កំពង់ចាម ៖ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០៦នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨% ហើយកំពុងបំពេញការងារយ៉ាងមមាញឹក ដើម្បីសម្រុកបង្ហើយកិច្ចការដែលនៅសេសសល់ឱ្យចប់សព្វគ្រប់តាមផែនការ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ សម្រេចបានជិត៩០ភាគរយហើយ ដោយក្រុមការងារជំនាញកំពុងមមាញឹកក្នុងការស្ថាបនា ដើម្បីឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុក។
ក្នុងពេលការដ្ឋានកំពុងមមាញឹកនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអំពាវនាវឱ្យអ្នកធ្វើដំណើរដែលប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅកំពង់ចាម មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ហើយក៏សូមអធ្យាស្រ័យ និងអរគុណចំពោះប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ខ្ពស់ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧នេះ។
គួរជ្រាបថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង បានបើកការដ្ឋានកាលពីខែមករា ឆ្នាំ២០២៣ ដោយនៅក្នុងផែនការត្រូវប្រើពេលសាងសង់ចំនួន ៤០ខែ ហើយបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ ក្រោមខ្ទង់ចំណាយថវិកាជាង១០០លានដុល្លារអាម៉េរិក។ ក្រោយពេលបញ្ចប់ការសាងសង់ទាំងស្រុង ផ្លូវជាតិមួយខ្សែនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងធ្វើដំណើរក្នុងនាមជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់តភ្ជាប់ទៅកាន់ខេត្តភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាពិសេស សម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញភ្ញៀវទេសចរ៕