បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ភ្នំពេញ ៖ ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។ អ្វីដែលពិសេស​នោះ ការ​ចុះបញ្ជី​ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលិតខ្មែរ​ក៏នឹង​ជំរុញ​ទីផ្សារឱ្យផលិតផល​នៃកាន់តែទូលំទូលាយ។

Advertisement

ឯកឧត្តម​ប៉ែក សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បានមាន​ប្រសាសន៍ថា​ ការ​ចុះបញ្ជី​ម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញ (GI) សម្រាប់ផលិតផលខ្មែរ គឺមានសារៈសំខាន់ណាស់ ដូចជា ​អាចបញ្ជាក់អត្តសញ្ញា​ណ និងប្រភពដើម ដោយ​GI ជួយបញ្ជាក់ថា​ផលិតផលមកពីតំបន់​ណាជាក់លាក់ និងមានគុណភាពឬ​លក្ខ​ណៈពិសេស​ពាក់ព័ន្ធនឹង​ភូមិសាស្ត្រ​នោះ ។ ក្រៅពីនេះ វា​បានជួយបង្កើន​តម្លៃផលិតផល ជាក់ស្ដែង​ផ​លិ​តផល​ដែលមាន GI អាច​លក់​ក្នុង​តម្លៃខ្ពស់ជាង ព្រោះមានការទទួល​ស្គាល់​ស្គាល់ពីគុណភាពនិងភាពពិសេ​ស។

ឯកឧត្តមបានបន្តថា បន្ថែមពីលើ​នេះ ការ​ចុះបញ្ជី​បញ្ជីម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញលើផលិតផល​ខ្មែរ​នេះ ក៏អាចការ​ពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ ដោយជួយទប់ស្កាត់​ការប្រើប្រាស់​ឈ្មោះ ផលិតផលដោយមិនត្រឹម​ត្រូវ​ពីអ្នក​ផលិតក្រៅតំបន់ ជាពិសេស​វា​បានជួយលើកស្ទួយកេរ្តិ៍ឈ្មោះជាតិ បង្ហាញអត្តសញ្ញាណ និងវប្បធម៌ខ្មែរ​ទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យផលិតផលដែលចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រ​ កាន់តែមានទីផ្សារ​ទូលាយ។​

ឯកឧត្តម​ បានថ្លែងថា ​មកដល់ពេលបច្ចុប្បន្ន​នេះ ផលិតផលខ្មែរ​ចំនួន ១២ មុខ​ហើយដែលបានចុះបញ្ជី​ម៉ាក​ស​ម្គា​ល់​​​ភូមិសាស្ត្រ​ទំនិញ ក្នុងនោះរួមមាន​ម្រេច​កំពត ដែលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ  អំបិល​កំពត​កែប ប្រហុក​សៀមរាប ក្រូច​ថ្លុង​កោះទ្រង់ ទឹក​ត្រីកំពត-កែប ទឹកឃ្មុំព្រៃមណ្ឌលគិរី ស្ករត្នោត​កំពង់ស្ពឺ សូត្រ​ភ្នំស្រុក​ ក្ដាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំនិងស្វាយកែវរមៀត​ឧត្តរមានជ័យ។ លោកថា​៖

“ផលិត​ផល​ទាំង ១២ មុខនេះ បាននិងកំពុងជួយផ្ដល់កេរ្តិ៍ឈ្មោះដល់កម្ពុជា​លើឆាកអន្តរជាតិ ដោយមាន​ការ​ទទួលស្គាល់​ជាអន្តរជាតិ ជាពិសេសបានជួយលើកកម្ពស់សហគមន៍កសិករ​ដែលផលិតនូវមុខទំនិញទាំងនេះ។”​

លោក សំ សារឿន ប្រធានសមាគមលើ​កកម្ពស់ស្ករត្នោតកំពង់​ស្ពឺ បានមានប្រសាសន៍ថា ផលិតផលអ្វីក៏ដោយ​ បើសិនជាមានការការពារ​ មានកេរ្តិ៍ឈ្មោះ គឺត្រូ​វតែទទួលការ​គាំទ្រ និងជោគជ័យ ជាក់ស្ដែង​ស្ករត្នោតកំពង់​ស្ពឺ ចាប់តាំងពីបានចុះបញ្ជីម៉ាក សម្គាល់​ភូមិសាស្ត្រ​ទំនិញ បានធ្វើឱ្យតម្លៃ និងទីផ្សារ​ស្ករត្នោត​ផលិតឡើង​កសិករ​ក្នុង​សមាគមបានកើនឡើង​ជា​លំដាប់។

លោកបានបន្តថា​ មុនពេល​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ បានចុះបញ្ជីម៉ាក​ជាផលិតផល​សម្គាល់​ភូមិសាស្ត្រ តម្លៃស្ក​រមិនដែល​បានលើសពី ១០០០ រៀល​ក្នុងមួយគីឡូក្រាមទេ ប៉ុន្តែ​ចាប់តាំងពី​បានចុះបញ្ជី​សម្គាល់ភូមិសាស្ត្រ​​តម្លៃស្ករ​ត្នោតបានហក់ឡើងជា​បន្តបន្ទាប់ដែលរហូតមកដល់ពេលនេះ​មានតម្លៃ ជិត ​៨០០០ រៀល​ហើយក្នុងមួយគីឡូក្រាម ហើយ​នឹង​បន្តឡើងថ្លៃជា​បន្តបន្ទាប់ទៀត។

ដោយឡែក​ម្រេច​កំពតដែល​បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញ​ ក៏ឃើញថាទាំងទីផ្សារ និងតម្លៃ​បានកើនឡើង​ជាប្រចាំ ធ្វើឱ្យកសិករ​ដាំដុះម្រេច​ក្នុងសហគមន៍​មានជីវភាពធូរធា និង​បានពង្រីកផ្ទៃដីដាំដុះកាន់តែធំឡើងៗ។

លោក ស៊ីម សុទុម ប្រធានសមាគម​លើកកម្ពស់ម្រេច​កំពត ក៏បានលើកឡើងផងដែរថា ចាប់តាំងពីផលិត​ផល​ម្រេច​កំពត​បានចុះបញ្ជីម៉ាក​ជាផលិតផល​សម្គាល់​ភូមិសាស្ត្រ (​ GI ) បានធ្វើឱ្យផលិតផល​ម្រេច​កំពត​កាន់​តែមានកេរ្តិ៍ឈ្មោះល្បី​ទាំងក្នុងទីផ្សារ​ក្នុង​ប្រទេស​និងអន្តរជាតិ​ និងធ្វើឱ្យ​តម្លៃម្រេច​កំពត​ឡើងថ្លៃ​ជា​បន្ត​បន្ទាប់ ដោយបានធ្វើឱ្យជីវភាពកសិករ​ដាំម្រេច​ក្នុង​ខេត្តកំពតកាន់តែល្អប្រសើរ។​

លោកបានបន្តថា គិតត្រឹមដើមឆ្នាំ ២០២៦ នេះ តម្លៃម្រេច​កំពត​បានឡើងមួយកម្រិតទៀត ដោយម្រេច​ខ្មៅ​អាចលក់​បានក្នុងតម្លៃ ២០ ដុល្លារអាម៉េរិក​ ម្រេច​ក្រហម​អាចលក់​បានក្នុងតម្លៃ ២៩ ​ដុល្លារអាម៉េរិក ​និង​ម្រេច​ស លក់​បានក្នុងតម្លៃ ៣២ ​ដុល្លារអាម៉េរិក​ក្នុងមួយ​គីឡូក្រាម ហើយកសិករ​ខ្លះទៀត អាចលក់​បាន​លើស​នេះ​ទៅតាម​ក្រុមហ៊ុនដែលជា​ដៃគូ។​

គួរ​បញ្ជាក់​ថា ក្រៅពីការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានជំរុញឱ្យមានការ​ចុះបញ្ជីម៉ាក​លើ​ផលិតផល​ជាតិផ្សេងទៀត ដូចជាការ​ចុះបញញជីម៉ាក​ពាណិជ្ជសញ្ញា ដើម្បីការពារ​ការ​ក្លែងបន្លំ និងកសាងទំនុកចិត្ត​រវា​ងអ្នកផលិត និងអតិថិជន ចុះបញ្ជីម៉ាក​វិញ្ញាត្រ​កម្ម​ ដើម្បី​បញ្ជាក់ និងធានា​ស្តង់ដារ​គុណភាព ឬប្រភពដើមទំនិញ ឬប្រភពផលិត និង​ការ​ចុះបញ្ជី​ម៉ាកសមូហភាព​ដើម្បីការពារ​អត្តសញ្ញាណ​ និងបង្កើនតម្លៃម៉ាក តាមរយៈការ​ធានា​គុណភាព​និងទំនុកចិត្ត​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា