
បរទេស៖ ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ។ នេះបើយោងតាមសារព័ត៌មាន The Nation។
កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានស្នើដំឡើងពន្ធគយពីអត្រា ១០ ភាគរយ ទៅ ១២,៥ ភាគរយ លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មផ្អែកលើច្បាប់ពាណិជ្ជកម្មផ្នែក ៣០១។
អត្រាពន្ធ ១០ ភាគរយ នឹងអនុវត្តចំពោះសេដ្ឋកិច្ចទាំងឡាយណាដែលត្រូវបានវាយតម្លៃថា ពួកគេបោះជំហានដំបូងខ្លះៗក្នុងការទប់ស្កាត់រួចហើយ គ្រាន់តែមិនទាន់បានអនុវត្តច្បាប់ហាមឃាត់ឱ្យមានប្រសិទ្ធភាពពេញលេញ។ ប្រទេសក្នុងក្រុមនេះមាន ដូចជា កម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, កាណាដា, ម៉ិចស៊ិក, សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ជាដើម។
យ៉ាងណាមិញ អត្រាពន្ធ ១២,៥ ភាគរយ នឹងអនុវត្តចំពោះសេដ្ឋកិច្ចចំនួន ៥៤ ប្រទេសដែលក្នុងនោះមាន ថៃ ផងដែរ ដោយសារពួកគេបរាជ័យទាំងស្រុកក្នុងការអនុវត្តច្បាប់ហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ ប្រទេសថៃត្រូវបានដាក់ឈ្មោះនៅក្នុងសំណុំរឿងពលកម្មដោយបង្ខំផ្អែកលើច្បាប់ពាណិជ្ជកម្មអាម៉េរិកផ្នែក ៣០១ ដោយសារបរាជ័យទាំងស្រុងក្នុងការអនុវត្តច្បាប់ និងអាចប្រឈមមុខនឹងកម្រិតពន្ធ ១២,៥ ភាគរយ។
គួរឱ្យបញ្ជាក់ដែរថា វិធានការដំឡើងពន្ធនេះមិនទាន់អនុវត្តភ្លាមៗនោះទេ ដោយអាម៉េរិកទុកពេលឱ្យសាធារណជន ឬក្រុមហ៊ុននានាផ្ញើការតវ៉ាលាយលក្ខណ៍ជាអក្សរត្រឹមថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ។ បន្ទាប់មក ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក នឹងរៀបចំសវនាការសាធារណៈនៅថ្ងៃទី ៧ ដើម្បីជជែកពិភាក្សាមុននឹងសម្រេចចិត្តជាផ្លូវការ។
លោក Jamieson Greer តំណាងពាណិជ្ជកម្មអាម៉េរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
“ភាពបរាជ័យរបស់ដៃគូពាណិជ្ជកម្មដ៏សំខាន់ៗរបស់យើងក្នុងការដោះស្រាយបញ្ហាការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មបង្ខំ គឺមិនអាចទទួលយកបានទេ។ វាគឺជាបញ្ហាសម្រាប់កម្មករអាម៉េរិកប្រកួតប្រជែងនៅលើសមរភូមិពាណិជ្ជកម្មដែលមិនស្មើភាព។”
លោកបន្តថា ការប្រើពលកម្មដោយបង្ខំនាំឱ្យទំនិញមានតម្លៃថោក ដោយសារប្រទេសមួយចំនួនមិនផ្តល់ប្រាក់ឈ្នួលសមរម្យ ឬ ត្រូវនឹងលក្ខខណ្ឌការងារស្របច្បាប់ ដែលមានន័យថា ថ្លៃដើមនៃការផលិតទំនិញទាំងនោះថោកខុសធម្មតា។ បញ្ហានេះមិនស្មើភាពសម្រាប់កម្មករអាម៉េរិក ដោយសាររោងចក្រនៅក្នុងអាម៉េរិកត្រូវបានគោរពច្បាប់ការងារតឹងរ៉ឹង និងត្រូវផ្តល់ប្រាក់ឈ្នួលសមរម្យ ដែលធ្វើឱ្យថ្លៃដើមផលិតកម្មរបស់ពួកគេខ្ពស់ជាង៕
