បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង បោះទុនជាង ៥០០ ពាន់លានដុល្លារ ផលិតបន្ទះឈីប ឆ្លើយតបនឹងតម្រូវការ AI កើនឡើង

កូរ៉េខាងត្បូង បោះទុនជាង ៥០០ ពាន់លានដុល្លារ ផលិតបន្ទះឈីប ឆ្លើយតបនឹងតម្រូវការ AI កើនឡើង

បរទេស៖ កូរ៉េខាងត្បូង បានប្រកាសបោះទុនជាង ៥០០ ពាន់លានដុល្លារសម្រាប់វិនិយោគលើឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួន ដោយសារតម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) កំពុងហក់ឡើងខ្ពស់ខ្លាំង។ នេះបើយោងតាមការរាយការណ៍ពី CNA។

Advertisement

កាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Kim Jung-kwan លើកឡើងថា៖ “ក្នុងដំណាក់កាលដំបូង យើងនឹងអភិវឌ្ឍតំបន់ភាគនិរតីឱ្យទៅជាមជ្ឈមណ្ឌលផលិតឈីបពាក់កណ្តាលចម្លង (Semiconductor) ទីពីររបស់យើង។ យើងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបចងចាំចំនួន ៤ ទៀត តាមរយៈការវិនិយោគរួមគ្នាជាមួយនឹងក្រុមហ៊ុនឯកជនសរុបជាទឹកប្រាក់ ៨០០ ទ្រីលានវ៉ុន (៥១៨ ពាន់លានដុល្លារអាម៉េរិក)។”

ការប្រកាសនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយតំណាងក្រុមហ៊ុនធំៗដូចជា Samsung, SK Hynix និងក្រុមហ៊ុនបចេ្ចកវិទ្យាដទៃទៀតស្របទៅនឹងរបៀបវារៈរបស់ប្រធានាធិបតី លោក Lee Jae Myung ក្នុងការអភិវឌ្ឍវិស័យឈីបនៅតាមបណ្ដាតំបន់ភូមិភាគនានាក្រៅពីទីក្រុងសេអ៊ូល។

ការវិនិយោគថ្មីនេះមានទំហំធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត ដោយសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យដើរតួជាបេះដូង ដែលជំរុញដំណើរការ AI ហើយការវិនិយោគជាសកលលើវិស័យនេះត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង ៥.៥ ទ្រីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០។

ដូច្នោះហើយ រដ្ឋាភិបាលផ្ដល់ការគាំទ្រ ដើម្បីធានាថា ការវិនិយោគខ្នាតធំលើហេដ្ឋារចនាសម្ព័ន្ធ AI នឹងជំរុញឧស្សាហកម្មនៃមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងស្រុករីកចម្រើន និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅក្នុងប្រព័ន្ធអេកូឡូស៊ីទាំងមូល។

មិនត្រឹមតែប៉ុណ្ណោះ ការប្រកាសនេះជួយស្រោចស្រង់ទីផ្សារហ៊ុនរបស់ក្រុមហ៊ុនឈីបងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីថ្ងៃសុក្រ កន្លងទៅនេះ។

លោក Seo Sang-young អ្នកវិភាគមកពីក្រុមហ៊ុន Mirae Asset Securities លើកឡើងថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតឈីប បានកំពុងងើបឡើងវិញ ដោយសារតែការឡើងថ្លៃនៃតម្លៃឈីប ចំពេលមានកង្វះខាតការផ្គត់ផ្គង់។

ទន្ទឹមនឹងនេះ វិនិយោគិនភាគច្រើននៅតែមានទស្សនៈវិជ្ជមានចំពោះសក្ដានុពលរបស់ AI ក្នុងការជំរុញប្រាក់ចំណេញឱ្យកាន់តែខ្ពស់ ប៉ុន្តែក៏នៅមានវិនិយោគិនផ្សេងទៀតកំពុងព្រួយបារម្ភថា ការចំណាយទុនដ៏ច្រើនក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នេះអាចនឹងត្រូវចំណាយពេលយូរពេក ទម្រាំតែអាចប្រមូលផលចំណេញត្រឡប់មកវិញ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា