បរទេស៖ ទីផ្សារថាមពលសកលនៅតែស្ថិតក្នុងហានិភ័យដោយសារជម្លោះ និងភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឲ្យប្រទេសនៅជាប់ឈូងសមុទ្រជាច្រើនផ្អាកការផលិតប្រេង និងឧស្ម័ន ដែលធ្វើឲ្យតម្លៃថាមពលទាំងនេះឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។
ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន សណ្ឋាគារ អាកាសយានដ្ឋាន និងកន្លែងផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញ ជាពិសេស ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក។ ការវាយប្រហារនាពេលថ្មីៗនេះបានបំផ្លាញហេដ្ឋារចនាសម័្ពន្នផលិតជាច្រើនដូចជា៖ ទី១. រោងចក្រចម្រាញ់ប្រេង Ras Tanura, អារ៉ាប៊ីសាអូឌីត៖ រោងចក្រចម្រាញ់ប្រេង Ras Tanura ដែលជាកម្មសិទ្ធិរបស់ Saudi Aramco និងជាកន្លែងចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីរងការបំផ្លាញពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ Saudi Aramco គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានមូលធនប័ត្រទីផ្សារលើសពី ១,៧ ទ្រីលានដុល្លារ និងប្រាក់ចំណូលចំនួន ៤៨០ ពាន់លានដុល្លារ។ ក្រុមហ៊ុននេះមានសមត្ថភាពផលិតប្រេងច្រើនជាង ១២ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ស្មើរនឹង ១២% នៃផលិតកម្មសកល។
ទី២. ទីក្រុងឧស្សាហកម្ម Ras Laffan, កាតា៖ អ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើរោងចក្រថាមពលមួយនៅទីក្រុងឧស្សាហកម្ម Ras Laffan ដែលជាបណ្តុំកន្លែងផលិតឧស្ម័នធម្មជាតិរាវ (LNG)។ ទីក្រុងឧស្សាហកម្ម Ras Laffan គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន QatarEnergy ដែលជាអ្នកផលិត LNG ដ៏ធំបំផុតរបស់ពិភពលោក។ ទោះបីជាគ្មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសក្តី ប៉ុន្តែក្រុមហ៊ុនបានផ្អាកការផលិត LNG និងផលិតផលផ្សេងទៀតនៅកន្លែងដែលរងផលប៉ះពាល់។ ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់ QatarEnergy មានចំនួន ៨១ លានតោនដែលភាគច្រើនទៅកាន់ទីផ្សារអាស៊ីរួមមាន ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ប៉ាគីស្ថាន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ការផ្អាកផលិតកម្មបានជំរុញឲ្យតម្លៃឧស្ម័នឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេលបីឆ្នាំ។
ទី៣. ទីក្រុងឧស្សាហកម្ម Mesaieed, កាតា៖ ក្រសួងការពារជាតិរបស់កាតា រាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកទីដោយអ៊ីរ៉ង់ បានបំផ្លាញធុងស្តុកទឹកដែលជាកម្មសិទ្ធិរបស់រោងចក្រថាមពលនៅ Mesaieed។ ក្រោយក QatarEnergy ក៏បានបញ្ឈប់ការផលិតមួយចំនួនដែលត្រូវការទឹកជាចម្បងរួមមាន៖ អ៊ុយ ប៉ូលីមែរ មេតាណុល អាលុយមីញ៉ូម និងផលិតផលផ្សេងទៀត។
ទី៤. ស្ថានីយ៍ប្រេង Fujairah និង Mussafah, អារ៉ាប់រួម៖ ស្ថានីយ៍ប្រេងឥន្ធនៈ Mussafah នៅភាគនិរតីនៃទីក្រុង Abu Dhabi ត្រូវបានរងអគ្គីភ័យឆាបឆេះដោយសារយន្តហោះគ្មានមនុស្សបើក។ មិនត្រឹមតែប៉ុណ្ណោះ បំណែកកម្ទេចកម្ទីធ្លាក់ចុះពីលើមេឃបណ្តាលឲ្យមានភ្លើងឆេះនៅស្ថានីយប្រេង Fujairah នៅតាមបណ្តោយឆ្នេរភាគខាងកើតនៃអារ៉ាប់រួមផងដែរ។
ទី៥. កំពង់ផែ Duqm និង Salalah, អូម៉ង់៖ កាលពីថ្ងៃអង្គារ៍ យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាច្រើនគ្រឿងបានវាយប្រហារនៅកំពង់ផែ Duqm ដែលធ្វើឲ្យកប៉ាល់ដឹកប្រេងយ៉ាងហោចណាស់មួយបុកធុងស្តុកផ្ទុកប្រេង បណ្តាលឱ្យមានការផ្ទុះ ឆាប់ឆេះ។ នៅថ្ងៃដដែលនោះ យន្តហោះគ្មានមនុស្សបើកបានវាយប្រហារទៅកំពង់ផែ Salalah ដែលជាកន្លែងគ្រប់គ្រងប្រេងឥន្ធនៈ និងរ៉ែផងដែរ។
ទី៦. នាវាដឹកប្រេងរបស់ Athe Nova, ហុងឌូរ៉ាស៖ កាលពីថ្ងៃចន្ទ កប៉ាល់ដឹកប្រេងរបស់ Athe Nova ដែលមានទង់ជាតិហុងឌូរ៉ាសត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ និងបណ្តាលឱ្យឆាបឆេះ ខណៈដែលវាកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz។ ទោះបីជាមានអគ្គីភ័យក៏ដោយ កប៉ាល់នេះអាចគ្រប់គ្រងហានិភ័យបានដោយចេញតាមឈូងសមុទ្រអូម៉ង់ ហើយមិនមានអ្នកស្លាប់ និងរបួសនោះទេ។ ការវាយប្រហារចំនាវាដឹកប្រេងរបស់ Athe Nova បានធ្វើឲ្យអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ដោយព្រមានថា កប៉ាល់ណាដែលឆ្លងកាត់អាចនឹងត្រូវរងការវាយប្រហារ។ ចាប់តាំងពីពេលនោះមក នាវាដឹកប្រេងមួយចំនួនផ្សេងទៀតត្រូវបានរងការប្រហារផងដែរ។
ជម្លោះនេះកំពុងរំខានដល់ឧស្សាហកម្មថាមពលក្នុងកន្លែងផ្សេងទៀត ទោះបីជាមិនបានកំណត់គោលដៅដោយផ្ទាល់ក៏ដោយ។ ជាក់ស្តែង កន្លែងផលិតឧស្ម័ននៅឈូងសមុទ្រអ៊ីស្រាអែលដូចជា Leviathan និង Tamar ត្រូវបានបិទក្រោមវិធានការប្រុងប្រយ័ត្ន បន្ទាប់ពីការបាញ់បង្ហោះដ្រូន និងមីស៊ីលក្នុងតំបន់។ លើសពីនេះ កន្លែងផលិតប្រេងនៅតំបន់ Kurdistan ដែលមានអ្នកផលិតដូចជា DNO, Gulf Keystone និង Dana Gas បានបញ្ឈប់ការផលិត។ អណ្តូងប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ាក់ Rumaila ត្រូវបានបញ្ឈប់ប្រតិបត្តិការផងដែរ។
គួរឲ្យបញ្ជាក់ដែរថា មជ្ឈិមបូព៌ាគឺជាប្រភពទុនបំរុងអ៊ីដ្រូកាបូនដ៏សំខាន់របស់ពិភពលោក ហើយក៏ជាអ្នកនាំចេញប្រេងឆៅ និងឧស្ម័នធំមួយផងដែរ។ តំបន់នេះមានស្តុកប្រេងធំជាងគេចំនួនប្រាំក្នុងចំណោមប្រេងចំនួនប្រាំពីរនៅលើពិភពលោក។ បន្ទាប់ពីវេណេហ្ស៊ុយអេឡាដែលមានទុនបម្រុងប្រេងធំជាងគេ ៣០៣ ពាន់លានបារ៉ែល អារ៉ាប៊ីសាអូឌីតមានស្តុកទុកប្រេងឆៅធំបំផុតទីពីរមានចំនួនប្រហែល ២៦៧ ពាន់លានបារ៉ែល។ ទុនបម្រុងប្រេងធំបំផុតនៅមជ្ឈិមបូព៌ារួមមាន៖ អារ៉ាប៊ីសាអូឌីត ២៦៧ ពាន់លានបារ៉ែល, អ៊ីរ៉ង់៖ ២០៩ ពាន់លានបារ៉ែល, អ៊ីរ៉ាក់ ១៤៥ ពាន់លានបារ៉ែល, អារ៉ាប់រួម ១១៣ ពាន់លានបារ៉ែល, គុយវ៉ែត៖ ១០២ ពាន់លានបារ៉ែល។ យោងតាមទិន្នន័យពី Observatory of Economic Complexity (OEC) បានបង្ហាញពីអ្នកនាំចេញប្រេងកំពូលនៅមជ្ឈិមបូព៌ារួមមាន៖ អារ៉ាប៊ីសាអូឌីត ១៨៧ ពាន់លានដុល្លារ, អារ៉ាប់រួម៖ ១១៤ ពាន់លានដុល្លារ, អ៊ីរ៉ាក់៖ ៩៨ ពាន់លានដុល្លារ, អ៊ីរ៉ង់ ៤៧ ពាន់លានដុល្លារ (ការលក់ភាគច្រើនក្នុងការបញ្ចុះតម្លៃ ដោយសារតែទណ្ឌកម្មរបស់អាម៉េរិក), គុយវ៉ែត៖ ២៩ ពាន់លានដុល្លារ, អូម៉ង់ ២៨,៩ ពាន់លានដុល្លារ និងកាតា ២១ ពាន់លានដុល្លារ)។
ក្រៅពីប្រេងឆៅ មជ្ឈិមបូព៌ាគឺជាអ្នកផលិតឧស្ម័នធម្មជាតិដ៏ធំមួយដែលមានចំណែកជិត ១៨% នៃផលិតកម្មសកល និងប្រហែល ៤០% ភាគរយនៃទុនបម្រុងសរុបរបស់ពិភពលោក។ ឧស្ម័នធម្មជាតិត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ផលិតអគ្គិសនី កំដៅឧស្សាហកម្ម និងក្នុងសារធាតុគីមី និងជី។ ការនាំចេញឧស្ម័នត្រូវបានដឹកជញ្ជូនតាមបំពង់បង្ហូរប្រេង ឬតាមកប៉ាល់។ មិនត្រឹមតែប៉ុណ្ណោះ ទាំងការដឹកជញ្ជូនប្រេង និងឧស្ម័នត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ឆ្ពោះទៅកាន់ទីផ្សារធំៗនៅអាស៊ីរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏ដូចជាទៅកាន់ទ្វីបអឺរ៉ុបផងដែរ៕