ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចាប់ផ្ដើមឱ្យអនុវត្តន៍ពន្ធលើចំណេញមូលធននៅក្នុងឆ្នាំ២០២៦នេះ ប៉ុន្តែសម្រាប់តែប្រតិបត្តិការលក់ ឬផ្ទេរទ្រព្យ ៥ប្រភេទប៉ុណ្ណោះ រួមមានភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ជា និងរូបិយបណ្ណបរទេស ។ ពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធននេះ មន្ត្រីជាន់ខ្ពស់ពន្ធដារបានបញ្ជាក់ថា ពន្ធនេះ គឺត្រូវបង់តែពេលចំណេញប៉ុណ្ណោះ បើមិនចំណេញ មិនចាំបាច់បង់ឡើយ។
ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះ នឹងធានាបាននូវសមធម៌នៃការបង់ពន្ធរវាងអ្នកជាប់ពន្ធជារូបវន្តបុគ្គល និងនីតិបុគ្គល ដែលកន្លងមក នីតិបុគ្គលបានអនុវត្តបង់ពន្ធនេះតាំងពីប្រព័ន្ធពន្ធដារ ចាប់ផ្ដើមអនុវត្តរបបស្វ័យប្រកាសនៅឆ្នាំ១៩៩៤ ព្រមទាំងធានានូវការប្រកួតប្រជែងដោយស្មើភាព ជាពិសេស គឺការធានាបាននូវចីរភាពនៃកំណើនចំណូលពន្ធ ស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបានបញ្ជាក់ថា ៖
« ពន្ធលើចំណេញមូលធនលើការលក់ ឬផ្ទេរទ្រព្យទាំង៥ប្រភេទនេះ ត្រូវបង់នៅពេលដែលមានផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវបង់ទេ »។
ឯកឧត្តមបានលើកឡើងថា ពន្ធ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋដែលត្រូវបំពេញ ដើម្បីបានជាថវិការដ្ឋសម្រាប់រាជរដ្ឋាភិបាលយកទៅចំណាយលើកិច្ចដំណើរការរបស់ក្រសួង ស្ថាប័នរដ្ឋនានានៃព្រះរាជាណាចក្រកម្ពុជា និងលើការធ្វើកំណែទម្រង់ទាំងឡាយរបស់រដ្ឋាភិបាល ជាប្រយោជន៍ផ្ដល់ឱ្យប្រជាពលរដ្ឋវិញនូវសេវាសាធារណៈ មានដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រព័ន្ធធារាស្ត្រស្រោចស្រព និងសេវាសាធារណៈ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការការពារសុវត្ថិភាពទ្រព្យសម្បត្តិនិងប្រជាជន ការអប់រំ ការថែទាំសុខភាព ប្រព័ន្ធសន្តិសុខ សុវត្ថិភាពសង្គម ប្រព័ន្ធយុត្តិធម៌ជាដើម ។ ជាក់ស្ដែងចំណូលពន្ធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ដោយបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីគ្រ ការបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋជាដើម ។
ឯកឧត្តមបានបន្ថែមថា ៖
«ចំណូលពន្ធបានចូលរួមចំណែកជាសារវន្តក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសាធារណៈ តាមរយៈការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបង្កើនចំណាយទៅលើសេវាគាំពារសុខុមាលភាពសង្គមដែលជួយកាត់បន្ថយនូវតម្លាភាពនៃការរីកចម្រើនរវាងទីក្រុង និងជនបទ ជាពិសេសការបន្តពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពថវិកាជាតិ ក្នុងការគ្រប់គ្រងកិច្ចអភិវឌ្ឍរបស់ខ្លួន»។
ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានមនសិការខ្ពស់ក្នុងការពង្រឹងវប្បធម៌បង់ពន្ធ និងអនុលោមភាពសារពើពន្ធ ដើម្បីឱ្យរាជរដ្ឋាភិបាលកាន់តែមានថវិកាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសឈានទៅសម្រេចឱ្យបានគោលដៅ ឆ្នាំ ២០៥០នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ។
គួរបញ្ជាក់ថា ពន្ធលើចំណេញមូលធន ត្រូវបានរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តជាច្រើនលើកមកហើយ ហើយនៅទីបំផុតពន្ធនេះ ក៏បានចាប់អនុវត្តនៅក្នុងឆ្នាំ២០២៦នេះ ប៉ុន្តែអនុវត្តតែលើប្រតិបត្តិការលក់ឬផ្ទេរទ្រព្យ ៥ប្រភេទប៉ុណ្ណោះ ។ ចំណែកពន្ធលើចំណេញមូលធនអចលនទ្រព្យ ត្រូវបានបន្តលើកពេលសម្រាប់អនុវត្តនៅពេលបន្ទាប់ទៀត ដូច្នេះការទិញលក់អចលនទ្រព្យក្នុងពេលបច្ចុប្បន្ននេះ មិនត្រូវបង់ពន្ធលើចំណេញមូលធននោះឡើយ ៕