បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្តាប្រទេសអឺរ៉ុបមួយចំនួនចាត់វិធានការទប់ទល់នឹងការឡើងថ្លៃថាមពល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា

បណ្តាប្រទេសអឺរ៉ុបមួយចំនួនចាត់វិធានការទប់ទល់នឹងការឡើងថ្លៃថាមពល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា

បរទេស៖ សង្រ្គាមនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃថាមពលជុំវិញពិភពលោកឡើងថ្លៃដល់កម្រិតខ្ពស់ ជាពិសេសតម្លៃហ្គាសនៅអឺរ៉ុបឡើងថ្លៃប្រហែល ៦០ ភាគរយ ដែលធ្វើឱ្យប្រទេសជាច្រើនបានចេញវិធានការជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ នេះបើយោងតាមការរាយការណ៍ពី Euro News។

Advertisement

ចាប់តាំងពីមានសង្គ្រាមថ្ងៃទី ២៨ ខែកុម្ភៈ មក ពលរដ្ឋអឺរ៉ុប កំពុងប្រឈមនឹងតម្លៃអគ្គិសនី និងឧស្ម័នឡើងថ្លៃ ខណៈប្រទេសជាច្រើនអនុម័ត ឬ ប្រកាសវិធានការ ដើម្បីទប់ស្កាត់ពីការឡើងថ្លៃបន្ថែមទៀត។ ការបិទផ្លូវច្រកសមុទ្រ Hormuz ជំរុញតម្លៃប្រេងឆៅឡើងថ្លៃជាង ១០០ អឺរ៉ូក្នុងមួយបារ៉ែល និងតម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបឡើងថ្លៃប្រហែល ៦០ ភាគរយ។

មិ​នត្រឹមតែប៉ុណ្ណោះ តម្លៃប្រេងសាំង និងម៉ាស៊ូតនៅតាមស្ថានីយ៍ប្រេងឥន្ធនៈនៅអឺរ៉ុប បន្តឡើងថ្លៃឥតឈប់ឈរ បើគិតចាប់ពីនៅព័រទុយហ្គាល់ឡើងថ្លៃ ១៧,៥ ភាគរយ រហូតដល់អេស្ប៉ាញឡើងថ្លៃខ្ពស់ជាងគេបំផុត ៣៤,៣ ភាគរយ។ ជាមួយនឹងការឡើងថ្លៃខ្ពស់បែបនេះ រដ្ឋាភិបាលអឺរ៉ុបនានា បានចាប់ផ្តើមចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ពីផលប៉ះពាល់បន្ថែមទៀតលើពលរដ្ឋ។

ព័រទុយហ្គាល់គឺជាប្រទេសអឺរ៉ុបដំបូងគេចេញវិធានការជាក់ស្តែង ដោយរដ្ឋាភិបាលនាយករដ្ឋមន្រ្តីលោក Luís Montenegro ប្រកាសពីការកាត់បន្ថយពន្ធ VAT លើប្រេងម៉ាស៊ូត ៣,៥៥ អឺរ៉ូក្នុងមួយលីត្រ។ នៅខាងអេស្ប៉ាញ ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តផែនការមួយដែលមានតម្លៃ ៥ ពាន់លានអឺរ៉ូ (៥,៧៦ ពាន់លានដុល្លារ) ចូលជាធរមានរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ដែលផ្តោតលើការកាត់បន្ថយពន្ធពីពលរដ្ឋ។

រដ្ឋាភិបាលអេស្ប៉ាញកាត់បន្ថយពន្ធ VAT ពី​ ១០ ភាគរយ ទៅ ២១ ភាគរយ លើថាមពលគ្រប់ប្រភេទរួមមាន ឥន្ធនៈម៉ូទ័រ អគ្គិសនី ឧស្ម័នធម្មជាតិ និងឧស្ម័នហ្គាស butane។ តម្លៃអគ្គិសនី នឹងត្រូវបានកាត់បន្ថយ ១៣ ភាគរយ និងតម្លៃសាំង និងម៉ាស៊ូតទទួលបានការបញ្ចុះតម្លៃ ៣០ សេនក្នុងមួយលីត្រ ប៉ុន្តែអ្នកដឹកជញ្ជូន កសិករ និងអ្នកនេសាទនឹងទទួលបានការបញ្ចុះតម្លៃ ២០ សេនក្នុងមួយលីត្រ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលអេស្ប៉ាញនឹងបញ្ចេញប្រេងចំនួន ១១,៥ លានបារ៉ែល ស្មើនឹងការប្រើប្រាស់ជាតិប្រហែល ១២ ថ្ងៃ។ យ៉ាងណាមិញ ៦០ ភាគរយ ​នៃថាមពលនៅក្នុងអេស្ប៉ាញ ត្រូវបានផលិតពីប្រភពកកើតឡើងវិញ តម្លៃអគ្គិសនីចន្លោះពី ៣៧ ទៅ ៥៧ អឺរ៉ូប៉ុណ្ណោះក្នុង ១ មេហ្គាវ៉ាត់ម៉ោង ដែលថោកជាងអាល្លឺម៉ង់មានតម្លៃ ១១៣ អឺរ៉ូ និងអ៊ីតាលី ១៤១ អឺរ៉ូ។

អាល្លឺម៉ង់ទទួលរងការប៉ះទង្គិចខ្លាំងជាងគេ ដោយតម្លៃប្រេងឥន្ធនៈបន្ថែម ២,១៦ អឺរ៉ូ ក្នុងមួយលីត្រ ដែលកើនឡើងជិត ១៨ ភាគរយ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់លោកស្រី Katharina Reiche អនុម័តឱ្យស្ថានីយ៍ប្រេងឥន្ធនៈដំឡើងថ្លៃតែម្តងប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទោះបីជាតម្លៃថាមពលឡើងថ្លៃឥតឈប់ឈរក៏ដោយ ប៉ុន្តែទីក្រុងប៊ែកឡាំងបដិសេធយ៉ាងដាច់អហង្ការចំពោះការទិញឧស្ម័នពីរុស្ស៊ី ចាត់ទុកថាជា សកម្មភាពមិនអាចទទួលយកបានជាដាច់ខាត។ នៅខាងប្រទេសអ៊ីតាលីវិញ ទីក្រុងរ៉ូមកំពុងពិចារណាប្រើប្រាស់ប្រាក់ចំណូលពីពន្ធ VAT ដើម្បីជួយសម្រួលអ្នកប្រើប្រាស់ និងគ្រោងដាក់ទណ្ឌកម្មក្រុមហ៊ុន ដែលឆ្លៀតឱកាសនេះឡើងថ្លៃរកប្រាក់ចំណេញ។

ទន្ទឹមនឹងនេះ ប្រទេសមួយចំនួននៅមិនទាន់ចេញវិធានការបន្ធូរបន្ថយតម្លៃនៅឡើយទេដូចជា ​បារាំង ប៉ូឡូញ ហុងគ្រី និង​អូទ្រីស។ ទីក្រុងប៉ារីសកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាជាងការកាត់បន្ថយពន្ធ។ ប្រធានាធិបតីលោក Emmanuel Macron ជំរុញក្រុមប្រឹក្សាអឺរ៉ុបលើកសំណើរអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹក ដោយសារវាកានតែជំរុញឱ្យតម្លៃឡើងថ្លៃ។

យ៉ាងណាមិញ ក្រុមហ៊ុនប្រេងរបស់បារាំង TotalEnergies ប្រកាសពីការកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតរហូតដល់ដំណាច់ខែនេះ។ នៅខាងប្រទេសប៉ូឡូញ រដ្ឋាភិបាលប៉ូឡូញមិនទាន់ប្រកាសវិធានការកាត់បន្ថយពន្ធសំខាន់ៗណាមួយទេ ដោយសារព្រួយបារម្ភពីការប៉ះពាល់ដល់ស្ថិរភាពទីផ្សារ និងទំនុកចិត្តរបស់វិនិយោគិន។ លើសពីនេះ ​អូទ្រីសក៏មិនទាន់ប្រកាសវិធានការកាត់បន្ថយពន្ធសំខាន់ៗណាមួយនៅឡើយទេ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា