បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ភ្នំពេញ ៖ អ្នកជំនាញផ្នែកដំណាំកាហ្វេបានទទួលស្គាល់ថា​ កាហ្វេក្នុងស្រុកនាពេលបច្ចុប្បន្នមានសក្តានុពលល្អ ប៉ុន្តែ ទាំងបរិមាណ និងស្ថិរភាពនៃគុណភាពនៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារបានទាំងស្រុងនៅឡើយនោះទេ ខណៈដែលជាក់ស្ដែង កម្ពុជាមានតម្រូវការកាហ្វេប្រមាណ ២០ ០០០តោនក្នុងមួយឆ្នាំ ហើយការផ្គត់ផ្គង់មានលទ្ធភាពត្រឹមតែ ១ ០០០តោនប៉ុណ្ណោះ ដែលជាកាហ្វេដាំដុះនៅក្នុងស្រុក។

Advertisement

ជាការកត់សម្គាល់ បើទោះបីជាមានការកើនឡើងនូវផ្ទៃដីដាំដុះ និងកិច្ចខិតខំប្រឹងប្រែងពង្រីកផលិតកម្មពីសំណាក់កសិករ និងសហគ្រាសក្នុងស្រុកយ៉ាងណាក៏ដោយ ក៏ការផ្គត់ផ្គង់កាហ្វេដែលដាំដុះនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងមានកំណើនយ៉ាងគំហុកនោះឡើយ។ វប្បធម៌នៃការនិយមទទួលទានកាហ្វេ (Coffee Culture) នៅកម្ពុជា បានរីកដុះដាលយ៉ាងខ្លាំងក្លា ដោយមិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែបានរីកសាយភាយទៅដល់តាមបណ្តាខេត្តនានាយ៉ាងទូលាយផងដែរ។ ជាមួយគ្នានេះ ការកើនឡើងនូវចំនួនហាងកាហ្វេប្រកបដោយម៉ាកយីហោល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងរទេះលក់កាហ្វេចល័ត បានធ្វើឱ្យតម្រូវការគ្រាប់កាហ្វេមានទំហំកាន់តែធំធេង។ ដូច្នេះ ដើម្បីបំពេញតម្រូវការ និងគម្លាតនេះ សមាគមកាហ្វេកម្ពុជាបានអំពាវនាវឱ្យកសិករ ក៏ដូចជាអ្នកប្រកបរបរអាជីវកម្មកាហ្វេចាប់ផ្តើមបង្កើនការផលិតកាហ្វេ និងដាំកាហ្វេបន្ថែមទៀត ។

ប្រធាន​សមាគម​កាហ្វេ​កម្ពុជា លោក ឌុក ពិសិដ្ឋ បានប្រាប់ AMS Economy ថា ៖ កន្លែងលក់កាហ្វេច្រើន អ្នកហូបកាហ្វេក៏កើនឡើង តែការដាំដុះកាហ្វេនៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការបាននោះទេ គឺបានត្រឹមតែប្រមាណ១០ភាគរយនៃតម្រូវការក្នុងស្រុក។

លោកប្រធានសមាគម បានបញ្ជាក់ថា៖

«ឆ្នាំ២០២៦នេះ ការដាំដុះដំណាំកាហ្វេកើនឡើងគួរសម នៅលើផ្ទៃដីសរុបជាង ៥០០ ហិកតា ស្ថិតនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ប៉ៃលិន កោះកុង ពោធិ៍សាត់(នៅអូរសោម) បាត់ដំបង(នៅសំឡូត) ដែលក្នុងចំណោមទីតាំងដាំដុះទាំងនេះ ខេត្តខេត្តរតនគិរី និងមណ្ឌលគិរី ដាំកាហ្វេច្រើនជាងគេ ខណៈប៉ៃលិន និងកោះកុងមានតិចតួច»។

លោក ឌុក ពិសិដ្ឋ បានបន្តឱ្យដឹងថា៖ តម្រូវការ​កាហ្វេ​មាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គ្រាប់កាហ្វេ​ក្នុង​ស្រុក​។ គោលដៅ​ចម្បង​របស់​សមាគម​គឺ​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​តាម​រយៈ​វិស័យ​កាហ្វេ និង​ដំណាំ ហើយបច្ចុប្បន្ន ​សមាគម បាន និងកំពុងជំរុញឱ្យមានការដាំកាហ្វេបន្ថែមតាមរយៈការផ្សព្វផ្សាយសារពត៌មានទៅដល់ប្រជាជន និងបណ្តាញសង្គម ព្រមទាំងមធ្យោបាយផ្សេងៗទៀត។

