សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប និងអាជ្ញាធរស្រុកប្រាសាទបាគង ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា ក្រុមយុវជន ស.ស.យ.ក អ្នកជំនាញកសិកម្ម និងសិស្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត បានសហការគ្នាប្រមូលទិន្នផលបន្លែ សមាគមកាយឫទ្ធិនារីកម្ពុជា ជាលើកទី៣ ដើម្បីចែកជូនបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកមួយចំនួនក្នុងខេត្ដសៀមរាប។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា ដោយអនុវត្តតាមការផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា ស្ថិតនៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានដាំបន្លែ ប្រមាណ ២ហិកតា ដែលមកដល់ពេលនេះ ទទួលបានផលជាបន្តបន្ទាប់ និងចែកជូនប្រជាពលរដ្ឋភៀសសឹកជាលើកទី៣ហើយ។
លោក សូរ ប្លាតុង បានបញ្ជាក់ថា៖
« បន្លែទាំងនេះរួមមានត្រកួន ផ្ទី ស្ពៃតឿ និងស្ពៃខៀវ ដែលកំពុងទទួលបានផល ហើយមួយសប្ដាហ៍យើងប្រមូលម្ដង សម្រាប់ផ្គត់ផ្គង់ដល់ជនភៀសសឹក។ យើងប្រមូលហើយ យើងដាំបន្ដទៀត ព្រមទាំងមានគម្រោងដាំពោត នៅជុំវិញរងបន្លែផងដែរ»។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានឱ្យដឹងថា សួនសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្ដសៀមរាប បច្ចុប្បន្ននៅតែបន្តការងារដាំដុះជាប្រចាំបើទោះបីជាប្រជាជនភៀសសឹកមួយចំនួនបានត្រឡប់ទៅគេហដ្ឋានវិញក៏ដោយ។
លោក ទា គឹមសុទ្ធ បានបញ្ជាក់ថា៖
«សម្រាប់ការរៀបចំដំបូង យើងមានដីចំនួនប្រមាណ ៧៦ហិកតា សម្រាប់ដាំបន្លែផ្គត់ផ្គង់ដល់ជនភៀសសឹក តែការបន្តថែរក្សាសួនដំណាំនេះឱ្យនៅបានយូរអង្វែង មន្ទីរកសិកម្មបានផ្ទេរការថែរក្សាទៅជូនសាលា ឬសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមានទីតាំងនៅជិតសួនបន្លែ ហើយខាងមន្ទីរកសិកម្ម ចូលរួមពិនិត្យ ផ្តល់បច្ចេកទេសដាំដុះ និងផ្តល់គ្រាប់ពូជ»។























