជំរុញឱ្យ​មនុស្សចូលទៅរស់​នៅទីនោះកាន់តែច្រើនឡើងៗ ។​

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានមានប្រសាសន៍ថា ក្នុ​ងចំណោម​តំបន់​នានានៅជាយរាជធានីភ្នំពេញ សម្រាប់ខណ្ឌ​ដង្កោ ជា​តំបន់មួយ​ដែលនៅមាន​កំណើនតម្លៃដី ពីព្រោះថា​តំបន់​នេះ​នៅមានដីទំនេរ​ច្រើនសម្រាប់​ការអភិវឌ្ឍ​​ ដូចជា ​បុរី បណ្តុំលំនៅឋាន ឃ្លាំង និងរោងចក្រ​ជាដើម ។​

លោកបន្តថា ​៖ តំបន់​ប៉ែកខាងត្បូង​ភ្នំពេញ​មួយនេះនៅតែមានសក្ដានុពល​ក្នុងការ​អភិវឌ្ឍ​ គឺស្របទៅតាម​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​ ជាក់ស្ដែង​ប្រព័ន្ធរំដោះទឹក​ជំនន់​នៅប៉ែកខាត្បូង​ក៏ត្រូវ​បាន​សាងសង់​រួចជាស្រេច ព្រលានយន្តហោះអន្តរជាតិតេជោក៏បានដាក់ដំណើរការ​ ខណៈគម្រោងអភិវឌ្ឍន៍របស់រដ្ឋ​មួយចំនួន​ទៀត​ក៏ត្រៀម​នឹង​អភិវឌ្ឍន៍​នាពេលខាងមុខនេះដែរ ។​

អ្នកស្រី អាន ធីតា អគ្គនាយិកា​ក្រុមហ៊ុន​ PropNex Cambodia បានលើកឡើងថា តំបន់​ប៉ែកខាងត្បូងភ្នំពេញ មានការអភិវឌ្ឍលើ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជា​បន្តបន្ទាប់ ហើយតាមរយៈការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធទាំងនេះ បានធ្វើឱ្យតំបន់មួយនេះបន្តមានភាពទាក់ទាញ​អ្នកវិនិយោគឱ្យចូលបណ្ដាក់ទុនវិនិយោគ ​និងអភិវឌ្ឍ​លើ​គម្រោងរបស់ពួកគេ ជាក់ស្ដែង​ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់​ប៉ែកខាងត្បូង​ នៅតែមានសកម្មភាពសាងសង់គម្រោងនានា ហើយក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ផងដែរ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា