បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ភ្នំពេញ ៖ ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា ក្រោយសិក្ខាសាលា​ ផ្សព្វផ្សាយពីការ​ការ​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​រួម​ពីលក្ខខណ្ឌ សម្រាប់ប្រតិបត្តិករទូរគមនា​គមន៍​ធ្វើការ​បោះផ្សាយ​លក់មូល​បត្រ​ជាសាធារណៈ។

Advertisement

នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ការ​ធ្វើការ​ផ្សព្វផ្សាយ​នូវការ​ដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ​នូវ​បទប្បញ្ញត្តិ​ថ្មីមួយនេះ នឹងអនុញ្ញាតឱ្យ​ប្រតិបត្តិករទូរគមនាគមន៍​ អាច​ប្រមូលដើមទុន​រយៈពេលវែង តាមការ​បោះផ្សាយ​លក់​មូលបត្រ​ជាសាធារណៈ ដែលអាច​ជា​ជំហាន​ដ៏សំខាន់​ក្នុងការ​ឆ្ពោះទៅរក​សេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព បរិយាបន្ន​ និង​ភាពធន់។​

ការ​ប្រកាស​រួ​ម​ស្ដីពីលក្ខខណ្ឌសម្រាប់​ប្រតិបត្តិករ​ទូរគមនាគមន៍​ ធ្វើកា​របោះផ្សាយ​លក់​មូលបត្រ​ជាសាធារណៈ ត្រូវ​បានរៀបចំរួមគ្នា​រវាង និយ័តករ​មូល​បត្រ​កម្ពុជា​ និង​និយ័តករ​ទូរគមនា​គមន៍កម្ពុជា ដែល​ប្រកាស​នេះ នឹង​កំណត់នូវ​ក្របខណ្ឌ បទ​ប្បញ្ញត្តិ​ច្បាស់លាស់​សម្រាប់ប្រតិបត្តិករ​ទូរគមនាគមន៍ធ្វើការ​បោះផ្សាយលក់​មូលបត្រ​ជាសាធារណៈ។

ឯកឧត្តម​ ថោង ចិន្តា ប្រធាន​និយ័តករទូរទគមនា​គមន៍​កម្ពុជា ​បានមានប្រសាសន៍ថា ក្នុងបរិបទនៃឧស្សា​ហ​​កម្ម​ ៤.០ និងយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី ១ របស់រាជរដ្ឋាភិបាល​ វិស័យ​ទូរគមនាគមន៍​ គឺជា​ស​រសរ​ស្ដម្ភដ៏សំខាន់​ ក្នុងការរុញច្រាន​កម្ពុជាឱ្យក្លាយ​ជា​ប្រទេស​ដែលមានសេដ្ឋកិច្ច​ និងសង្គម​ឌីជីថល​។ យ៉ាងណាមិញ​​ ការឈានទៅសម្រេច​នូ​វគោលដៅនេះ តម្រូវ​ឱ្យមានការ​វិនិយោគ​ឥតឈប់ឈរ​លើ​ហេដ្ឋារចនាសម្ព័ន្ធ  និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ជាពិសេស​កា​រដាក់ឱ្យ​ប្រើប្រាស់​នូវសេវា ​​5G នាដើមឆ្នាំ ២០២៦ នេះ។

ឯកឧត្តម បាន​បន្តថា ការ​កៀរគរទុន​តាមរយៈទីផ្សារ​មូល​បត្រ​ គឺជាជម្រើ​សយុទ្ធសាស្ត្រ​ដ៏ឆ្លាត​វៃ និង​ប្រកប​ដោ​យ​និរន្តរភាព​ សម្រាប់​ប្រតិបត្តិករ​ទូរទូរគមនាគមន៍​ ដើម្បី​ទទួលបាន​ប្រភព​ទុន​រយៈពេល​វែង​សម្រាប់ការ​វិនិយោ​គ លើកកម្ពស់​តម្លាភាព និង​អភិបាលកិច្ច​សាជីវកម្ម និ​ងបង្កើន​ទំនុកចិត្ត​ពីសំណាក់​វិនិយោគិន​ជាតិ​អន្ត​រ​ជាតិ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គ​នាយក ​និយ័តករ​មូលបត្រកម្ពុជា​ បានមានប្រសាសន៍ថា​ ទីផ្សារ​មូលធន​ ជា​ប្រភពទុន​មានរយៈពេល​វែង និងអាច​កៀរគរ​សាច់ប្រាក់​ក្នុងទំហំធំ។ បច្ចុប្បបន្ន​ ក្រុមហ៊ុន​នៅក្នុងវិស័យថាមពល​ កំពុង​មានតម្រូវការ​សាច់ប្រាក់​វិនិយោគធំៗជាច្រើន ហើយកន្លង​មក​និយ័តករមូល​បត្រកម្ពុជាក៏បានកៀរគរទុន​ ជំរុញការ​វិនិយោគជាច្រើនផងដែរ។

ជាក់ស្ដែង​ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន​នៅក្នុងវិស័យថាមពលស្អាត​ (ថាមពល​អគ្គិសនី​ដើរដោយពន្លឺព្រះអាទិត្យ ) បាន​កៀរគរ​សាច់ប្រាក់​ទំហំរហូតដល់​ ៤៩,១៦ លានដុល្លារអាម៉េរិក ដោយមានឥណប្រតិទាន​រយៈពេល ​១៥ ឆ្នាំ និងមានតម្រូវការ​បន្ត​បន្ទាប់ជាច្រើន​រយលានដុល្លារអាម៉េរិក​នៅឆ្នាំ ២០២៦ នេះផងដែរ ដើម្បីពង្រីក​វិសាលភាព​ប្រតិបត្តិការ​ ។ ដូច្នេះ ទីផ្សារ​មូល​បត្រ​កម្ពុជា ជា​សមុទ្រ​ដើមទុន​មិនចេះរីងស្ងួត​ និងក្លាយទៅជា​ច្រក​ហិរញ្ញប្បទាន ដែលមិនអាច​ខ្វះ​រំលង​សម្រាប់ប្រតិបត្តិករ​ទូរគមនា​គមន៍​។​

ឯកឧត្តម​បន្ថែមថា កន្លង​មក និយ័តករ​មូល​បត្រ​កម្ពុជា និង​និយ័តករ​ទូរគមនាគមន៍កម្ពុជា បាន​សហការ​គ្នាទប់ស្កាត់នូវការផ្សព្វផ្សាយ​ពីផលិតផល​ និងសេវា​កម្មពាក់ព័ន្ធនឹងមូល​បត្រ​ដែល​គ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី​និយ័តករមូល​បត្រ​កម្ពុជា តាមមធ្យោបាយ​ ទូរគមនាគមន៍​ផ្សេងៗដូចជា​ គេហទំព័រ បណ្ដាញទំនាក់ទំនង​សង្គម​ និង​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងទៀត ក្នុងគោល​បំណង​ទាក់ទាញសាធារណជន​ឱ្យដាក់​ប្រាក់​វិនិយោគ ឬធ្វើប្រតិបត្តិការជួញដូរ ​ខុស​ច្បាប់​ដែលនាំឱ្យខាត​បង់​ថវិកា និងទ្រព្យសម្បត្តិ​៕ ​​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា