បរទេស ៖ កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនឲ្យកាន់តែខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Korea Times ។
កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ របស់កូរ៉េខាងត្បូង បានប្រកាសថា គណៈកម្មាធិការពិសេសសាធារណៈ និងឯកជនបានរួមគ្នាអនុម័តផែនការអនុវត្តឆ្នាំ២០២៦ ស្តីពីបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ ដើម្បីសម្របសម្រួលដល់ការផ្តល់មូលនិធិស្រាវជ្រាវ ឧបករណ៍គោលនយោបាយ និងគាំទ្រផ្នែកហិរញ្ញវត្ថុ។ ផែនការបច្ចេកវិទ្យានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្នុងគោលបំណងធានានូវសមត្ថភាពសំខាន់ៗដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ និងកំណើនឧស្សាហកម្ម។ រដ្ឋាភិបាលបានបង្កើនការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាជាយុទ្ធសាស្ត្រជាតិ ៣០% បន្ថែមពីលើខ្ទង់ចំណាយដែលមានកាលពីឆ្នាំមុន ឬ ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)សម្រាប់ឆ្នាំ២០២៦ ។ មូលនិធិនេះគាំទ្រកម្មវិធីរដ្ឋាភិបាលដែលគ្របដណ្តប់លើ ១៩ វិស័យ ហើយវិស័យអាទិភាពមួយចំនួន រួមមាន ឈីប (semiconductors), បញ្ញាសិប្បនិម្មិត (AI), ទូរគមនាគមន៍, សន្តិសុខតាមអ៊ីនធឺណិត, ជីវបច្ចេកវិទ្យា, មនុស្សយន្ត, អវកាស, ការផលិតនាវា, ថ្មថាមពល, នុយក្លេអ៊ែរ, ថាមពលស្អាត និង បច្ចេកវិទ្យាផ្នែកយោធា។ មូលនិធិនេះដែរ នឹងជួយលើកកម្ពស់អ្នកស្រាវជ្រាវ និងកម្មវិធីសាធារណៈនានា ដើម្បីជំរុញលទ្ធផលការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) អាចទៅដល់ទីផ្សារបានលឿនជាងមុន អាចពង្រីកខ្លួននៅក្រៅប្រទេស និងជំរុញការផ្សព្វផ្សាយដល់វិស័យឯកជន រួមទាំងអ្នកវិនិយោ។
លោក Park In-kyu ប្រធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវិទ្យាសាស្ត្របាននិយាយថា ស្របពេលដែលកំពុងមានភាពតានតឹងភូមិសាស្ត្រនយោបាយ បច្ចេកវិទ្យាគឺជាយុទ្ធសាស្ត្រមួយ និងបានក្លាយជាទ្រព្យសម្បត្តិស្នូលដែលកំណត់សេដ្ឋកិច្ច ជាពិសេស សន្តិសុខរបស់ប្រទេសមួយ។ ដូច្នោះហើយ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើនការគាំទ្រសម្រាប់ធានាបច្ចេកវិទ្យាជាយុទ្ធសាស្ត្រជាតិ តាមរយៈការលុបបំបាត់របាំងរវាងក្រសួងនានា និងកសាងប្រព័ន្ធអេកូឡូស៊ីប្រកបដោយភាពច្នៃប្រឌិតដែលអាចផ្តល់លទ្ធផលបានយ៉ាងឆាប់រហ័ស និងជួយប្រទេសបង្កើនការប្រកួតប្រជែងជាសកល។
ការផ្តោតសំខាន់ទី ២ នៅក្នុងផែនការថ្មីនេះដែរ គឺការពង្រឹងសន្តិសុខបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសក្ដានុពលភូមិសាស្ត្រនយោបាយ និងឧស្សាហកម្ម ដោយរដ្ឋាភិបាលគ្រោងរៀបចំក្របខ័ណ្ឌបច្ចេកវិទ្យាជាយុទ្ធសាស្ត្រឡើងវិញក្នុងឆមាសទី១ឆ្នាំនេះ និងលុបបំបាត់ការពិនិត្យមើលបឋមសម្រាប់កម្មវិធីមួយចំនួន ពិនិត្យឡើងវិញនូវកម្មវិធីមួយចំនួនដើម្បីឱ្យធូរស្រាលជាងមុន។ លើសពីនេះ រដ្ឋាភិបាលក៏គ្រោងពង្រឹងសន្តិសុខបច្ចេកវិទ្យាតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ដើម្បីបង្កើនសមត្ថភាពបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួននៅលើឆាកអន្តរជាតិ។
ដោយឡែក ការផ្តោតសំខាន់ទី៣ នៅក្នុងផែនការថ្មីនេះដែរ គឺការណែនាំកម្មវិធីតម្រង់ទិស ព្រមទាំងគម្រោងថ្មីៗដែលភ្ជាប់ជាមួយគ្នានូវកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យា, គោលនយោបាយ និងការវិនិយោគ៕