បរទេស ៖ ប្រទេសរុស្ស៊ី កំពុងជំរុញយ៉ាងលឿនក្នុងការដាក់ពង្រាយបណ្តាញអ៊ីនធឺណិតបញ្ជូនពីផ្កាយរណបស្របគន្លងតាមកម្រិតទាបថ្មីមួយនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rassvet ។ គម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារមួយនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនអវកាសឯកជន Bureau 1440 ហើយត្រូវបានទីក្រុងម៉ូស្គូចាត់ទុកថាជាជម្រើសឯករាជ្យ និងមិនអាចរំខានបាន ដើម្បីប្រជែងជាមួយនឹងបច្ចេកវិទ្យាលោកខាងលិច ជាពិសេសប្រជែងដោយបើកជំហរជាមួយបណ្តាញ Starlink របស់លោក Elon Musk ។
យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានសរសេរថា គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ទទួលបានការគាំទ្រផ្នែកនយោបាយយ៉ាងខ្លាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកន្លងមកធ្លាប់បានថ្លែងជាសាធារណៈថា បណ្តាញផ្កាយរណបក្នុងស្រុកនេះមានសមត្ថភាពបច្ចេកវិទ្យាស្មើនឹង Starlink ហើយថែមទាំងមានសមត្ថភាពលើស Starlink ក្នុងទិដ្ឋភាពខ្លះទៀតផង។
សម្រាប់វិមានក្រឹមឡាំង ការពង្រីកខ្លួនយ៉ាងលឿននៃបណ្តាញផ្កាយរណបឯករាជ្យនេះ គឺជាភាពចាំបាច់ផ្នែកភូមិសាស្ត្រនយោបាយដ៏សំខាន់ ដើម្បីសម្រេចបាននូវអធិបតេយ្យភាពឌីជីថលទាំងស្រុង ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស និងផ្តល់នូវបណ្តាញទំនាក់ទំនងដែលមិនអាចស្ទាក់ចាប់បានសម្រាប់ការធ្វើសង្គ្រាមដ្រូនសម័យទំនើប។
ផ្កាយរណបទាំងនោះមានមុខងារជាស្ថានីយ៍មូលដ្ឋាន 5G ត្រូវបានភ្ជាប់តាមរយៈការទំនាក់ទំនងប្រព័ន្ធឡាស៊ែរ និងបញ្ជូនទិន្នន័យក្នុងល្បឿនលឿនរហូតដល់ 1 Gbit/s។ ម៉ូដែលជំនាន់ចុងក្រោយ Rassvet-3 ដ៏ទំនើបត្រូវបានគេរាយការណ៍ថាមានទម្ងន់ ៣៧០គីឡូក្រាម ពោល គឺធ្ងន់ជាងម៉ូដែលឆ្នាំ២០២៣ និង ២០២៤ ។ គម្រោងទាំងមូលត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយអស់ប្រហែល ៥១៥ពាន់លានរូបល ឬប្រហែលជា ៧ពាន់លានដុល្លារ។
បន្ទាប់ពីការបានបង្ហោះសាកល្បងលើកដំបូង ផ្កាយរណបពាណិជ្ជកម្មក្រុមដំបូងមានចំនួន ១៦ គ្រឿង ត្រូវបានបង្ហោះចូលទៅក្នុងគន្លងតារាវិថី។ ផែនការបន្ទាប់នៃគម្រោងនេះ គឺការដាក់ឲ្យមានផ្កាយរណបចំនួន ១៥៦ គ្រឿងនៅក្នុងគន្លងតារាវិថីឱ្យបានយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២៦ និងបង្កើនទៅដល់ ២៩២ គ្រឿងនៅឆ្នាំ២០២៧ ដើម្បីចាប់ផ្តើមផ្តល់សេវាពាណិជ្ជកម្មក្នុងស្រុកជាផ្លូវការ ហើយនឹងមានគោលដៅរយៈពេលវែងក្នុងការសម្រេចឱ្យបានលើសពី ៩០០ គ្រឿងនៅឆ្នាំ២០៣៥។
មិនដូចទៅនឹងផ្កាយរណបរបស់ Starlink ដែលហោះបានត្រឹមកម្រិតកំពស់ ៤៥០ ទៅ៤៨០ គីឡូម៉ែត្រនោះទេ, បណ្តាញផ្កាយរណប Rassvet ដំណើរការនៅគន្លងខ្ពស់ជាងប្រមាណ ៨០០គីឡូម៉ែត្រ ដែលជាជម្រើសមួយមានតុល្យភាពនៃចំនួនផ្កាយរណប និងត្រូវការធៀបជាមួយអាយុកាល ក៏ដូចជាទំហំនៃតំបន់គ្របដណ្តប់របស់វា។
តាមផែនការផ្កាយរណបទាំងនោះនឹងហោះហើរលើរយៈទទឹងភាគខាងជើងដែលដាច់ស្រយាលរបស់រុស្ស៊ី ហើយបណ្តាញនេះធានានូវការគ្របដណ្តប់អ៊ីនធឺណិតល្បឿនលឿនលើតំបន់អាកទិច (Arctic) ស៊ីបេរី (Siberia) និងតំបន់ចុងបូព៌ា (Far East) ដែលជាតំបន់យុទ្ធសាស្ត្ររឹតបណ្តឹងទាំងស្រុងនូវការចូលប្រើប្រាស់ Starlink ។ ដូច្នេះ ការពន្លឿនឱ្យដាក់ពង្រាយប្រព័ន្ធ Rassvet នេះ ពិតជាអាចធានាបានថា ទីក្រុងម៉ូស្គូ នឹងទទួលបានបណ្តាញទំនាក់ទំនងយ៉ាងទូលាយពីលើលំហអាកាសដ៏រឹងមាំមួយ និងដាច់ស្រឡះទាំងស្រុងពីការជ្រៀតជ្រែករបស់បរទេស ឬការដាក់ទណ្ឌកម្មពីបស្ចិមប្រទេស បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