លោកប្រធានសមាគមកាហ្វេកម្ពុជា បានលើកឡើងថា៖

«ការដាំកាហ្វេវាបានផលចំណេញ វាជាដំណាំយុទ្ធសាស្ត្រមួយ ហើយខាងសមាគមបានបណ្តុះបណ្តាល​ពីបច្ចេកទេសដាំដុះ វិធីសាស្ត្រគណនាថ្លៃដើម និងវិធីគិតពីចំណូលចំណាយ ។ សមាគមបានណែ​នាំ​កសិករពីការកែច្នៃ ធ្វើយ៉ាងម៉េចឱ្យការប្រមូលផលបានគុណភាពល្អ មានតម្លៃបន្ថែមល្អ»។

សូមជម្រាបថា​ សមាគមកាហ្វេកម្ពុជា បានរួមសាមគ្គីគ្នា ដើម្បីប្រយោជន៍រួមរបស់ជាតិក្នុងការកសាងបណ្ដុំកម្លាំងចលករតែមួយ ដើម្បីជំរុញ​ និងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកាហ្វេកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។ ក្រោមចក្ខុវិស័យនេះ សមាគមបានដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញខ្សែច្រវ៉ាក់ផលិតកម្មតម្លៃ ចាប់តាំងពីកម្រិតផលិតកម្មរហូតដល់ទីផ្សារចុងក្រោយ។ សមាគមក៏ផ្តោតសំខាន់លើការផ្ទេរចំណេះដឹង បទពិសោធន៍ និងផ្តល់កិច្ចគាំទ្របច្ចេកទេស ដើម្បីលើកកម្ពស់ផលិតផលកាហ្វេឱ្យរក្សាបាននូវគុណភាព ស្ថិរភាពតម្លៃ និងឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងធានានិរន្តរភាពអាជីវកម្មរបស់សមាជិក ព្រមទាំងជំរុញការស្រាវជ្រាវ ច្នៃប្រឌិត ចងក្រងឯកសារ និងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ ដោយផ្តោតលើការអនុវត្តផលិតកម្មកាហ្វេដែលមានគុណភាពខ្ពស់ ប្រកបដោយចីរភាព និងនវានុវត្តន៍។

លោក ឌុក ពិសិដ្ឋ បានបន្ថែមថា៖​ ឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រខាងមុខ សមាគមនឹងបន្តចងក្រងសមាជិកភាពពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្មកាហ្វេ និងជំរុញលើការងារស្រាវជ្រាវ ដំណាក់កាលដាំដុះ ការកែច្នៃ និងការស្វែងរកទីផ្សារ។ ទិសដៅចម្បងគឺការកសាងបណ្ដុំសេដ្ឋកិច្ចមួយដ៏រឹងមាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញ ក្នុងគោលបំណងរក្សាលំហូរថវិការកសាងសេដ្ឋកិច្ចជាតិ ព្រមទាំងជំរុញឱ្យផលិតផលកាហ្វេរបស់ប្រទេសកម្ពុជាមានវត្តមាន និងកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នសមាគមមានសមាជិកដែលជាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មចំនួន៤ សិប្បកម្មលីងកាហ្វេ៨  ហាងកាហ្វេចំនួន២០ទីតាំង ម្ចាស់ចំការកាហ្វេចំនួន១៨នាក់  កសិករ១៧នាក់ រួមជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធចំនួន ២៣ស្ថាប័ន។

លោក លីវ ឈួង សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិកាហ្វេប្រោន (Brown Coffee and Bakery) បានប្រាប់ AMS Economy ថា៖ បច្ចុប្បន្ន Brown មិនមានចម្ការកាហ្វេទ្រង់ទ្រាយធំផ្ទាល់ខ្លួននោះទេ ដោយផ្តោតលើកិច្ចសហការជាមួយអ្នកផ្គត់ផ្គង់ និងសិក្សាឱកាសក្នុងការអភិវឌ្ឍកាហ្វេកម្ពុជាឱ្យមានគុណភាពកាន់​តែប្រសើរ និងចូលរួមជួយលើកកម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។

លោកអគ្គនាយកកាហ្វេប្រោន បានលើកឡើងថា៖

«តាមការសង្កេតរបស់ខ្ញុំ តម្រូវការកាហ្វេទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោកនៅតែបន្តកើនឡើង ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់ដែលយកចិត្តទុកដាក់លើគុណភាព ប្រភពដើម និងបទពិសោធន៍នៃការផឹកកាហ្វេ។ ចំពោះកាហ្វេក្នុងស្រុកយើងនៅមានសក្តានុពលជាច្រើន ប៉ុន្តែបច្ចុប្បន្នទាំងបរិមាណ និងស្ថិរភាពនៃគុណភាពនៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារបានទាំងស្រុងនៅឡើយទេ។ ប៉ុន្តែខ្ញុំមើលឃើញថា នេះជាឱកាសដ៏ល្អសម្រាប់យើងក្នុងការអភិវឌ្ឍ និងបង្កើនតម្លៃឧស្សាហកម្មកាហ្វេនាពេលអនាគត»។

ក្រុមហ៊ុន KOFI Co., LTD ដែលជាក្រុមហ៊ុនឈានមុខគេមួយលើវិស័យកាហ្វេ ក៏បានចូលរួមជំរុញការដាំដុះកាហ្វេផងដែរ ដើម្បីបំពេញតាមតម្រូវការកើនឡើងក្នុងស្រុក។

លោក ហ៊ុត ផល្លី ប្រធានផ្នែកកសិកម្ម(Farm Supervisor)នៃក្រុមហ៊ុនខូហ្វី បានប្រាប់ AMS Economy ថា៖ ក្រុមហ៊ុន KOFI បានដាំកាហ្វេលើផ្ទៃដី ១០៦ ហិកតា នៅក្នុងខេត្តមណ្ឌលគីរីហើយមានគម្រោងពង្រីកឱ្យបាន ២ ០០០ ហិកតានៅពេលអនាគត។ ការវិនិយោគលើការដាំកាហ្វេនេះគឺក្រុមហ៊ុនចង់បំពេញតម្រូវការនៅក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។

ដោយឡែក ទាក់ទងនឹងទីផ្សារនាពេលបច្ចុប្បន្ន និងទិសដៅអនាគត លោក ហ៊ុត ផល្លី បានបញ្ជាក់ថា៖

«បច្ចុប្បន្នយើងផ្គត់ផ្គង់តែនៅក្នុងស្រុកទេ ដោយសារបរិមាណកាហ្វេយើងមានមិនគ្រប់គ្រាន់នៅឡើយ។ អ៊ីចឹង នៅពេលដែលយើងពង្រីកទៅដល់ ២ ០០០ហិកតា យើងអាចមានលទ្ធភាពដើម្បីនាំចេញទៅខាងក្រៅបាន។ ក្រុមហ៊ុនខូហ្វី បាន និងកំពុងតែជំរុញឱ្យកសិករឱ្យបង្កើនផ្ទៃដីដាំដុះបន្ថែមទៀត ឱ្យបានដល់ ២ ០០០ ហិកតា»។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា  ផ្ទៃដីដាំដុះកាហ្វេបានកើនឡើងដល់ ៧០៥ហិកតាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងផ្ទៃដីប្រមូលផលចំនួន ៥៦៣ហិកតា និងផលិតកាហ្វេបានចំនួន ១ ៣៣៣តោន ក្នុងទិន្នផលជាមធ្យម ២,៣៦តោនក្នុង ១ហិកតា​។

កសិករដាំកាហ្វេនៅមណ្ឌលគិរី លោក លី សំអេន បានឱ្យដឹងថា ក្នុងមួយឆ្នាំលោកអាចប្រមូលផលកាហ្វេបានប្រមាណជាង ១តោន ក្នុងទំហំដីជាង ១ហិកតា។ រីឯតម្លៃកាហ្វេរបស់លោក ចន្លោះពី ៩០០០រៀល ទៅ ១១ ០០០រៀលក្នុងមួយគីឡូក្រាម។

គួររំឭកថា នៅឆ្នាំ២០២៤ កម្ពុជាបានកត់ត្រាផ្ទៃដីដាំដុះចំនួន ៥៨៩ហិកតា ផ្ទៃដីប្រមូលផល ២៨៦ហិកតា និងផលិតកាហ្វេបានចំនួន ៧៧២តោន ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា