បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​ កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា។

Advertisement

កាលពីចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសមាគម​ឥស្លាម​នៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និង​សណ្ឋាគារ​ភ្នំពេញ បាន​ជួបប្រជុំ​ពិភាក្សាពីគម្រោង​នៃការ​បើក​ផ្លូវពី​ R4 តភ្ជាប់ពីតំបន់​បឹង​កក់​ ឆ្ពោះ​ទៅកាន់មហា​វិថីព្រះមុនីវង្ស ហើយជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា​នោះ ភាគីទាំងអស់​ បានឯកភាគ​លើការ​បើក​តម្រាយ​ផ្លូវ​នេះ ដើម្បី​សម្រួលដល់​ចរាចរណ៍ និងកាត់បន្ថយ​ការ​កកស្ទះ។

ការបើក​ផ្លូវ​ថ្មីនេះតំបន់ដែលមានចរាចរណ៍មមាញឹកនេះដែរ ក៏ជា​ផែនការ​យុទ្ធសាស្ត្រ​របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងការ​រៀបចំទីក្រុង​ឱ្យមានសណ្ដាប់ធ្នាប់​របៀបរៀបរយ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញ ។

អ្នកស្រី​ គៀត​ ផាវី ពលរដ្ឋ​រស់ខណ្ឌទួល​គោក​ រាជធានីភ្នំពេញ ដែលស្ថិតនៅ​ក្បែរ​តំបន់​បឹង​កក់​បានបង្ហាញ​ការសាទរ​ចំពោះ ដំណឹងពីការ​បើក​តម្រាយ​ផ្លូវ​តភ្ជាប់ពីតំបន់​បឹងកក់ទៅមហា​វិថី​ព្រះមុនីវង្ស។ អ្នក​ស្រី​បានលើកឡើង​ថា កន្លងមក ពេល​អ្នកស្រីធ្វើដំណើរ​ទៅកន្លែងធ្វើការ​ម្ដង​​ ពិតជាពិបាក​ ដោយសារតែផ្លូវ​ដែល​ត្រូវ​ឆ្លងកាត់ គឺកកស្ទះរៀងរាល់ពេលព្រឹក ​និងពេលល្ងាច ពីព្រោះតែពលរដ្ឋ​ដទៃទៀត​ក៏ត្រូវធ្វើដំណើរទៅធ្វើការ និង​ត្រលប់មកផ្ទះ។

អ្នកស្រីបន្តថា បើសិនជា​ផ្លូវ​មួយនេះ​ បើក​ឱ្យពលរដ្ឋបានឆ្លងកាត់​ នោះ​នឹងធ្វើឱ្យការ​ធ្វើដំណើររបស់អ្នកស្រី ក៏ដូចជា​ពលរដ្ឋ​ផ្សេងទៀត នឹង​កាត់បន្ថយពេលវេលា ហើយមិនធ្វើឱ្យមានការ​កកស្ទះ​ដូចជា​នៅតំបន់​រង្វង់​មូល​គួចកាណុង និង​ស្តុបក្ដាន់ពីរជាដើម។

កញ្ញា ស៊ុំ ស្រីនុត ដែល​តែងតែធ្វើឆ្លងកាត់តំបន់​បឹងកក់ ដើម្បីទៅធ្វើការ​នៅតំបន់ជ្រោយចង្វា​រក៏បានលើកឡើងថា ការអភិវឌ្ឍ​ផ្លូវ​ថ្មីៗបន្ថែម​នៅក្នុងរាជធានីភ្នំពេញ នឹង​ជួយកាត់បន្ថយ​ការកកស្ទះបានមួយកម្រិត​ ពីព្រោះថា​បច្ចុប្បន្ន​ផ្លូវ​ស្ទើរតែគ្រប់​ខ្សែ​នៅភ្នំពេញ​ពោរពេញទៅដោយ​ចរារណ៍យ៉ាងមមាញឹក ហើយផ្លូវខ្លះបើសិនជាធ្វើដំណើរនៅពេល​បុគ្គលិក​ឬសិស្សានុសិស្ស​ចេញ គឺកកស្ទះមិនអាចទៅមុខ​បានទេ។​

ក្នុងរយៈពេលប៉ុន្មានមកនេះ រដ្ឋបាលរាជធានីភ្នំពេញបាន​កសាងផ្លូវ​ថ្មីៗ ជា​បន្ត​បន្ទាប់​នៅក្នុង​ដែន​ដីនៃរាជធានី ស្រ​បនឹង​កំណើនយានយន្តដោយសារតែកំណើនពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញកើនឡើង​ជា​លំដាប់។ ការ​សាងសង់​ផ្លូវថ្មីៗ​នេះដែរ ដើម្បីកាត់បន្ថយការ​កកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការ​សាងសង់ផ្លូវ​ថ្មីៗក៏នៅតែមិនអាច​រំដោះចរាចរណ៍បាន ១០០ ភាគរយ ដូច្នេះរាជរដ្ឋាភិបា​លក៏បាន​បញ្ចេញថវិកា​រាប់សិបលានដុល្លារ​សាងសង់​ស្ពានអាកាស​នៅតំបន់ដែលមានការកកស្ទះខ្លាំង ដែលរហូតមកដល់ពេលនេះរដ្ឋាភិបាល​បានសង់​ស្ពានអាកាស​ចំនួន​៨ហើយរួមមាន​ ស្ពានអាកាស​៧មករា ស្ពានអាកាសស្ទឹង​មានជ័យ ស្ពានអាកាស​ព្រះមុនីវង្សចាស់ ស្ពានអាកាស​ព្រះមុនីវង្ស​ថ្មី ស្ពានអាកាស​មរតតេជោ ស្ពានអាកាស​តិចណូ ស្ពានអាកាស​ឬស្សីកែវ និងស្ពានអាកាស​ចោម​ចៅ ។​

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន​បានលើកឡើងពី​សុទិដ្ឋិនិយមនៃតម្លៃ និងការអភិវឌ្ឍ​អចលនវត្ថុ​នៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប ដូចជា​ផ្លូវ​ធំទូលាយ បំពាក់​ភ្លើង​បំភ្លឺពេលរាត្រី ជាក់ស្ដែង តំបន់​ដែល​ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មី​បានទាក់ទាញ​ការវិនិយោគច្រើន ធ្វើឱ្យតំបន់​នោះ កាន់តែរីក​ចម្រើន ដូចពាក្យមួយថា មានផ្លូវធ្វើឱ្យដីឡើងថ្លៃ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា