ភ្នំពេញ៖ រាជរដ្ឋាភិបាលតែងចាត់ទុកសហគ្រាសធុនតូច និងមធ្យម (SMEs) ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជួយជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃមូលដ្ឋានផលិតកម្មជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងដូច្នេះ ក្នុងពិធីបើក “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១” កាលពីថ្ងៃទី១១ ខែមិថុនា ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលរៀបចំដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា៖
«រាជរដ្ឋាភិបាល បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីគាំទ្រ SMEs រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការកែលម្អបរិយាកាសធុរកិច្ច, ការសម្រួលពាណិជ្ជកម្ម, ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការធានាឥណទាន, ការលើកកម្ពស់សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ស្តង់ដារផលិតផល»។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានផ្តល់អនុសាសន៍គន្លឹះដល់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, FASMEC, ក្រសួងស្ថាប័នពាក់ព័ន្ធ និង SMEs ត្រូវផ្តោតលើការបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការអនុវត្តវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន តាមរយៈយន្តការសន្ទនា និងការពិគ្រោះយោបល់ជាប្រចាំ, ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំទ្រការកសាងសមត្ថភាពសម្រាប់ SMEs, ព្រមទាំងបានជំរុញឱ្យ SMEs ខិតខំពង្រឹងគុណភាពផលិតផល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសមត្ថភាពប្រកួតប្រជែង ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា៖
« SMEs ជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃផលិតកម្មក្នុងស្រុក ប៉ុន្តែនៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា និងការចូលទីផ្សារ ជាដើម។ សង្ឃឹមថា កិច្ចសហការរវាង អ.គ.រ និង FASMEC នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់ SMEs»។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃ (អគរ) បានគូសរំលេចថា (អគរ) បាន និងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មវិស័យគយជាបន្តបន្ទាប់ ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ធ្វើធុរកិច្ច និងចូលរួមពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។
ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យគយ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់ SMEs ដែលរួមចំណែកកាត់បន្ថយពេលវេលាបំពេញបែបបទគយ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ហើយជឿជាក់ថា កិច្ចសហការរវាង អគរ និង FASMEC នឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ក្នុងការរួមគ្នាលើកកម្ពស់បរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជ-កម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ។
សូមជម្រាបថា វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ផ្តើមពីថ្ងៃទី១១ ខែមិថុនា នៅវិទ្យាស្ថានជាតិគយ ដោយមានបទបង្ហាញបច្ចេកទេស កិច្ចពិភាក្សា និងវេទិកាសំណួរ-ចម្លើយ លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការចុះបញ្ជី, គោលនយោបាយគាំទ្រ SMEs, ការលើកទឹកចិត្តសារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម ,ការជំរុញការនាំចូល និងនាំចេញ ដែលជួយលើកកម្ពស់ការយល់ដឹង និងរួមចំណែកគាំទ្រការអភិវឌ្ឍ SMEs នៅកម្ពុជា៕