បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

Advertisement

កាសែត Bangkok Post នៅថ្ងៃទី២៨ ខែឧសភានេះ បានឲ្យដឹងថា ការលក់របស់ក្រុមហ៊ុនថៃ​ PTT Oil and Retail Business ហៅកាត់ថា OR បានធ្លាក់ចុះ​យ៉ាងគំហុគនៅកម្ពុជា។ ពោលការលក់ បានថយចុះពី ៥០ភាគរយ ទៅ៦០រយភាគរយ ហើយចំនួនស្ថានីយ៍​លក់រាយជិតកណ្ដាលរបស់ពួកគេនៅកម្ពុជា ត្រូវបិទទ្វា ដោយសារតែភាពតានតឹងនយោបាយរវាងប្រទេសជិតខាងគ្នាទាំងពីរ។

ការធ្លាក់ចុះយ៉ាងគំហុគរបស់ក្រុមហ៊ុនខាងលើនេះ បន្ទាប់ពីកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នា ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥។ ពលរដ្ឋកម្ពុជា បានធ្វើពហិការប្រើប្រាស់រាល់ទំនិញថៃ ហើយស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងហោចណាស់ ៤០ ទៅ៥០ បានប្តូរពីក្រុមហ៊ុន PTT ទៅរួមជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ Peace វិញ។ ហើយ​ស្ថានីយ៍​លក់​រាយ​មួយចំនួន​តូច​ទៀត​បាន​ប្តូរ​ទៅ​ម៉ាកយីហោ​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​កាល់តិចរបស់​អាមេរិក និងក្រុម​ហ៊ុន​តូតាល់ របស់​បារាំង។

បើតាមកាសែត Bangkok Post ជម្លោះព្រំដែនកម្ពុជា និងថៃ បានបណ្តាលឱ្យមានការលក់ក្រៅប្រទេសរបស់ក្រុមហ៊ុន PTT បានធ្លាក់ចុះ ១២,៥ភាគរយ និងប្រាក់ចំណេញសុទ្ធនៅត្រីមាសទីមួយធ្លាក់ចុះ ៤៤ភាគរយ បើទោះបី កម្ពុជា មានត្រឹមតែ ២ភាគរយ ទៅ៣ភាគរយ នៃប្រាក់ចំណេញរបស់ OR ក៏ដោយ។

ចំណែក ប្រាក់ចំណូលសរុបនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ធ្លាក់ចុះ ៣,៥ភាគរយ បើធៀបនឹងពេលដូចគ្នានៅឆ្នាំ២០២៥។ ខណៈបរិមាណលក់ប្រេងពីប្រតិបត្តិការក្រៅប្រទេសបានធ្លាក់ចុះ ១២,៥ភាគរយ ដែលភាគច្រើនដោយសារតែការបិទនៅកម្ពុជា។

តំណាងក្រុមហ៊ុនប្រេង PTT ទទួលស្គាល់ថា ជម្លោះរវាងប្រទេសថៃ និងកម្ពុជា ពិតជាមានផលប៉ះពាល់ចំណូលរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនក៏កំពុងស្វែងរកឱកាសថ្មីក្រៅពីកម្ពុជា ផងដែរ ពិសេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានធ្វើឲ្យក្រុមហ៊ុនថៃ ស្ទើរទាំងអស់នៅកម្ពុជា ដកខ្លួនជាបន្តបន្ទាប់ ព្រោះការធ្វើពហិការយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្ដែង ក្រុមហ៊ុនប្រេង PTT របស់ថៃ​ទំនងជាអាចប្រឈមនឹងការបាត់បង់វត្តមានទីផ្សារក្នុងប្រទេសកម្ពុជា នាពេល​អនាគត​។​

គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ មានរយៈពេល១ឆ្នាំហើយនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ មុនពេលជម្លោះព្រំដែន ក្រុមហ៊ុនប្រេង PTT មានស្ថានីយ៍ប្រេងឥន្ធនៈប្រហែល ២០០ និងហាងកាហ្វេ Amazon ចំនួន ១៥០កន្លែង នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៦ មានតែស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៩១ និងហាងកាហ្វេចំនួន ១៣៦ ប៉ុណ្ណោះ៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា