ភ្នំពេញ៖ ក្នុងពេលដែលពន្ធលើចំណេញធន នឹងត្រូវចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីនីតិវិធីនៃការដាក់លិខិតប្រកាសពន្ធតាមអនឡាញ សម្រាប់អ្នកជាប់ពន្ធ ដើម្បីសម្រួលដល់ការងារប្រកាសពន្ធ ឱ្យកាន់តែលឿនរហ័ស ក៏ដូចជាបង្ហាញពីគណនេយ្យភាព និងតម្លាភាព។
យោងតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីនីតិវិធីនៃការដាក់លិខិតប្រកាសពន្ធលើចំណេញមូលធន តាមអនឡាញសម្រាប់អ្នកជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ប៉ុន្តែសម្រាប់ពេលនេះ សូមលើកយកតែអ្នកជាប់ពន្ធ និវាសនជនជារូបវន្តបុគ្គល និងអ្នកជាប់ពន្ធអនិវាសនជន មកបង្ហាញប៉ុណ្ណោះ ។
ជំហានទី ១ ត្រូវចូលទៅកាន់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា ( https://gdthometax.tax.gov.kh ) ដោយប្រើគណនី ដែលមានស្រាប់សម្រាប់អ្នកដែលបានចុះឈ្មោះរួច។ ចំពោះអ្នកដែលមិនទាន់មានគណនី ត្រូវចុះឈ្មោះប្រើប្រាស់ជាមុនសិន។ បន្ទាប់មក ត្រូវចូលទៅកាន់មុខងារ «សេវាកម្មអេឡិចត្រូនិក » រួចជ្រើសរើសយក ប្រព័ន្ធគ្រប់គ្រងពន្ធលើចំណេញមូលធន។ ឬក៏អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ( http://www.tax.gov.kh) ហើយចូលទៅកាន់មុខងារ សេវាកម្មអេឡិចត្រូនិកពន្ធដារ និងជ្រើសរើសយក ប្រព័ន្ធគ្រប់គ្រងពន្ធលើចំណេញមូលធន។
ជំហានទី ២ ត្រូវចូលទៅកាន់មុខងារ គ្រប់គ្រងបញ្ជីប្រកាសពន្ធ រួចចុចលើប៊ូតុង ដាក់លិខិតប្រកាសថ្មី បន្ទាប់មក បំពេញព័ត៌មានដែលប្រព័ន្ធតម្រូវមួយចំនួន ដូចជាព័ត៌មានរបស់អ្នកលក់ ឬអ្នកផ្ទេរសិទ្ធិ ព័ត៌មានរបស់អ្នកទិញ ឬអ្នកទទួលសិទ្ធិ ព័ត៌មានប្រកាសពន្ធ និងភ្ជាប់( Upload ) ឯកសារយោងឱ្យបានត្រឹមត្រូវ។
ជំហានទី ៣ ក្រោយបំពេញព័ត៌មានលិខិតប្រកាសពន្ធរួចរាល់ សូមចុចប៊ូតុង គណនាប្រាក់ពន្ធត្រូវបង់ ដើម្បីឱ្យប្រព័ន្ធធ្វើការគណនា និងបង្ហាញតារាងគណនាប្រាក់ពន្ធត្រូវបង់ ។ ជំហានបន្ទាប់ ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានដែលបានបំពេញឱ្យបានត្រឹមត្រូវមុននឹងដាក់លិខិតប្រកាសពន្ធ។ ក្រោយពិនិត្យរួចរាល់ សូមចុងប៊ូតុង រក្សាទុកជាសេចក្ដីព្រាង ក្នុងករណីនៅខ្វះខាតព័ត៌មានដែលត្រូវបំពេញបន្ថែម និងដាក់លិខិតប្រកាសពន្ធមកអគ្គនាយកដ្ឋានពន្ធដារនៅពេលក្រោយ ឬក៏ចុចប៊ូតុង ដាក់លិខិតប្រកាសពន្ធ ក្នុងករណី ត្រូវរក្សាទុក និងដាក់លិខិតប្រកាសពន្ធមកអគ្គនាយកដ្ឋានពន្ធដារតែម្ដង។ លោកអ្នកអាចបោះពុម្ព ( ព្រីន ) លិខិតបញ្ជាក់ការដាក់លិខិតប្រកាស ចេញពីប្រព័ន្ធនេះបានផងដែរ។
បើតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងថា បន្ទាប់ពីបានដាក់លិខិតប្រកាសពន្ធរួចរាល់ លោកអ្នក ត្រូវរង់ចាំការពិនិត្យ និងសម្រេចពីអគ្គនាយកដ្ឋានពន្ធដារ ដោយអាចពិនិត្យ និងតាមដានស្ថានភាពលិខិតប្រកសានៅក្នុងមុខងារ បញ្ជីលិខិតប្រកាសពន្ធ រួចស្វែងរកលិខិតប្រកាស តាមរយៈលេខបារកូដ រួចពិនិត្យស្ថានភាពប្រកាស។
បន្ទាប់ពីអគ្គនាយកដ្ឋានបានឯកភាពលើការដាក់លិខិតប្រកាសពន្ធហើយលោកអ្នកអាចបង់ប្រាក់ពន្ធក្នុងប្រព័ន្ធនេះតែម្ដង ដោយចុចប៊ូតុង បង់ប្រាក់ពន្ធ រួចជ្រើសរើសធនាគារ និងបន្តនីតិវិធីបង់ប្រាក់របស់ធនាគារ ឬបោះពុម្ពសេចក្ដីជូនដំណឹងស្ដីពីការបង់ប្រាក់ពន្ធលើចំណេញមូលធន ហើយត្រូវបង់ប្រាក់ដោយប្រើប្រាស់បារកូដដែលមាននៅលើសេចក្ដីជូនដំណឹងនោះ ជាមួយធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធគ្រប់គ្រងពន្ធតាមអនឡាញ។
ក្រោយពេលបង់ប្រាក់ពន្ធរួចរាល់ហើយ ស្ថានភាពលិខិតនឹងបង្ហាញថាជោគជ័យ ប៉ុន្តែបើសិនជាប្រព័ន្ធបង្ហាញថាពាក្យ « បដិសេធ » នោះមានន័យថា ការបំពេញ មានភាពចន្លោះប្រហោង ដែលតម្រូវឱ្យពិនិត្យនិងបំពេញឱ្យបានត្រឹមត្រូវ រួចដាក់លិខិតប្រកាសពន្ធឡើងវិញ។
ក្នុងករណីប្រាក់ពន្ធមិនត្រឹមត្រូវ ដូជជាលើសឬខ្វះ ទំហំទឹកប្រាក់ពន្ធ អ្នកជាប់ពន្ធអាចទាក់ទងដើម្បីសាកសួរព័ត៌មាន ពាក់ព័ន្ធនឹងដំណើរការឯកសារ ការគណនាប្រាក់ពន្ធជាដើម តាម GDT Call Center 1277 ឬសារអេឡិចត្រូនិក ក្នុងប្រព័ន្ធ។
ឯកឧត្តមបណ្ឌិតកែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា វិសាលភាពនៃការកំណត់កាយកពន្ធលើចំណេញមូលធន ពីប្រតិបត្តិការលក់ ឬផ្ទេរទ្រព្យ ៥ ប្រភេទរួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស គឺត្រូវអនុវត្តចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន ។ ហើយពន្ធលើចំណេញមូលធនលើការឬផ្ទេរទ្រព្យទាំង៥ប្រភេទនេះ ត្រូវបង់នៅពេលដែលមានចំណេញតែប៉ុណ្ណោះ បើមិនចំណេញ គឺមិនចាំបាច់បង់ពន្ធនោះទេ៕