បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

Advertisement

លោកបណ្ឌិត Ken Loo អគ្គលេខាធិការ TAFTAC បានបញ្ជាក់ប្រាប់ AMS Economy កាលពីរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ថា សមាគមមានគម្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក ដើម្បីពង្រឹងគ្រឹះឧស្សាហកម្មក្នុងស្រុក និងជួយលើការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្រោយពីចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩។

លោកបានបន្តលើកឡើងថា ៖

“ការអភិវឌ្ឍឧស្សាហកម្មផលិតវត្ថុធាតុដើមជាមួយនឹងបទប្បញ្ញត្តិបរិស្ថាន​ច្បាស់លាស់និងជាក់ស្តែង មានសារៈសំខាន់ក្រោយការចាកចេញពី LDC របស់កម្ពុជា។”

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគម TAFTAC បានបា្រប់ AMS Economy ថា បច្ចុប្បន្ន សមាគម និងភាគីពាកព័ន្ធ បាននិងកំពុងសិក្សា ដើម្បីស្វែងរកធាតុចូលក្នុងការបង្កើតគោលនយោបាយ សម្រាប់គាំទ្រដល់ការផលិតវិត្ថធាតុដើមក្នុងស្រុក។

លោកបានថ្លែងដូច្នេះថា៖

“យើងកំពុងស្ថិតនៅក្នុងការពិភាក្សាគ្នាទៅលើគោលនយោបាយពិសេសសម្រាប់ការគាំទ្រការផលិតវត្ថុធាតុដើមនៅក្នុងស្រុក និងការលើកទឹកចិត្តផ្នែកពន្ធនិងផ្នែកមិនមែនពន្ធ ព្រមទាំងការរៀបចំជាក់លាក់មួយចំនួនទៀត ដូចជាការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ដោយមានឧបករណ៍សម្ភារគ្រប់គ្រងទឹកកខ្វក់ជាដើម។”

ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​លោកបណ្ឌិត សំ សឿន បាន​ឱ្យ​ដឹង​ថា​ សមត្ថភាព​នៃ​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​របស់​កម្ពុជា​ពិត​ជា​មាន​កម្រិត ​ជា​ហេតុ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ទិញ​វត្ថុធាតុ​ដើម​ពី​បរទេស​មក​ផ្គត់ផ្គង់​សង្វាក់​ផលិត​កម្ម​ក្នុង​ស្រុក​ដើម្បី​នាំ​ចេញ។

លោកបណ្ឌិត បានបង្ហាញការ​គាំទ្រ​ដល់​ការ​បោះ​ជំហាន​ក្នុង​ការ​បង្កើតវត្ថុធាតុ​ដើម​ផ្គត់ផ្គង់​ក្នុងស្រុក ​ដោយ​លើកឡើងថា ​​​​​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ កាត់​បន្ថយ​ការ​កក​ស្ទះ​លើ​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ពី​បរទេស និង​ជំរុញ​ការ​នាំចេញ​​​ផលិត​ផល​សម្រេច​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ផង​ដែរ។​

លោកបណ្ឌិត បាន​ឱ្យដឹងដូច្នេះថា៖ 

“បើ​សិន​ជា​មាន​ការ​ផលិត​វត្ថុ​ធាតុ​ដើម​នៅ​កម្ពុជា​ នោះ​យើង​មើល​ឃើញ​ថា​កម្ពុជា​នឹង​មាន​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​ទាំង​ក្នុង​តំបន់​លើ​ការ​នាំ​ចេញ​ផលិត​ផល​សម្រេច និង​លើក​ស្ទួយ​ដល់​វិស័យ​ការងារ និង​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​​។”

គួររំលឹកផងដថា លោក Enjoy Ho ប្រធាន TAFTAC បានជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតលើការពង្រីកប្រភពវត្ថុធាតុដើម និងការរួមបញ្ចូលខ្សែសង្វាក់ផលិតកម្ម ដើម្បីពង្រឹងគ្រឹះឧស្សាហកម្មក្នុងស្រុក។

លោកប្រធានសមាគមបានបង្ហាញអំពីទិសដៅនិងអាទិភាពការងារសំខាន់ៗរបស់ TAFTAC ក្នុងអាណត្តិថ្មី ដោយផ្តោតលើការលើកកម្ពស់ស្តង់ដារផលិតកម្ម ការជំរុញនិរន្តរភាព ការទាក់ទាញវិនិយោគថ្មីៗ ការកែលម្អបរិយាកាសវិនិយោគ និងការពង្រឹងសមត្ថភាពប្រកួតប្រជែង ព្រមទាំងការពង្រីកទីផ្សារនាំចេញ។

ដោយឡែក ក្នុងជំនួបជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមកថ្មីៗ លោក Enjoy Ho បានស្នើសុំគណៈកម្មាធិការ​វិនិយោគកម្ពុជាបន្តគាំទ្រនូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងឧស្សាហ​កម្មគាំទ្រផ្សេងៗទៀត។

ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យសមាគម៖ ទី១-ធ្វើការគិតគូរលើការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ និងទី២-ធ្វើការគិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គង់ផ្គង់សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ផ្តល់កិច្ចសហការធ្វើកិច្ចការនេះ។ ជាការឆ្លើយតប លោក Enjoy Ho បានទទួលយកសំណើទាំងពីរនេះ ដើម្បីធ្វើការគិតគូររៀបចំ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា