បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងកម្ពុជា

ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងកម្ពុជា

របាយការណ៍ស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចអាស៊ី និងប៉ាស៊ីហ្វិក ក្នុងនោះរួមមានកម្ពុជាផងដែរ។

Advertisement

យោងតាមរបាយការណ៍ស្រាវជ្រាវ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចេញផ្សាយនៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០២៦ បង្ហាញថា ជម្លោះនៅមជ្ឈិមបូព៌ាអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិករហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២ ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពលមានរយៈពេលច្រើនជាងមួយឆ្នាំ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា៖

ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយ គឺកំណើនខ្សោយនិងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់រយៈពេលវែង។”

របាយការណ៍ស្រាវជ្រាវនោះបង្ហាញថា ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍និងការផ្ទេរប្រាក់ពីបរទេស ក៏អាចរងផលប៉ះពាល់ផងដែរ។

លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិតសភាពកម្ពុជា មើលឃើញថា របាយការណ៍របស់ធនាគារ ADB បានបង្ហាញភាពពិត អំពីផលប៉ះពាល់លើសេដ្ឋកិច្ច និងអតិផរណាប្រទេសក្នុងតំបន់រួមមានកម្ពុជាផងដែរ។

លោកបណ្ឌិត បានថ្លែងថា៖

ចង់ឬមិនចង់ កម្ពុជាយើងជាប្រទេសនាំចូលប្រេងឥន្ឋនៈ ១០០%​ ពិតណាស់គឺយើងមានផលប៉ះពាល់ពីវិបត្តិពិភពលោកជាពិសេសនៅក្នុងផ្នែកសេដ្ឋកិច្ចនេះ  យើងឃើញហើយ តម្លៃប្រេងនៅលើទីផ្សារក្នុងប្រទេសមានការប្រែប្រួលជារៀងរាល់ថ្ងៃ។”

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញផងដែរថា បើសិនជាជម្លោះនៅមជ្ឈិមបូព៌ា បន្តអូសបន្លាយរយៈពេលយូរ ហើយវិបត្តិថាមពលនៅបន្តកើតមាន នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជា ពិសេសពាក់ព័ន្ឋជាមួយនឹងជីវភាពរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ដែលអាចប្រឈមនឹងហានិភ័យកាន់តែខ្លាំង។

ការផ្គត់ផ្គង់ថាមពលមកដល់ពេលនេះ វាមានការខ្វះខាតដោយអន្លើហើយ ហើយម្យ៉ាងទៀតតម្លៃថាមពលនឹងក៍កំពុងឡើងថ្លៃខ្លាំង វាជះឥទ្ឋិពលផ្ទាល់តែម្តងទៅលើជីវភាពពលរដ្ឋ កំណើនសេដ្ឋកិច្ច ក៍ដូចជាខ្សែចង្វាក់ផលិតកម្មមួយចំនួនដែរ។”

របាយការណ៍ស្រាវជ្រាវរបស់ធនាគារADB ក៍បានបង្ហាញពីការឆ្លើយតបគោលនយោបាយសំខាន់ៗចំនួន ០៤ ចំណុចរួមមាន១. គោលនយោបាយគួរតែផ្តោតលើ ការរក្សាស្ថិរភាពជាជាងការលាក់បាំងកម្រិតថ្លៃជាក់ស្តែង។ ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ អាចលើកទឹកចិត្តដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើប្រភពថាមពលជំនួស។ ការគ្រប់គ្រងថ្លៃ ឬការឧបត្ថម្ភធនច្រើន អាចជាប្រាក់លើកទឹកចិត្តខុសគោលដៅ ការពន្យារពេលការកែតម្រូវ និងការប្រើប្រាស់ធនធានមិនត្រឹមត្រូវ។

២.ការគាំទ្រសារពើពន្ធ ដែលចាំបាច់គួរតែត្រូវបានកំណត់គោលដៅនិងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ វិធានការដែលមានគោលដៅត្រឹមត្រូវ អាចទប់ទល់នឹងផលប៉ះពាល់សង្គម ដែលបណ្តាលមកពីការកើនឡើងនៃថ្លៃ ហើយទប់ស្កាត់ចំណាយសារពើពន្ធ និងកំណត់ប្រាក់លើកទឹកចិត្តដើម្បីឆ្លើយតបនឹងវិបត្តដែលកើតឡើង។

៣.ជាមួយគ្នានេះ ធនាគារកណ្តាលគួរតែផ្តោតលើការកំណត់ការប្រែប្រួលទីផ្សារហួសហេតុ ហើយតាមដានមើលនិន្នាការអតិផរណា។ អាទិភាពគួរតែផ្តល់ដល់សន្ទនីយភាពគោលដៅ ដើម្បីរក្សាដំណើរការទីផ្សារប្រកប​ដោយសណ្តាប់ធ្នាប់។ ការរឹតបន្តឹងគោលនយោបាយខ្លាំងពេក ប្រថុយប្រថាននឹងឧបសគ្គកាន់តែធំសម្រាប់កំណើន និងធ្វើឱ្យភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លះអាចល្អ ហើយការផ្តល់បច្ចុប្បន្នភាពច្បាស់​លាស់ពីធនាគារកណ្តាលមានសារៈសំខាន់ណាស់ ដើម្បីរក្សាការព្យាករអតិផរណាឱ្យមានស្ថិរភាព។

និង៤.រដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំ​ណត់​សីតុណ្ហភាពសម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនីនិងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា។ ការលើកទឹកចិត្តការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងថ្ងៃដែលគ្មានរថយន្តនៅក្នុងតំបន់ទីក្រុងនៅថ្ងៃឈប់សម្រាកសាធារណៈ ក៏អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការដឹកជញ្ជូនផងដែរ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា