ភ្នំពេញ ៖ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃ បានជំរុញឱ្យតម្លៃសេវាកម្មដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញ ទៅបណ្ដាខេត្តហក់ឡើងថ្លៃតាមគ្នាដែរចំពេលរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ភ្នំពេញ ៖ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃ បានជំរុញឱ្យតម្លៃសេវាកម្មដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញ ទៅបណ្ដាខេត្តហក់ឡើងថ្លៃតាមគ្នាដែរចំពេលរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក កាក់ គ្រី អ្នកប្រកបរបរបើករថយន្តឈ្នួលពីភ្នំពេញទៅស្រុកកំពង់ត្រាច ខេត្តកំពត និងពីកំពង់ត្រាចមកភ្នំពេញ បាននិយាយថា ថ្លៃឈ្នួលដឹកជញ្ជូននាពេលបច្ចុប្បន្នបានដំឡើងពី ៣ម៉ឺនរៀល ទៅ ៥ម៉ឺនរៀលសម្រាប់មនុស្សម្នាក់ ដែលការដំឡើងនេះអាស្រ័យដោយតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់រហូតដល់ជាង៨ពាន់រៀលក្នុងមួយលីត្រ។
លោកបានបញ្ជាក់ថា ៖
«កាលពីមុន តម្លៃប្រេងម៉ាស៊ូតត្រឹមជាង ៣៨០០រៀលក្នុងមួយលីត្រ ខ្ញុំយកថ្លៃសេវាពីភ្ញៀវត្រឹមតែ ៣០ ០០០រៀល ឬ ៣៥ ០០០ពាន់រៀលប៉ុណ្ណោះក្នុងម្នាក់ ប៉ុន្តែសព្វថ្ងៃប្រេងម៉ាស៊ូតបានហក់ឡើងដល់ ៨២០០រៀលហើយ ខ្ញុំក៏សុំភ្ញៀវឡើងថ្លៃ ៥០០០០រៀលក្នុងម្នាក់ទើបអាចសល់លុយចំណេញតិចតួច»។
លោកបន្តថា តម្លៃនេះ គឺមិនជាចំណេញប៉ុន្មានទេ ពីព្រោះថាប្រេងបានឡើង ១ គុណជា ២ទៅហើយ តែសម្រាប់សេវាកម្មរថយន្តដឹកជញ្ជូនគឺសុំឡើងមិនដល់៥០ភាគរយទេ មានន័យថា អត្រាតម្លៃសេវារថយន្តឈ្នួលឡើងតិចជាងអត្រាតម្លៃប្រេងម៉ាស៊ូតទៅទៀត ។
ដោយឡែក សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោក កាក់ គ្រី បានបញ្ជាក់ថានឹងមិនឡើងថ្លៃទៀតទេ គឺសុំត្រឹមតម្លៃឈ្នួលដូចបច្ចុប្បន្នដដែល ដើម្បីសម្រួលដល់ការចំណាយរបស់ពលរដ្ឋទៅលេងស្រុកកំណើត បើសិនជាតម្លៃប្រេងនៅរក្សាត្រឹម៨២០០រៀលក្នុងមួយលីត្រ ប៉ុន្តែបើប្រេងបន្តឡើងថ្លៃហើយកាន់តែឡើងថ្លៃខ្ពស់ទៀត លោកអាចនឹងសុំភ្ញៀវឡើងបន្តិចទៀត ។
លោក ទី ចន អ្នករត់រថយន្តឈ្នួល កំពត-ក្រុងព្រះសីហនុ ក៏បានឱ្យដឹងដែរថា មុនពេលប្រេងឡើងថ្លៃ អ្នករត់រថយន្តឈ្នួលភាគច្រើន រួមទាំងរូបលោកផងដែរ រកចំណូលមិនសូវបាននោះទេ ហើយនៅពេលតម្លៃប្រេងឡើងថ្លៃទៀតរឹតតែធ្វើឱ្យការរកចំណូលពីមុខរបរមួយនេះកាន់តែពិបាក។ មុនពេលប្រេងឡើងថ្លៃ តម្លៃដឹកជញ្ជូនមនុស្សម្នាក់ពីខេត្តកំពត ទៅក្រុងព្រះសីហនុ ត្រឹមតែ ៣ម់ឹនរៀលប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានដំឡើងដល់ ៤ម៉ឺនរៀល។

លោកបន្តថា ៖
«កាលពីប្រេងមិនទាន់ឡើងថ្លៃនៅអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានសមរម្យ ដោយអាចសល់មួយថ្ងៃជាង១០ម៉ឺនរៀលចូលផ្ទះសម្រាប់ទ្រង់ទ្រង់ជីវភាពផង និងសម្រាប់ទុកបង្ការពេលឡានខូចផង ។ ប៉ុន្តែនៅពេលប្រេងឥន្ធនៈឡើងថ្លៃ ការរកចំណូលកាន់តែពិបាក រកតែ ៤ម៉ឺនរៀលសឹងមិនបានផង ហើយថ្ងៃខ្លះ អត់មានសល់តែម្ដង ហើយបើសិនជាមិនដំឡើងថ្លៃសេវាទេ គឺមានតែយកលុយពីផ្ទះទៅចាក់ប្រេងដើម្បីរត់»។
លោកបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកមិនមានគម្រោងឡើងថ្លៃទៀតនោះទេ ប៉ុន្តែ ប្រសិនបើតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ លោកនឹងបញ្ចុះតម្លៃឈ្នួលមកនៅធម្មតាដូចគ្នា ពីព្រោះថាការឡើងថ្លៃឈ្នួលដឹកជញ្ជូននេះ វាមិនធ្វើឱ្យចំណេញនោះទេ មានតែខាត ដោយសារតែអត់មានភ្ញៀវដឹក ។
សូមជម្រាបជូនផងដែរថា តម្លៃសេវាដែលរៀបរាប់ខាងលើនេះ គឺជាប្រភេទរថយន្តទេសចរណ៍ ឬសាំងយ៉ុង ដែលប្រើប្រេងម៉ាស៊ូត ។ សម្រាប់រថយន្ត VIP មានម៉ាស៊ីនត្រជាក់ ឬជាប្រភេទរថយន្តទំនើប តម្លៃសេវាអាចនឹងខ្ពស់ជាងនេះ អាស្រ័យទៅតាមប្រភេទរថយន្ត និងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានប្រកាសត្រៀមរថយន្តក្រុងសាធារណៈចំនួន៥០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញវិញ ។ ដូច្នេះ ពលរដ្ឋដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញ អាចជ្រើសរើសយកសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋដោយមិនគិតថ្លៃ ថែមទាំងមានផ្ដល់ជូនទឹកបរិសុទ្ធពិសារក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋទៀតផង ៕
