បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ភ្នំពេញ៖ ជាផ្នែកមួយនៃយុទ្ធនាការផលិតផលជាតិ (MadeInCambodia) បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។ នេះបើតាមការឱ្យដឹងរបស់លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

Advertisement

លោកជំទាវបានមានប្រសាសន៍ថា៖ យុទ្ធនាការផលិតផលជាតិ MadeInCambodia ដែលរៀបចំឡើងរយៈពេល១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញនេះ គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពីក្ដីស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះកសិករខ្មែរ និងផលិតករខ្មែរ រួមទាំងស្មារតីស្រទ្បាញ់ជាតិមាតុភូមិ ចូលរួមផ្សព្វផ្សាយផលិតផលជាតិឱ្យមានភាពលេចធ្លោ ក៏ដូចជាជំរុញការដាក់លក់ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។

យោងតាមក្រសួងពាណិជ្ជកម្ម ដើម្បីជួយលើកស្ទួយ និងគាំទ្រផលិតផលខ្មែរ ក៏ដូចជាផលិតផលក្នុងស្រុកដែរនោះ ក្រសួង និងភាគីពាក់ព័ន្ធបានបង្កើត «ផ្សារផលិតផលខ្មែរ » និង «គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលជាវេទិកាពាណិជ្ជកម្មដ៏សំខាន់សម្រាប់កសិផល និងផលិតផលកែច្នៃក្នុងស្រុក ។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងយុទ្ធសាស្ត្រក្នុងការបង្កើតឱកាសទីផ្សារបន្ថែមជូនដល់កសិករ ផលិតករ និងអាជីវករខ្នាតតូច ក៏ដូចជាការពង្រឹងខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការណ៍នេះ មិនត្រឹមតែជួយបង្កើតប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពផងដែរ។

លោកជំទាវ តោ ពិឡា បានបញ្ជាក់ថា៖ យុទ្ធនាការផលិតផលជាតិ MadeInCambodia បង្កើតឱកាសមាសសម្រាប់ MSMEs ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាពីស្តង់ដារ តម្រូវការទីផ្សារ និងនីតិវិធីនានា ដើម្បីបង្កើនលទ្ធភាពដាក់លក់ផលិតផលក្នុងស្រុកទៅក្នុងបណ្តាផ្សារទំនើប (Supermarkets/Malls) ម៉ាត និងមីនីម៉ាត។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គោលបំណងសំខាន់នៃយុទ្ធនាការផលិតផលជាតិពេញមួយឆ្នាំនេះ គឺបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព និងស្តង់ដាផលិតផលក្នុងស្រុក ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាផ្សារទំនើប។ យុទ្ធនាការនេះ ក៏ធ្វើឡើងដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិត​ផលដែលផលិតក្នុងស្រុកដល់ប្រជាពលរដ្ឋជាអតិថិជនគោលដៅ ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។

គោលបំណងសំខាន់មួយទៀតនៃយុទ្ធនាការនេះ គឺផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា រួមទាំងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា