បរទេស ៖ រ៉ែកម្រ បានក្លាយទៅជាគោលដៅនៃការប្រកួតប្រជែងគ្នាក្នុងសម័យបច្ចេកវិទ្យារីកចម្រើនពីសំណាក់ក្រុមប្រទេសមហាអំណាច ជាពិសេស សហរដ្ឋអាម៉េរិក, ចិន និង ឥណ្ឌាជាដើម។ ដោយឡែក ថ្មីៗនេះ សកម្មភាពវិនិយោគ និងបេសកកម្មការងារដ៏មមាញឹករបស់ពួកគេត្រូវបានគេសង្កេតឃើញកំពុងដាក់ផែនការដើម្បីអាចសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការគ្រប់គ្រងចំណែកទីផ្សាររ៉ែកម្រ ខណៈដែលកោះតៃវ៉ាន់គឺជាគោលដៅធំបំផុត។
ចេញផ្សាយដោយ The Straits Times កាលពីថ្ងៃពុធសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានទៅបំពេញទស្សនកិច្ចនៅទីតាំងរ៉ែកម្រសំខាន់ៗជាច្រើនកន្លែងស្ថិតនៅបណ្តាខេត្តភាគខាងត្បូងនៃប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា នៅក្នុងដំណើរទស្សកិច្ចដ៏សំខាន់មួយនេះត្រូវបានធ្វើឡើងចំពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងមានការប្រកួតប្រជែងដ៏តានតឹងជាមួយនឹងសហរដ្ឋអាម៉េរិកលើទីផ្សាររ៉ែកម្រ។

លោកនាយករដ្ឋមន្ត្រី Li Qiang បានមានប្រសាសថា៖ គុណតម្លៃដ៏ចាំបាច់បំផុតនៃរ៉ែកម្រ គឺការអភិវឌ្ឍន៍ផលិតកម្មកម្រិតខ្ពស់ និងការលើកកម្ពស់ការបំប្លែងថាមពលបៃតង ឬកាបូនទាប ដែលកំពុងតែមានភាពលេចធ្លោកាន់តែខ្លាំងឡើង។ វាគឺជាវត្ថុធាតុដើមសំខាន់បំផុតក្នុងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃវិស័យឧស្សាហកម្ម ការស្រាវជ្រាវ និងការអនុវត្ត ជាពិសេស ការអនុវត្តបច្ចេកវិទ្យាអភិវឌ្ឍរ៉ែកម្រតែម្ដង។
ជាកាតកត់សម្គាល់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang រំលងបានមួយថ្ងៃប៉ុណ្ណោះ រដ្ឋាភិបាលកោះតៃវ៉ាន់ បានប្រកាសពីគម្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក ដើម្បីត្រួតពិនិត្យ និងវាយតម្លៃទីតាំងរ៉ែកម្រដូចគ្នាដែរ។ នេះបើយោងតាមការចុះផ្សាយដោយ The Taiwan News។
សូមរំលឹកដែរថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសបញ្ចេញឃ្លាំងស្តុករ៉ែសំខាន់ៗរបស់ខ្លួន (Project Vault) ក្រោមការគាំទ្រពីវិស័យឯកជនដោយក្នុងនោះ ធនាគារ Export-Import Bank បានផ្តល់មូលនិធិដល់ទៅ១០ពាន់លានដុល្លារ និង២០០០លានដុល្លារទៀតជាមូលនិធិឯកជន។
គួរឲ្យដឹងដែរថា រ៉ែកម្ររបស់ពិភពលោកត្រូវបានកំណត់ និងបែងចែកជា១៧ប្រភេទ ហើយវាត្រូវបានចាត់ទុកថាជាធនធានដ៏មានសារៈសំខាន់សម្រាប់វិស័យឧស្សាហកម្ម បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងអេឡិចត្រូនិក ស្មាតហ្វូន ជាពិសេស ការផលិតសព្វាវុធបែបបច្ចេកវិទ្យាធុនធំជាច្រើនទៀត៕
























