បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ ៖ អ្នកស្វែងរកទិញនៅតែមាន​ ប៉ុន្តែ​ផ្ដោតលើ​តម្រូវការ​ជាក់ស្ដែង និងមានតម្លៃទាប​

បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ ៖ អ្នកស្វែងរកទិញនៅតែមាន​ ប៉ុន្តែ​ផ្ដោតលើ​តម្រូវការ​ជាក់ស្ដែង និងមានតម្លៃទាប​

ភ្នំពេញ ៖ ​​ ចរន្តនៃការ​ទិញ-លក់អចលនទ្រព្យ​នៅលើទីផ្សារ​កម្ពុជា ទាំង​នៅក្នុងឆ្នាំ២០២៥កន្លងទៅ និងឆ្នាំ២០២៦​នេះ នៅតែបន្ត​មានសកម្មភាពជាហូរហែរ ប៉ុន្តែមិន​ច្រើន​នោះទេ ដោយអ្នកទិញ​​ក្នុងអំឡុងពេលនេះ​ ភាគច្រើន​ជាអ្នកដែលមានតម្រូវការ​ជាក់ស្ដែង ហើយអចលនទ្រព្យ​ដែលពួកគេ​ស្វែងរកទិញនោះទៀតសោត ក៏ជា​ប្រភេទអចលនទ្រព្យ​ដែលមានតម្លៃសមរ​ម្យ​ ឬតម្លៃទាបជាងទីផ្សារ។

Advertisement

អ្នកស្រី អាន សុធីតា អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៥​កន្លងទៅ និង​ឆ្នាំ២០២៦​នេះ ហាក់មិនខុសគ្នានោះទេ​ ពោលគឺនៅតែមានអ្នកកាន់លុយស្វែងទិញ ប៉ុន្តែវាជាតម្រូវការពិតប្រាកដ​​ដូចជាសម្រាប់សាងសង់លំនៅឋានស្នាក់នៅ និងសាងសង់ឃ្លាំងជាដើម ដែលវាមិនមែនទិញទុកលក់យកចំណេញនៅពេលអនាគតនោះទេ និងផ្ដោតទៅលើ​អចលនទ្រព្យ​ណា​ដែលមានតម្លៃសមរម្យ​ប៉ុណ្ណោះ។

អ្នកស្រីបន្តថា ៖

«កាលពីមុន​ ការទិញលក់អចលនទ្រព្យ​ធ្វើឡើងក្នុង​រយៈពេលខ្លីៗ ដែលមានន័យ​អ្នកទិញ​ដើម្បីទុកលក់​ក្នុងពេល​ចំណេញ ដោយមិនប្រើពេលយូរ គឺទិញភ្លាម​ប្រកាស​លក់​វិញភ្លាម តែមកដល់ឆ្នាំ២០២៥ ​និង២០២៦​នេះ អ្នកទិញអចលនទ្រព្យ​គឺទិញយកទៅប្រើប្រាស់តែម្ដង ហើយម្យ៉ាងទៀត​ អ្នកទិញអចលនទ្រព្យនៅអំឡុងពេលនេះ ក៏ទិញដោយប្រុង​ប្រយ័ត្ន ដោយមិន​យក​ប្រាក់កម្ចីពីធនាគារ​មកទិញឡើយ គឺប្រើប្រាស់សាច់ប្រាក់ដែលខ្លួន​មាន​»។

អ្នកស្រីបន្តទៀតថា ចំពោះការ​ជួលអចលនទ្រព្យ​ក៏មានការ​ប្រកួ​តប្រជែង​ខ្លាំង​ដែរ គឺម្ចាស់ទ្រព្យធ្វើយ៉ាងណាដើម្បីឱ្យតែ​អាចជួល​បាន ខណៈកាលពីគ្រាមុន​ទាល់តែជួល​បាន​តម្លៃថ្លៃ ក្នុងរយៈពេលយូរ ទើបពួកគេព្រម​​ជួល ប៉ុន្តែបច្ចុប្បន្ន​នេះ ទោះបីជា​ជួល​បាន​តម្លៃត្រឹមតែ ​៥០ ឬ ៦០ភាគរយ​នៃតម្លៃទីផ្សារ​ក៏ម្ចាស់ទ្រព្យបង្ខំចិត្ត​ជួល​ឱ្យដែរ ដោយ​យ៉ាងណា​ឱ្យ​តែមានចំណូល​ត្រលប់មកវិញ​បានខ្លះ​ ។

អ្នកស្រីបន្ថែមថា ៖

«នៅលើទីផ្សារ​អចលនទ្រព្យ​បច្ចុប្បន្ន​នេះ យើងឃើញថា ​វិស័យឧស្សាហកម្ម​បាន​ចូលរួម​ចំណែកដល់ការ​ទិញលក់ដីធ្លីច្រើន ក្នុងនោះខេត្តកំពង់ស្ពឺ ​កណ្ដាល កំពត និងខេត្តព្រះសីហនុ​ ជាទីតាំង​ដែល​មានតម្រូវការ​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​ ។ តំបន់ទាំងអស់​នេះ​ មានការ​វិនិយោគ​លើវិស័យឧស្សាហកម្ម មានរោងចក្រ​ សហគ្រាស តំបន់សេដ្ឋកិច្ច និងមានការ​សាងសង់​សំណង់​ជា​បន្ត​បន្ទាប់» ។

លោក​ ប៉ូ អ៊ាវ​គង់ អគ្គ​នាយក​ក្រុមហ៊ុនអចលនទ្រព្យ​  Advance បានមានប្រសាន៍ថា​​ ការ​វិនិយោគលើវិស័យឧស្សាហកម្ម​នៅកម្ពុជាបានធ្វើឱ្យតម្រូវការ​អចលនទ្រព្យ ជាពិសេស​ដីធ្លី​នៅតែមានការទិញ-លក់ ឬជួល ហើយការទិញដីធ្លី​នា​សម័យនេះដែរ ក៏ទិញ​ដើម្បីអភិវឌ្ឍ​ន៍ មិនមែនទិញទុក​ដើម្បីចំណេញដូចមុនទៀតទេ ។ ប៉ុន្តែក៏មានអ្នក​វិនិយោគមួយចំនួន​បានទិញដីធ្លីទុក​ចំណេញដែរ ដោយទុក​រយៈពេលយូ​រ និងជា​ប្រភេទដីដែលគេដាក់​លក់​ក្នុងតម្លៃក្រោមទីផ្សារ​ខ្លាំង ។

លោក​បន្តថា សម្រាប់ឆ្នាំ២០២៦​នេះ ស្ថានភាពទីផ្សារ​អចលនទ្រព្យ មិនមានសញ្ញា​ថា​នឹង​ល្អ​ជាង​ឆ្នាំ២០២៥នោះទេ ប៉ុន្តែក៏មិនអាច​ធ្លាក់ជាង​នេះដែរ​ ។ ការ​វិនិយោគនៅតែបន្ត​ ជាក់ស្ដែង​រៀងរាល់ខែ​ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោងវិនិយោគជា​បន្ត​បន្ទាប់​​ ជាពិសេស​គម្រោងក្នុងវិស័យឧស្សាហកម្មតែម្ដង ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា