ភ្នំពេញ ៖ យោងតាមតួលេខសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩ ៣៣២ តោនទៅកាន់ប្រទេសចិន កើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ មានតម្លៃសរុបចំនួន ៧៥.៨៨ លានដុល្លារអាមេរិក។ ការណ៍នេះបង្ហាញពីតួនាទីដ៏សំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា (CCFTA) ក្នុងការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មរបស់កម្ពុជា ។
លោក លុន យេង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានទទួលស្គាល់ថា កំណើននៃការនាំចេញអង្ករទៅកាន់ទីផ្សារក្នុងតំបន់អាស៊ី មានការកើនឡើងគួរកត់សម្គាល់ ជាពិសេសប្រទេសចិន និងប្រទេសហ្វីលីពីន ។
លោកថា ការកើនឡើងនេះដោយសារមានកត្តាជាច្រើន រួមមានកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារថ្មីៗសម្រាប់ការនាំចេញកសិផលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការបង្កើតទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បង្កើតបាននូវបរិយកាសល្អក្នុងសម្រាប់អ្នកវិនិយោគទាំងពីរប្រទេស ខណៈដែលអង្ករកម្ពុជានាំចេញមានគុណភាព និងតម្លៃល្អសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ។
តាមតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា រយៈពេល០៤ខែ ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន៥ រួមមាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសឹង្ហបូរី មានចំនួនសរុប ១៧៧ ៧៦១តោន គិតជាទឹកប្រាក់ចំនួន ៧២លានដុល្លារ ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១២៩ ៣៣២តោន គិតជាទឹកប្រាក់ ៧៥,៨៨ លានដុល្លារ។
គួរបញ្ជាក់ថា កម្ពុជាសម្រេចបានផែនការនាំចេញអង្ករចំនួនជិត ៤៧ម៉ឺនតោន ក្នុងរយៈពេល០៤ ខែ ឆ្នាំ២០២៦ ទៅកាន់ទីផ្សារគោលដៅ ៦០ប្រទេស សរុបជាទឹកប្រាក់ប្រមាណជា ២៦៦ លានដុល្លារ ខណៈដែលរយៈពេល ០៤ខែ ដើមឆ្នាំ២០២៥ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានចំនួនជាង ២៨ ម៉ឺនតោនប៉ុណ្ណោះ៕