បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

កំពង់ចាម ៖ សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន និងកំពុងត្រៀមខ្លួនរួចរាល់ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍សហគមន៍មួយនេះឱ្យកាន់តែមានសក្ដានុពល។

Advertisement

ភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាទីតាំងនៃសហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ បច្ចុប្បន្ននេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ទទួលស្គាល់ថាជាភូមិគំរូមួយក្នុងចំណោម ៥០ភូមិនៅទូទាំងប្រទេសកម្ពុជា ដូច្នេះ វាជាឱកាសក្នុងការពង្រីកផលិតកម្មដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ជាពិសេសដើម្បីជួយឱ្យកសិករកាន់តែទទួលផលប្រយោជន៍ពីសហគមន៍កសិកម្មមួយនេះ។

លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានប្រាប់បណ្តាញព័ត៌មាន​ AMS ឱ្យដឹងថា បច្ចុប្បន្ននេះ សហគមន៍កសិកម្ម សំបូរមានជ័យ មានសមាជិកសរុបចំនួន ២ ២៧៣នាក់ មកពីឃុំចំនួន ១០ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ដែលក្រៅពីការងារកសិកម្ម សមាជិកក្នុងសហគមន៍បានបង្កើតជាក្រុមសន្សំ និងក្រុមឥណទាន ដើម្បីកៀរគរថវិកា ធ្វើជាប្រភពទុនផ្ដល់កម្ចីដល់សមាជិកដែលខ្វះដើមទុនសម្រាប់ពង្រីកមុខរបរដាំដុះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ក្នុងន័យនេះ អ្នកដែលមានលុយសល់មិនប្រើការ អាចយកមកសន្សំក្នុងសហគមន៍ដោយទទួលបានការប្រាក់សមរម្យ ហើយចំពោះអ្នកខ្វះទុនអាចមកស្នើសុំកម្ចីពីក្នុងសហគមន៍ជាមួយនឹងអត្រាការប្រាក់សមរម្យសម្រាប់ពង្រីកមុខរបរ។ នេះគឺជាផលិតផលថ្មីមួយរបស់សហគមន៍កសិកម្ម​ សំបូរមានជ័យ ដែលអាចជួយឱ្យកសិករកាន់តែមានជម្រើសក្នុងទទួលបានទុន ជំរុញឱ្យជីវភាពគ្រួសារល្អប្រសើរ។

ចំពោះក្រុមអ្នកដាក់ប្រាក់សន្សំកាលពីដំបូងមានសមាជិកត្រឹមតែ ៨៨ គ្រួសារប៉ុណ្ណោះ ដោយមានដើមទុនជាថវិកាសរុបជាង ៨ លានរៀល ប៉ុន្តែបច្ចុប្បន្ន​ ថវិកាទុនកម្ចីបានកើនឡើងដល់ ៣,៣ពាន់លានរៀល ជាមួយកំណើនចំនួនសមាជិកជាង ២ ៧០០គ្រួសារ។ ចំណែកក្រុមឥណទានកាលពីមុនមានត្រឹមឥណទានសហគមន៍ ប៉ុន្តែពេលនេះបានវិវឌ្ឍមកជាឥណទានធនាគារ ក្រោមការជំរុញឥណទានវិស័យកសិកម្មដោយកញ្ចប់ឥណទានជាមួយធនាគារ ក្រោយចុះ (MoU) អនុស្សរណៈយោគយល់ជាមួយ ធនាគារ អភិវឌ្ឍជនបទ និងកសិកម្ម (ARDB) និងធនាគារហត្ថាជាដើម។ នេះបើតាមលោក ឆេង ថុង បានលើកឡើង។

លោកបញ្ជាក់ថា ៖

«សព្វថ្ងៃក្រៅពីបង្កើតផលិតផលថ្មីមួយនេះ សហគមន៍ ក៏បានរៀបចំដីចម្ការប្រមាណ ១៣ ហិកតា ធ្វើជាផ្ទះសំណាញ់ ត្រៀមដាំបន្លែក្នុងផ្ទះសំណាញ់ ដែលមានសមត្ថភាពផលិតបាន ៥០០០ តោនក្នុងមួយឆ្នាំ ។ ផ្ទះសំណាញ់ដែលសាងសង់រួចមានប្រមាណជាង ៦០រោង និងកំពុងដំណើរការដាំបន្លែស្លឹក និងប៉េងប៉ោះឆឺរី  ហើយបើតាមគម្រោងសាងសង់ យើងនៅសល់ជាង១៦០ផ្ទះសំណាញ់ទៀត ទើបគ្រប់ចំនួនដែលបានកំណត់ ហើយនឹងឈានទៅបង្កើតជាបន្តបន្ទាប់ឱ្យបានជាង ៣០០ ផ្ទះសំណាញ់» ។

សូមជម្រាបថា​ សហគមន៍កសិកម្ម សំបូរមានជ័យ ទទួលបានទទួលវិញ្ញាបនបត្រ​ ជា សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់។ ដោយឡែក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សហគមន៍ កសិកម្មទំនើបបន្លែ សំបូរមានជ័យ បានទទួលការឧបត្ថមពីគម្រោង អេសិប(ACSEP)ក្នុងការរៀបចំកម្មវិធី “វេទិកាការផ្គូផ្គងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ច សហគមន៍កសិកម្ម និងការដាក់តាំងបង្ហាញផលិតផលកសិកម្ម ក្រោមឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង នៅសណ្ឋាគារ សុខា ភ្នំពេញ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា