បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ភ្នំពេញ ៖ ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ។ ច្បាប់នេះ អាចកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅក្នុងប្រទេស ជួយជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិ ។

Advertisement

បច្ចុប្បន្ន សេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សា និងពិគ្រោះយោបល់អន្តរក្រសួង ដែលដឹកនាំដោយក្រុមប្រឹក្សាជាតិភស្ដុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការគាំទ្រពីដៃគូអន្តរជាតិដូចជាធនាគារពិភពលោកជាដើម ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការអនុវត្តក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា ។

លោកថា ៖

« កាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកោះអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យឯកជន ចូលរួមប្រជុំ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះ ប៉ុន្តែនៅមិនទាន់បានសម្រេចនោះទេ ។ រហូតមកដល់ពេលនេះ ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម នៅជាសេចក្ដីព្រាងច្បាប់នៅឡើយ ដែលវាត្រូវការពេលវេលាពិភាក្សាជាច្រើនលើកទៀត ព្រោះ សមាគមភស្តុភារកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចស្ថាប័នឯកជនដែលពាក់ព័ន្ធមួយចំនួន បានមើលឃើញនូវចំណុចមួយចំនួន ដែលត្រូវពិភាក្សាគ្នាបន្ថែម ដើម្បីឱ្យច្បាប់មួយនេះចេញមកបានល្អឥតខ្ចោះ»។

លោកឧកញ៉ាបានបញ្ជាក់ឱ្យដឹងថា រាល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មរបស់បណ្ដាធុរជន និងពាណិជ្ជករទាំងអស់ ត្រូវការច្បាប់ជាចាំបាច់ ហើយដើម្បីឱ្យច្បាប់នេះចេញមកល្អឥតខ្ចោះ គឺត្រូវការធុរជន និងពាណិជ្ជករក្នុងវិស័យពាក់ព័ន្ធ ចូលរួមជជែកពិភាក្សាដេញដោលជាមុន ដើម្បីឱ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាមួយរូប បានមានប្រសាសន៍ថា ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជារឿងចាំបាច់ក្នុងវិស័យដឹកជញ្ជូន ពីព្រោះបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសមួយដែលចំណាយច្រើនក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ាន ។ ជាក់ស្ដែងបច្ចុប្បន្ន ការចំណាយទៅលើការដឹកជញ្ជូននៅកម្ពុជា មានអត្រាប្រមាណ ២០ ទៅ ២៥ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) ខណៈប្រទេសជិតខាងរបស់កម្ពុជាស្ថិតនៅអត្រាទាបជាង ក្នុងនោះវៀតណាមស្ថិតនៅចន្លោះ ១៥ ទៅ ២០ភាគរយ ហើយប្រទេសថៃ ស្ថិតនៅចន្លោះត្រឹមតែ ១០ ទៅ ១៣ភាគរយប៉ុណ្ណោះនៃ GDP ។

លោកបណ្ឌិតបន្តថា

«ការធ្វើច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្មនៅកម្ពុជា នឹងជួយកាត់បន្ថយតម្លៃដើមដឹកជញ្ជូន បង្កើនប្រាក់ចំណេញសម្រាប់អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូន និងធ្វើឱ្យតម្លៃទំនិញនៅលើទីផ្សារមានភាពប្រកួតប្រជែង ដែលអាចឱ្យអ្នកប្រើប្រាស់កាន់តែអាចសន្សំសំចៃថវិកាបានមួយកម្រិត»។

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម អាចនឹងជួយកាត់បន្ថយពេលវេលា តាមរយៈការរត់ឯកសារស្មុគស្មាញ និងការបង់សេវាក្រៅផ្លូវការផ្សេងៗ ។ លើសពីនេះទៅទៀតនោះ នៅពេលច្បាប់មួយនេះត្រូវបានដាក់ឱ្យប្រើប្រាស់ វានឹងអាចទាក់ទាញវិនិយោគិនបន្ថែម ចូលមកវិនិយោគវិស័យភស្តុភារ និងឡូជីស្ទីកនៅកម្ពុជា ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា