បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រ (Taxonomy) ហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ជាផ្លូវការ ដើម្បីលើកកម្ពស់តម្លាភាព និងសង្គតិភាពក្នុងការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំជាសកម្មភាពបៃតង (Greenwashing) ក្នុងវិស័យហិរញ្ញវត្ថុ។

Advertisement

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធវដ្តករសាស្ត្រនេះ ធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅរាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ប្រព័ន្ធវដ្តករសាស្ត្រ គឺជាសមិទ្ធផលថ្មីមួយ ដែលបង្ហាញថា កម្ពុជាកំពុងផ្លាស់ប្តូរពីការកំណត់ទិសដៅទៅកាន់ សកម្មភាពជាក់ស្តែង និងមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការតម្រង់ទិសវិស័យហិរញ្ញវត្ថុឱ្យស្របតាម អាទិភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវបណ្ឌិត បានបន្តថា វាជាការរួមចំណែកយ៉ាងសំខាន់របស់ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ថាតុចូលដ៏មានសារៈសំខាន់ដើម្បីឱ្យការរៀបចំប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុនេះកាន់តែមានភាពទូលាយ សង្គតិភាព និងស្របទៅនឹងបរិបទនៃការអភិវឌ្ឍរបស់កម្ពុជា​។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា៖ 

“ការរៀបចំប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុ ប្រកបដោយចីរភាពរបស់យើង មិនត្រឹមតែអាចចូលរួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបនឹងតម្រូវការអនុលោមភាព តាមស្តង់ដារបរិស្ថានរបស់ដៃគូពាណិជ្ជកម្ម ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារសកលផងដែរ។”

លោកជំទាវបណ្ឌិត បានបន្តថា ដោយការមើលឃើញ របស់ធនាគារពិភពលោក បញ្ជាក់ថា ប្រសិនបើគ្មានវិធានការដោះស្រាយ ឱ្យបានទាន់ពេលលវេលា នោះទេ ប្រទេសកម្ពុជានឹងរងការខាតបង់រហូតដល់ ៩% នៃផលិតផលក្នុងស្រុកសរុបត្រឹមឆ្នាំ២០៥០ ដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ឆ្លើយតបនឹងបញ្ហានេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា កម្ពុជានឹងបន្តរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ ត្រឹមឆ្នាំ ២០៣៥ ដូចដែលបានចែង នៅក្នុងផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC) និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនីឆ្នាំ២០២២-២០៤០ និងផែនការយុទ្ធសាស្ត្រ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ ២០២៤-២០៣៣ ជាដើម។

លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា ជាមួយគ្នានេះ ការរៀបចំប្រព័ន្ធវដ្តករសាស្ត្រ ក៏មានលក្ខណៈស្របគ្នានឹងប្រព័ន្ធវដ្តករសាស្ត្ររបស់អាស៊ាន សហភាពអឺរ៉ុប និងប្រទេសសិង្ហបុរីជាដើម ព្រមទាំងបានគិតគូរពីបរិបទរបស់កម្ពុជា ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើម​នានា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ។

លោកជំទាវបណ្ឌិត ជា សិរី ដើម្បីសម្រេចគោលដៅនេះទៅបាន គឺត្រូវការការវិនិយោគទាំងពីផ្នែកសាធារណៈ និងឯកជន ហើយថវិកាសាធារណៈតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការហិរញ្ញវត្ថុ ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ។ ហេតុនេះ កម្ពុជាត្រូវតែកៀរគរមូលធនឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីកាត់បន្ថយគម្លាតមូលនិធិ ដែលនឹងជួយលើកទឹកចិត្តដល់គម្រោងវិនិយោគបៃតង និងការចូលរួមពីសំណាក់វិស័យឯកជន ព្រមទាំងដៃគូអភិ​វឌ្ឍន៍។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ទោះបីជាប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងដំណាក់កាលដំបូងនេះ ត្រូវបានរៀបចំឡើងសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ ប៉ុន្តែវាមិនមែនមានន័យថា វិស័យផ្សេងទៀតមិនមានសិទ្ធិប្រើប្រាស់ ដើម្បីទទួលបានមូលនិធិ ឬការវិនិយោគបៃតងនោះទេ។ ពោលគឺ ត្រូវបាន លើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទទួលយកប្រព័ន្ធវដ្តករសាស្ត្រនេះទៅប្រើប្រាស់ ដើម្បីឈានទៅសម្រេចបានគោលដៅរួម ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា​។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា៖

“ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកប​ដោយចីរភាពនេះ នឹងក្លាយជាក្របខ័ណ្ឌមួយសម្រាប់កៀរគរទុន ដើម្បីសម្របសម្រួលការផ្លាស់ប្តូរនេះ។ តាមរយៈការដាក់ចេញនូវប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកប ដោយចីរភាពនេះ ប្រទេសកម្ពុជាកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់ និងការវិនិយោគអន្តរជាតិ ព្រមទាំងធានាបាននូវភាពសមស្រប និងអាចអនុវត្តបានសម្រាប់ បរិបទរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសកំពុងអភិ​វឌ្ឍន៍”៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា