បរទេស៖ វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។ នេះបើយោងតាមប្រភពពី Tekedia។

បរទេស៖ វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។ នេះបើយោងតាមប្រភពពី Tekedia។
អេល្យូមត្រូវបានគេស្គាល់ភាគច្រើនជាខ្យល់សម្រាប់សប់ប៉េងប៉ោង ប៉ុន្តវាគឺជាធាតុដ៏សំខាន់នៅក្នុងឧស្សាហកម្មមួយចំនួន ដូចជា ការផលិតឧបករណ៍អេឡិចត្រូនិក សុខាភិបាល និងលំហអាកាស។ ឥឡូវនេះ តម្លៃរបស់វាកំពុងឡើងថ្លៃ ខណៈដែលប្រទេសកាតាមានចំណែកប្រហែល ១/៣ នៃការផ្គត់ផ្គង់សកល។
ចាប់តាំងពីជម្លោះកើតឡើងនៅចុងខែកុម្ភៈមក មជ្ឈមណ្ឌលថាមពល Ras Laffan របស់កាតាត្រូវបានរងការវាយប្រហារ និងបញ្ឈប់ប្រតិបត្តិការជាបន្តបន្ទាប់។ ការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់កាតា កំពុងបង្ហាញថា ទីផ្សារអេល្យូមមានភាពផុយស្រួយ ដោយតម្លៃរបស់វាកើនឡើងទ្វេដង ចាប់តាំងពីមានសង្គ្រាម។ អ្នកជំនាញលើកឡើងថា ការឡើងថ្លៃនៃតម្លៃអេល្យូមនេះកំពុងស្ថិតក្នុងចំណោមហានិភ័យនៃការផ្គត់ផ្គង់ដ៏ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំមកនេះ។
មិនត្រឹមតែប៉ុណ្ណោះ សារៈសំខាន់របស់អេល្យូមមិនអាចមានអ្វីមកជំនួសបានដូចធាតុជាច្រើននៅក្នុងឧស្សាហកម្មនោះទេ។ អេល្យូមត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយសារលក្ខណៈសម្បត្តិរបស់វាមានភាពអសកម្មគីមី ពន្លឺខ្លាំង និងមានប្រសិទ្ធភាពពិសេសក្នុងការផ្ទេរកំដៅនៅសីតុណ្ហភាព cryogenic ។ លក្ខណៈទាំងនោះធ្វើឱ្យអេល្យូមមិនអាចខ្វះបាននៅក្នុងឧស្សាហកម្មធំៗ។
ទន្ទឹមនឹងនេះ ឧស្សាហកម្មឈីប គឺជាវិស័យដំបូងគេដែលរងសម្ពាធ ដោយសារអេល្យូម គឺជាផ្នែកកណ្តាលសំខាន់បំផុតនៃការផលិតបន្ទះឈីបកម្រិតខ្ពស់។ ហានិភ័យនៃកង្វះខាតអេល្យូមកើតឡើង ចំពេលដែលវិស័យបច្ចេកវិទ្យាសកលកំពុងស្ថិតក្រោមភាពតានតឹងរួចទៅហើយ ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទាក់ទងនឹង AI និងហេដ្ឋារចនាសម្ព័ន្ធ fiber-optic។ យោងតាមទិន្នន័យរបស់ US Geological Survey បានឱ្យដឹងថា អេល្យូមប្រហែល ១៧ ភាគរយ ត្រូវបានប្រើប្រាស់នៅក្នុងខ្សែកាបអុបទិក និងការផលិតឈីប។
អ្នកវិភាគព្រមានថា ប្រសិនបើការរំខាននៅតែបន្តលើសពីត្រីមាសទីពីរ នោះសម្ពាធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នឹងកាន់តែខ្លាំងឡើង។ បើសិនតម្លៃអេល្យូមបន្តឡើងថ្លៃ នោះតម្លៃនៃគ្រឿងអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធពពក ឬ Cloud និងរថយន្តអគ្គិសនីក៏ឡើងថ្លៃតាមនោះដែរ ដោយពួកវាសុទ្ធតែពឹងផ្អែកខ្លាំងលើបន្ទះឈីបកម្រិតខ្ពស់។ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង រួមមាន ក្រុមហ៊ុន Samsung Electronics និង SK Hynix បង្ហើបថា មានស្តុកអេសល្យូមរយៈពេលពី ៤ ទៅ ៦ ខែ។
នៅក្នុងវិស័យសុខាភិបាលវិញ ម៉ាស៊ីនស្កែន MRI ពឹងផ្អែកខ្លាំងលើអេល្យូមរាវ ដើម្បីឱ្យមេដែកដំណើរការត្រជាក់ដល់សីតុណ្ហភាពទាបបំផុត។ បើគ្មានអេល្យូមទេ ម៉ាស៊ីនមិនអាចដំណើរការបានទេ។ ការប្រើប្រាស់អេល្យូមនៅក្នុងវេជ្ជសាស្ត្រមានប្រហែល ១៥ ភាគរយ សម្រាប់ដំណើរការម៉ាស៊ីន ដែលនឹងធ្វើឱ្យមន្ទីរពេទ្យ និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប្រឈមនឹងការឡើងថ្លៃ និងការពន្យារពេលផ្គត់ផ្គង់។
អ្នកជំនាញខាងផ្នែកម៉ាស៊ីន MRI លោក Tobias Gilk លើកឡើងថា ម៉ាស៊ីន MRI តែមួយអាចប្រើអេល្យូមស្មើនឹង ៩ ម៉ឺនប៉េងប៉ោង។ ប្រសិនបើខ្សែសង្វាក់ផ្គត់ផ្គង់អេល្យូមកាន់តែតឹងតែង វិស័យសុខាភិបាលនឹងកាន់តែមានហានិភ័យក្នុងការថែទាំ និងផ្តល់សេវាកម្មដល់អ្នកជំងឺ។
នៅក្នុងវិស័យអវកាសវិញក៏រងផលប៉ះពាស់ដូចគ្នាដែរ ដោយសារអេល្យូមត្រូវបានប្រើនៅក្នុងប្រព័ន្ធរ៉ុក្កែតសម្រាប់សម្ពាធធុងឥន្ធនៈ និងការធ្វើឱ្យម៉ាស៊ីចុះត្រជាក់។ វាគឺជាធាតុសំខាន់សម្រាប់បេសកកម្មទាំអវកាសទាំងអស់ដូចជា កម្មវិធី Artemis របស់ NASA និង SpaceX ជាដើម។ អាម៉េរិកប្រើប្រាស់អេល្យូមប្រហែល ៩ ភាគរយនៅក្នុងវិស័យអវកាស។
បើសិនតម្លៃអេល្យូមបន្តឡើងថ្លៃ នោះការចំណាយលើការបាញ់បង្ហោះទៅអាកាសកាន់តែខ្ពស់ និងការស្រាវជ្រាវនឹងកាន់តែត្រូវការថវិកាច្រើន។ ឥឡូវនេះ ខ្សែសង្វាក់ផ្គត់ផ្គង់អេល្យូមកាន់តែងាយរងគ្រោះពីការរំខានខាងភូមិសាស្ត្រនយោបាយ ខណៈដែលអាម៉េរិក និងកាតារួមគ្នាមានចំណែកប្រហែល ៣/៤ នៃការផ្គត់ផ្គង់សរុបសកល។ ទោះបីជាវិបត្តិបច្ចុប្បន្នជំរុញឱ្យមានការឡើងថ្លៃទំនិញជាបណ្តោះអាសន្នពិតមែន ប៉ុន្តែការចំណាយលើបច្ចេកវិទ្យា ការថែទាំសុខភាព និងការស្រាវជ្រាវវិទ្យាសាស្ត្រនឹងកាន់តែខ្ពស់៕
