ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភណភាពទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍរៀបចំតំបន់ផាប់ស្ទ្រីត និងតំបន់មាត់ស្ទឹងសៀមរាបឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន តាមរយៈការអនុវត្តបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ (Smart City)។
ការធ្វើទំនើបកម្មតំបន់ស្នូលនៃក្រុងសៀមរាបនេះ មិនត្រឹមតែជួយពង្រីកសក្តានុពលទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញការវិនិយោគលើវិស័យសេវាកម្ម សណ្ឋាគារ និងភោជនីយដ្ឋានបន្ថែមទៀត។
នៅដើមសប្តាហ៍នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីក្រុមអ្នកជំនាញ JICA ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាកល្បងនៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ជំហានទី២។
យោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប កិច្ចប្រជុំពិភាក្សាចំពោះការអនុវត្តវិធីសាស្ត្របច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងជាការចងក្រងទិន្នន័យ និងលទ្ធផលការងារសម្រាប់ដាក់ជូនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី ២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ៖ កិច្ចប្រជុំ ផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តលើសពីតំបន់ផាប់ស្ទ្រីត បង្កើនភាពទាក់ទាញនៅតំបន់ជុំវិញ ជាពិសេសដងស្ទឹងសៀមរាប ដែលជាទីតាំងគម្រោងសាកល្បង។
គម្រោងនេះ ជាការពង្រីកភាពរស់រវើកនៃតំបន់ផាប់ស្ទ្រីត ជំរុញការដើរកម្សាន្តក្នុងក្រុងឱ្យកាន់តែទូលំទូលាយជាងមុន និងគាំទ្រដល់ការស្នាក់នៅថែមមួយទៀត។ ជារួមសកម្មភាពនីមួយៗ ធ្វើឡើងដោយកិច្ចការរួមគ្នា ដែលផ្សំដោយការដោះស្រាយឆ្លាតវៃ និងគំនិតផ្ដួចផ្ដើមមិនឌីជីថល និងដែលមានសង្គតិភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃខេត្តសៀមរាប។
សម្រាប់គម្រោងសាកល្បងមានចំនួន៨ រួមមាន៖ ការតាមដានលំហូរមនុស្ស, ការផ្សព្វផ្សាយកិត្តិនាមតាមរយៈបណ្ដាញសង្គម, វិធីសាស្ត្រធ្វើឱ្យដងស្ទឹងមានភាពបៃតង, ការលើកកម្ពស់ចរាចរណ៍ទីក្រុង, ផ្លាកសញ្ញាឌីជីថល, ការប្រើប្រាស់ទីធ្លាសាធារណៈ, ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។
កិច្ចពិភាក្សាបានបង្ហាញទៀតថា ដើម្បីឱ្យសម្រេចបានតាមការគ្រោងទុក គឺទាមទារឱ្យមានការពង្រឹងលើការងារសន្តិសុខ និងផាសុកភាព នៃតំបន់សំខាន់ៗទាំង២ ទាំងតំបន់ផាប់ស្ទ្រីត និងដងស្ទឹង ជំរុញធ្វើយ៉ាងណាភ្ជាប់ទីតាំងនានាចូលគ្នា តាមរយៈការថ្មើរជើង។ គម្រោងនេះនឹងជួយឱ្យតំបន់ផាប់ស្ទ្រីត មានសុវត្ថិភាពជាមុន ងាយស្រួលដើរជាងមុន និងរីករាយជាងមុន ជាមួយនឹងការប្រើប្រាស់ទីធ្លាសាធារណៈបានកាន់តែល្អប្រសើរឡើង។ ចំពោះដងស្ទឹងសៀមរាប ក៏នឹងមានភាពទាក់ទាញ ភាពងាយស្រួល និងបទពិសោធរបស់អ្នកទស្សនាកាន់តែល្អប្រសើរឡើង ដោយដាក់ទីតាំងដងស្ទឹងជាមជ្ឍមណ្ឌលសកម្មភាពទីក្រុងឆ្លាតវៃ។
ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងថា៖
“គម្រោងទីក្រុងឆ្លាតវៃពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទំនើប និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងជំហានទី២នេះ ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងបញ្ហាទីក្រុង ជាអាទិ៍ដូចជា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន, ការសម្រួលចរាចរណ៍ និងសុវត្ថិភាពសាធារណៈ និងជាការបង្កើតប្រសិទ្ធភាពសេវាសាធារណៈជូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។”
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ចំពោះការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់កិច្ចប្រជុំ JCC ខាងមុខ គឺជាជំហានគន្លឹះ ដើម្បីធានាថាការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីក្រុង។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដៃគូសហការ ចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគ ព្រោះដើម្បីខេត្តសៀមរាបទាំងមូល។ ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសក្រុមការងារ JICA ដើម្បីជំរុញគម្រោងនេះ ឱ្យស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធនឹងគម្រោងសាកល្បងតំបន់ផាប់ស្ទ្រីតនិង តំបន់មាត់ស្ទឹងសៀមរាបនេះ អ្នកជំនាញវិស័យទេសចរណ៍ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា (PATA) បានប្រាប់ AMS Economy ថា៖ ការបង្កើតទីក្រុងវៃឆ្លាត( Smart City ) គឺវាល្អហើយ ក៏ប៉ុន្តែសួរថាតើផលវា កើតនៅកន្លែងណា? នៅពេលណា ?។ ចំណែកការអភិវឌ្ឍតំបន់ផាប់ស្ទ្រីតនិងតាមដងស្ទឹង ជាការល្អ តែត្រូវបង្កើតផលិតផលថ្មីៗបន្ថែមទៀត។
លោកបានបន្ថែមថា៖
“នៅសៀមរាបសព្វថ្ងៃហ្នឹង គឺស្ងាត់មែនទែន។ សង្កេតឃើញសណ្ឋាគារទាំង ១០ នៅលើផ្លូវជាតិលេខ ៦ មានសណ្ឋាគារខ្លះមានជាង ៤០០ បន្ទប់ ខ្លះជាង៣០០ បន្ទប់ តែស្ងាត់ភ្ញៀវ សូម្បីថ្ងៃខ្លះមួយបន្ទប់ក៏មិនមានភ្ញៀវផង។ ដូច្នេះការផ្សព្វផ្សាយ ការធ្វើប្រេនឌីងឡើងវិញ និងបង្កើតផលិតផលថ្មី មានសារៈសំខាន់។”
លោកបានលើកឡើងថា សៀមរាបគឺជាតំបន់ដែលមានសក្ដានុពល ហើយសៀមរាបត្រូវការបង្កើតនូវចរន្តផលិតផលថ្មីឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ក្រៅពី Pub Street សៀមរាបនៅមានកន្លែងជាច្រើនទៀត។ អ្វីដែល ពួកគេគួរបង្កើតបន្ថែមគឺ តំបន់ភូមិមួយផលិតផលមួយ ។ នៅមុខប្រាសាទអង្គរវត្ត អាជ្ញាធរអប្សរាបានរចនា កែលម្អស្អាតមែនទែន គេអាចប្រើកន្លែងហ្នឹងទៅជាកន្លែងភូមិមួយផលិតផលមួយ អាចបើកដំណើរការពីព្រឹក រហូតដល់ម៉ោង ១០-១១ យប់នៅកន្លែងហ្នឹង។
លោក ធួន ស៊ីណាន បានថ្លែងថា៖
“តែបើរដ្ឋាភិបាលយល់ថា កន្លែងហ្នឹងវាមានការរំខានទៅដល់ប្រាសាទ យើងអាចរើសយកតំបន់ណាមួយផ្សេងទៀត ដែលអាចបង្កើតទៅជាភូមិមួយផលិតផលមួយ ឱ្យវាទៅជាទីផ្សារមួយដែលលក់តែផលិតផលខ្មែរលក់តែផលិតផលនៅក្នុងស្រុក។ ការបង្កើតភូមិមួយផលិតផលមួយអាចទាក់ទាញទាក់ទាញភ្ញៀវទេសចរបន្ថែម។”
លោកបានបន្តលើកឡើងថា ក្រៅតែប្រាសាទបុរាណ គួរតែបន្ថែមផលិតផលណាថ្មី ដូចជាកសិទេសចរណ៍ ទេសចរណ៍សាសនា និងផលិតផលជាច្រើនទៀតដែលគេអាចធ្វើបាន។ សៀមរាបគឺជាតំបន់ដែលមានសក្ដានុពល ហើយសៀមរាបត្រូវការបង្កើតនូវចរន្តផលិតផលថ្មីឱ្យបានច្រើនតាមតែអាចធ្វើទៅបាន៕