ភ្នំពេញ៖ រុក្ខវិថីព្រះសីហនុ ស្ថិតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលបាន និងកំពុងលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ឱ្យទៅជាទីក្រុងទំនើប ស្រស់ស្អាត ស័ក្ដិសមជាទីក្រុងឆ្លាតវៃ (Smart City) និងជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ជាគោលដៅទេសចរណ៍ វប្បធម៌ បេតិកភ័ណ្ឌប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានប្រជាប្រិយភាព និងជាថាមពលជីវិតសម្រាប់អ្នកសៀមរាបផងដែរ។
សូមជម្រាបថា រុក្ខវិថីព្រះសីហនុ តភ្ជាប់ពីទីក្រុងសៀមរាប ទៅកាន់អង្គរ មានប្រវែង ៥ ៩២០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

ផ្លូវទាំង ៣៨ខ្សែនៅខេត្តសៀមរាប មានប្រវែង ១០៦,៤២គីឡូម៉ែត្របានចាប់ផ្ដើមសាងសង់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ និងចំណាយថវិកាសាងសង់ប្រមាណ ១៥០លានដុល្លារ។ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ។ ផលិតផលថ្មីនេះ បានចូលរួមលើកកម្ពស់សោភ័ណ្ឌភាព ទីក្រុងវប្បធម៌មួយនេះឱ្យកាន់តែទាក់ទាញទេសចរជាតិ-អន្តរជាតិ។ មិនត្រឹមតែមានផ្លូវមេដែលតភ្ជាប់ទីប្រជុំជនទៅកាន់តំបន់ដាច់ស្រយាល និងទៅកាន់តំបន់ទេសចរណ៍នោះទេ តែក៏មានផ្លូវសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងទោចក្រយានយន្តដាច់ផ្សេងពីគ្នាដែរ ដែលស្របតាមគោលការណ៍នៃការរៀបចំទីក្រុងទំនើប។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប៖ ប្រវែងផ្លូវ៖ ១០៨,៧៤ គីឡូម៉ែត្រ – បើកការដ្ឋានសាងសង់៖ ៣០/វិច្ឆិកា/២០២០ – បញ្ចប់ការសាងសង់៖ ២៩/ធ្នូ/២០២១ – រយៈពេលសាងសង់៖ ១៣ខែ – ទំហំទឹកប្រាក់គម្រោង៖ ប្រមាណជិត ១៤៩,២១៦ លានដុល្លារអាមេរិក ។គម្រោងនេះ គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ ក្នុងការ តភ្ជាប់ប្រទាក់ក្រឡា ពីទីប្រជុំជន ក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅ កាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជួយសម្រួលដល់ការធ្វើដំណើ របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងខេត្តសំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងកាត់ បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ។ ហេដ្ឋារចនា សម្ព័ន្ធថ្មីនេះ ក៏បានចូលរួមលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣ រួមមាន៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរ មានជ័យ ដែលជាគោលដៅទេសចរណ៍វប្បធម៌ បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយ សក្តានុពលសេដ្ឋកិច្ច៕

























