តាកែវ៖ ប្រធានសហគមន៍ចំប៉ាសែនជ័យបានអះអាងថា រហូតមកដល់ពេលនេះ សហគមន៍មួយនេះបានត្រៀមខ្លួនរួចរាល់ក្នុងការប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបក្រោមការជួយសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈដែលប្រជាកសិករក្នុងសហគមន៍មានជំនាញច្បាស់ផ្នែកដំណាំបន្លែផ្លែដ៏មានសក្តានុពល ដូចជា ប៉េងប៉ោះ ល្ហុង ត្រសក់ ត្រប់ ឪឡឹក ត្រឡាច និងម្រះ ជាដើម ។
លោកគង់ វ៉ុង ប្រធានសហគមន៍ចំប៉ាសែនជ័យ បានប្រាប់ឱ្យដឹងថា សម្រាប់ដំណាំដែលបានដាំដុះនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ ៧៥ ហិកតា ដោយមានការចូលរួមចំនួន ៣ឃុំ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយការដំាដុះបន្លែទាំងនោះទៀតសោត គឺអាចធ្វើបានពីដងក្នុងមួយឆ្នាំ ឬដំណាំខ្លះអាចធ្វើបានបីដងក្នុងមួយឆ្នាំ។
លោកបញ្ជាក់ថា ៖
« ចំពោះការប្រមូលផល និងនាំចូលទៅទីផ្សារជាប្រចាំថ្ងៃ គឺមានដំណើរការល្អមិនសូវចាលនោះទេ ដែលក្រៅពីមានម៉ូយមកប្រមូលទិញយកទៅបោះដុំនៅលើទីផ្សារ គឺនៅសល់តិចតួចប៉ុណ្ណោះ ដែលបងប្អូនគាត់ដាក់លក់នៅក្នុងមូលដ្ឋាន ឬលក់តាមមុខផ្ទះ»។

សូមជម្រាបថា សហគមន៍កសិកម្មចំប៉ាសែនជ័យ ជាសហគមន៍ឯកទេសខាងដាំដុះបន្លែផ្លែដ៏មានសក្តានុពលមួយស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយហេដ្ឋារចនាសម្ព័ន្ធផលិតកម្មដាំដុះក៏មានភាពល្អប្រសើរ ព្រោះបន្សល់ពីគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ជួយដល់សហគមន៍មួយនេះ។ ដោយឡែក សម្រាប់ការប្រមូលទិន្នផលនាំចូលទីផ្សារក្នុងមួយថ្ងៃមិនក្រោម ៥តោននោះទេ។

លោក គង់ វ៉ុង ក៏បានបញ្ជាក់ថា នៅពេលដែលទទួលបានជំនួយពីគម្រោងពិពិធកម្មកម្ពុជា គឺទទួលបានការណែនាំពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំសន្និបាតចូលរួមជាសហគមន៍កសិកម្មទំនើបនាពេលខាងមុខឆាប់ៗនេះ ខណៈដែលបច្ចុប្បន្ននេះ បងប្អូនប្រជាកសិករក្នុងសហគមន៍បានពិភាក្សាគ្នារួចរាល់ពីតម្រូវការ បច្ចេកទេសដាំដុះ ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានពេញលេញ៕
























