បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​វិនិយោគចំនួន ៦ នៅខេត្ត​ស្ទឹងត្រែង​និងក្រចេះ ស្នើ​សុំលើកទឹកចិត្ត​ពិសេសពីរដ្ឋាភិបាល ដើម្បីដំណើរការ​​​វិនិយោគ

គម្រោង​វិនិយោគចំនួន ៦ នៅខេត្ត​ស្ទឹងត្រែង​និងក្រចេះ ស្នើ​សុំលើកទឹកចិត្ត​ពិសេសពីរដ្ឋាភិបាល ដើម្បីដំណើរការ​​​វិនិយោគ

ភ្នំពេញ ៖ គម្រោង​វិនិយោគចំនួន ៦ ​បន្ថែមទៀត បានដាក់ពាក្យស្នើសុំ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុង​ខេត្ត​ចំនួនពីរ នៅភូមិឦសាន ។ ការ​ស្នើសុំ​របស់​ក្រុមហ៊ុនវិនិយោគនេះ ធ្វើឡើងតាមរយៈ​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ខេត្ត​ភូមិភាគឦសាន ដែល​បានដាក់ចេញ​កាលពីជិត ​១ ឆ្នាំមុន។

Advertisement

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការ​វិនិយោគ​ក្នុងភូមិភាគឦសាន​ កាលពីដើមសបា្តហ៍នេះ គម្រោង​វិនិយោគទាំង​ ៦ គម្រោងនេះ មានទុនវិនិយោគសរុប ​១១៦ លានដុល្លារអាម៉េរិក ស្ថិតនៅក្នុង​ខេត្តស្ទឹង​ត្រែង និងខេត្តក្រចេះ​។​

ថ្មីៗនេះ ក្រុមការងារជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន ក៏បាន​​ជួបប្រជុំ​ពិភាក្សា​ និងចុះពិនិត្យទីតាំង​វិនិយោគផ្ទាល់ ដើម្បីឱ្យដឹងពីស្ថានភាព និងបញ្ហាប្រឈមរបស់ក្រុមហ៊ុន ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការប្រឹក្សាយោបល់តាមការស្នើសុំរបស់ក្រុមហ៊ុននីមួយៗ  ក្នុងគោលបំណងជំរុញការវិនិយោគ និងការពង្រីកការវិនិយោគ ជាពិសេសការទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនដែលកំពុងវិនិយោគលើការដាំដុះដំណំាកសិកម្ម ឱ្យឈានទៅរកការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់។

គួររម្លឹកថា គម្រោងវិនិយោគទាំង ៦ គម្រោង ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីមានគម្រោង ៥ នៅក្នុងខេត្តស្ទឹងត្រែង និង មានគម្រោង ១ នៅក្នុងខេត្តក្រចេះ ដោយមានសក​ម្មភា​ព​វិនិយោគលើវិស័យទេសចរណ៍, កសិកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃគ្រាប់ស្វាយចន្ទី និងការវិនិយោគចិញ្ចឹមជ្រូកសាច់។

លោកពេជ្រ សម្បត្តិ សមាជិក​ក្រុមការងារ​ជំរុញការ​វិនិយោគ ក្នុងភូមិភាគឦសាន​ បានរំលេចអំពីតួនាទី និងភារកិច្ច ព្រមទាំងសារៈសំខាន់របស់ ក្រុមការងារជំរុញការ​វិនិយោគ្នុងភូមិភាគ​ឦសាន ក្នុងនាមជាច្រកចេញចូលតែមួយ ការដោះស្រាយបញ្ហាការវិនិយោគជាកញ្ចប់នៅហ្នឹងកន្លែង ព្រមទាំងគូសបញ្ជាក់អំពីភាពម្ចាស់ការពីតំណាងរដ្ឋបាលខេត្តនីមួយៗក្នុងការចូលរួមទាក់ទាញ ការជំរុញ ការគាំពារ និង ការថែទាំការវិនិយោគនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម​បណ្ឌិត​សភាចារ្យផាន់ ផល្លា រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​និ​ងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា តាមរយៈកម្មវិធីជំរុញការ​វិនិយោគខេត្តព្រះសីហនុ និង​កម្មវិធីជំរុញការ​វិនិយោគក្នុង​ភូមិភាគឦសាន បានធ្វើឱ្យកម្ពុជា​ទទួលបានគម្រោង​វិនិយោគថ្មីៗនិងគម្រោងពង្រីកការ​វិនិយោគជា​បន្ត​បន្ទាប់ ហើយជាក់ស្ដែង​កាលពីឆ្នាំ ២០២៥​ កម្ពុជា​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគសរុប​៦៣០​ គម្រោងជាមួយទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារអាម៉េរិក​។​ តាមរយៈកម្មវិធីជំរុញការ​វិនិយោគ​នៅតំបន់ទាំង​ពីរ​នេះ រំពឹងថា​ កម្ពុជា​នឹងទទួលបានគម្រោងវិនិយោគ​ថ្មីៗ ក៏ដូចជា​គម្រោងពង្រីកការ​វិនិយោគ​បន្ថែមនៅក្នុងឆ្នាំ២០២៦នេះ។

លោកឧញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន​ KFA បានមានប្រសាសន៍ថា កត្តា​អចលនទ្រព្យ​ជាពិសេស​តម្លៃដី​នៅកម្ពុជា​នៅមានកម្រិតទាប បើធៀបនឹង​បណ្ដា​ប្រទេស​នានា​ ទើបធ្វើឱ្យ​វិនិយោគិន​បរទេសចូលមក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត ប្រទេស​កម្ពុជា​ជាប្រទេស​មានសក្ដានុពល​​ស្ទើរ​គ្រប់វិស័យ​ ដូចជា​កសិកម្ម កសិ-ឧស្សាហកម្ម ហិរញ្ញវត្ថុ អចលនទ្រព្យ និងទេសចរណ៍។

លោកឧកញ៉ា​បន្តថា​ វិនិយោគិនបរទេស​មកពីជុំវិញ​ពិភពលោក មុន​នឹង​សម្រេច​ចិត្តចូលមក​វិនិយោគ​នៅកម្ពុជា ក៏គេ​បានសិក្សា​ច្បាស់លាស់ហើយ ដោយកម្ពុជា​បានដាក់ចេញ​នូវ​គោលនយោបាយលើកទឹកចិត្ត​ ដូចជាលើកទឹកចិត្តផ្នែកពន្ធ ជាពិសេស​ការដាក់ចេញនូវកម្មវិធីជំរុញការ​វិនិយោគ​នៅខេត្តព្រះសីហនុ និង​ក្នុងភូមិភាគឦសាន​ធ្វើឱ្យ​វិនិយោគិនមានចំណាប់អារម្មណ៍ និង​​ស្វែងរកការ​វិនិយោគ​ទាន់មានឱកាស​ទទួលបាន​ការលើកទឹកចិត្ត៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា