ភ្នំពេញ ៖ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន១០ កំពុងមានដំណើរការសង្វាក់ផលិតកម្មជាមួយនឹងសមិទ្ធផលសម្រេចបានសរុប ៣១ ៤៦៣ គ្រឿង ខណៈដែលក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។
បច្ចុប្បន្ន រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តទាំង ១០ ដែលកំពុងដំណើរការសង្វាក់ផលិតកម្មនៅកម្ពុជា រួមាន រោងចក្ររថយន្ត KIA នៅខេត្តបន្ទាយមានជ័យ, Hyundai នៅខេត្តកោះកុង, GTV របស់ខ្មែរនៅខេត្តកណ្តាល, ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ, រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់, រោងចក្រ Ssang Yong នៅខេត្តស្វាយរៀង, រោងចក្រ Zo Motor ផ្គុំ និងដំឡើងរថយន្តខ្នាតធំអគ្គិសនីនៅខេត្តពោធិសាត់, រោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅខេត្តព្រះសីហនុ។ ក្រៅពីនេះ រោងចក្ររថយន្ត GAC និងរោងចក្ររថយន្ត Chevrolet កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ថិតនៅខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ប្រាប់ AMS Economy កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា តាមរយៈរោងចក្រទាំង ១០ ដូចបានបង្ហាញជូនខាងលើនេះ ជាសមិទ្ធផលសរុបសម្រេចបានចំនួន ៣១ ៤៦៣ គ្រឿង ខណៈដែលក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿង។ ដោយឡែក សម្រាប់តែរយៈពេល ២ខែដើមឆ្នាំ២០២៦ នេះ សម្រេចបានចំនួន ២ ៧៤៣ គ្រឿងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ៖
«សម្រាប់រថយន្តដែលផលិត និងដំឡើងបានគឺសម្រាប់លក់ និងបំពេញតម្រូវការប្រើប្រាស់នៅក្នុងស្រុក ដែលមានតម្លៃសមរម្យ ទាបជាងតម្លៃរថយន្តនាំចូល»។
ឯកឧត្តម ហេង សុខគង់ បានបន្តឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៥ រោងចក្រ Ssang Yong ដំឡើងរថយន្តបានចំនួន ១០៧៧ គ្រឿង ហើយរយៈពេល២ខែឆ្នាំ២០២៦ ដំឡើងបាន១៧៩គ្រឿង។ បើសរុបចំនួននៃការដំឡើងតាំងពីចាប់ផ្ដើមពីដំបូងមក គឺមានចំនួន ៣ ៤០៩ គ្រឿង។ ចំណែករថយន្ត KIA ក្នុងឆ្នាំ២០២៥ ផ្គុំ និងដំឡើងបានចំនួន ៦៧៩ គ្រឿងនិងសរុបចាប់តាំងពីការចាប់ផ្ដើមគឺមានចំនួន ១ ០៩៦ គ្រឿង។ រោងចក្រផ្គុំ និងដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២៥ ការផ្គុំ និងដំឡើងសម្រេចបានសរុបចំនួន ១៥៦ គ្រឿង ហើយក្នុងរយៈពេល ២ ខែ ឆ្នាំ២០២៦ កន្លងទៅនេះ ផ្គុំ និងដំឡើងបានចំនួន ៣៦ គ្រឿង។ ជាសរុបរួមតាំងពីចាប់ផ្ដើមដំណើរការមក គឺទទួលបានចំនួន ៣៧៨ គ្រឿង។
សម្រាប់រោងចក្រដែលផ្គុំ និងដំឡើងរថយន្ត Toyota នៅក្នុងឆ្នាំ២០២៥ នេះ គឺផ្គុំ និងដំឡើងបានចំនួន ៣ ៤១០ គ្រឿង ហើយរយៈពេល ២ ខែ ឆ្នាំ២០២៦ ផ្គុំ និងដំឡើងបានចំនួន ៥៨០ គ្រឿង។ សរុបរួម ផ្គុំ និងដំឡើងបានចំនួន ៥,១០៦ គ្រឿង។ ចំណែករថយន្ត Ford ក្នុងឆ្នាំ២០២៥ កន្លងទៅ ផ្គុំ ផលិត និងដំឡើងសរុបបានចំនួន ៨,៤៣២ គ្រឿង ហើយត្រឹមរយៈពេល ២ ខែ ឆ្នាំ២០២៦ ផលិត ផ្គុំ និងដំឡើងសរុបបានចំនួន ១ ៨៥៥ គ្រឿង។
លោក សឿន តារា នាយកប្រតិបត្តិសហព័ន្ធយានយន្តកម្ពុជា (CAIF) បានប្រាប់ AMS Economy ថា ៖ បច្ចុប្បន្នមានក្រុមហ៊ុនដំឡើងរថយន្ត៨កំពុងប្រតិបត្តិការ ហើយរោងចក្រចំនួន២ទៀតកំពុងដំណើរសាងសង់ ខណៈដែលមានគម្រោងចំនួន២បន្ថែមទៀតទើបនឹងស្នើសុំចុះបញ្ជីវិនិយោគ និងបើកដំណើរការ គឺក្រុមហ៊ុន ZDG Lynk& Co និង JETOUR។
លោកបានលើកឡើងថា ៖
«រោងចក្រភាគច្រើននាំចូលគ្រឿងបង្គុំពីខាងក្រៅប្រទេស និងដំឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយឡែក ទិសដៅនាំចេញមិនទាន់មានទេ តែអនាគតអាចនឹងមាន»។
ទាក់ទងនឹងកម្លាំងពលកម្ម លោកនាយកប្រតិបត្តិបានមានប្រសាសន៍ថា៖ កម្លាំងពលកម្ម បច្ចុប្បន្នមិនមានបញ្ហាទេ ពីព្រោះខាងក្រសួងការងារមានបណ្តុះបណ្តាលជំនាញខាងរថយន្តនិងអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់ក្រុមហ៊ុនរថយន្ត។ តែកម្លាំងពលកម្មដែលកំពុងខ្វះខាតគឺអ្នកជំនាញបច្ចេកទេសជាន់ខ្ពស់(High Skill) ដែលកន្លងមកក្រុមហ៊ុនបានជ្រើសរើសអ្នកជំនាញក្នុងស្រុកដើម្បីទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ជាក់ស្តែងក្រុមហ៊ុន Toyota យកបុគ្គលិកទៅបណ្តុះបណ្តាលនៅជប៉ុន ហើយ BYD យកទៅបណ្តុះបណ្តាលនៅប្រទេសចិន។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ឱ្យដឹងផងដែរថា៖ ចាប់តាំងពីឆ្នាំ២០២២ មក ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី ៥ហិកតា ទៅ ១២ហិកតា។
លោកបានបញ្ជាក់ថា ៖
«បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអីសម្រាប់រថយន្ត Ford »។
សូមរំលឹកថា កាលពីពេលកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានថ្លែងថា៖ រាជរដ្ឋាភិបាលបានដាក់ទិសដៅរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គំឱ្យបានច្រើននៅកម្ពុជា ។ កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលទិញគ្រឿងបង្គុំមកពីក្រៅដើម្បីផលិតនាំចេញនោះទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើនជាអតិបរមានៅកម្ពុជា។
ដោយឡែក ថ្មីៗនេះ ក្រុមហ៊ុន ZDG បានសម្រេចចិត្តដាក់ទុនក្នុងការនាំចូលនូវរថយន្តទំនើបម៉ាក LYNK & CO មកកាន់ទីផ្សារកម្ពុជា ហើយកាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) បានអនុម័តលើគម្រោងស្នើសុំដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ZDG Assembly Co., Ltd. ដែលនឹងជួយពង្រីកវិសាលភាពវិស័យយានយន្តនៅក្នុងស្រុកកាន់តែទូលាយ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ការនាំចូលរថយន្តមកកម្ពុជា មានបរិមាណជាង៨ម៉ឺន៣ពាន់គ្រឿង ជាមួយទំហំទឹកប្រាក់សរុបប្រមាណ ១.១ ពាន់លានដុល្លារ កើនឡើងជា៦០% ធៀបនឹងឆ្នាំ២០២៤ ដែលជាការកើនឡើងមិនធ្លាប់មានពីមុនមក៕