ភ្នំពេញ ៖ ជាមួយនឹងតម្រូវរបស់ប្រជាកសិករក្នុងការប្រើប្រាស់ជីសម្រាប់ដាំដុះ និងថែទាំដំណាំចម្រុះ តំណាងក្រុមហ៊ុនផលិតជីកសិកម្មក្នុងស្រុកមួយចំនួនបានអះអាងពីកំណើននៃការលក់របស់ខ្លួន ជាមួយនឹងការដាក់គោលដៅបង្កើនការផលិតបន្ថែម ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុន និងសហគ្រាសផលិតជីកសិកម្មនៅទូទាំងប្រទេសមានចំនួន ២៥ និងអាចមានលទ្ធភាពផលិតបានប្រមាណ ១៨ម៉ឺនតោនក្នុង ១ឆ្នាំ ។
លោក យន់ សុផាត ស្ថាបនិកក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឆ័រ ដែលជាក្រុមហ៊ុនផលិតជីពាក់កណ្តាលសរីរាង្គបានមានប្រសាសន៍ថា ការលក់ជីរបស់លោកបានកើនពី ៣ម៉ឺនតោន នៅឆ្នាំ២០២៤ ដល់ ៥ម៉ឺនតោន នៅឆ្នាំ២០២៥ ជាពិសេសនៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥ ដែលប្រជាជនកម្ពុជា ក៏ដូចជាប្រជាកសិករបន្តធ្វើពហិការមិនប្រើផលិតផលថៃ ដែលក្នុងនោះរួមទាំងជីកសិកម្មផងដែរ។

លោកបន្ថែមថា ៖
«ការធ្វើពហិការទំនិញ និងជីកសិកម្មពីប្រទេសថៃ គឺជាឱកាសនៃការបង្កើនការលក់។ ខ្ញុំនិយាយទៅដូចជាមិនបានគិតថាមានបញ្ហានឹងទេ យើងដាក់ផែនការរួចទៅហើយ ថាយើងដំឡើងម៉ាស៊ីន ប៉ុន្តែក្នុងអំឡុងពេលកំពុងតែដំឡើង ក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ និងអូសបន្លាយដល់ពេលបច្ចុប្បន្ន….ខ្ញុំគិតថា ខណៈពេលនេះវាក៍ជាឱកាសសម្រាប់សហគ្រាស និងក្រុមហ៊ុនដែលជាអ្នកផលិតដែរ»។
ជាមួយនឹងការទទួលបានផលវិជ្ជមាននៅលើទីផ្សារនាពេលនេះ ស្ថាបនិកក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឆ័រ រំពឹងថា នឹងអាចលក់ជីកសិកម្មរបស់ខ្លួនរហូតដល់ ១០ម៉ឺនតោន នៅឆ្នាំ២០២៦នេះ។
សូមជម្រាបដែរថា ខណៈដែលតម្រូវការប្រើប្រាស់ជីកសិកម្មក្នុងស្រុកមាននិន្នាការកើនឡើង អ្នកឧកញ៉ា សួរ វីរៈ ប្រធានក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ បានសម្រេចបោះទុនវិនិយោគប្រមាណ ៦លានដុល្លារ សម្រាប់បង្កើតរោងចក្រជីខ្នាតធំ នៅលើផ្ទៃដី ១៥ហិកតា ក្នុងខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតជាសរីរាង្គបាន ២៥០ តោនក្នុងមួយថ្ងៃ និងជីគីមីបានច្រើនរយតោនថែមទៀត។

លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានជីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលស្គាល់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនក្រុមហ៊ុនផលិតជីកសិកម្មក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ថែមទាំងមានគុណភាពអាចប្រកួតប្រជែងទៀតផង។
លោកបានបញ្ជាក់ថា ៖
«យើងនិយាយថា បើគុណភាពគឺយើងធានាបានសម្រាប់ពួកគាត់ សម្រាប់ផលិតឱ្យមានស្តង់ដារ ព្រោះអីយើងមានការគ្រប់គ្រង ការត្រួតពិនិត្យគុណភាព ការត្រួតពិនិត្យបច្ចេកទេសផលិតរបស់គាត់ ការទុកដាក់ការដឹកជញ្ជូនអីនឹងណាស់»។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ចំនួនរោងចក្រផលិតជីកសិម្មមានការកើនពី ១៤ក្រុមហ៊ុននៅឆ្នាំ២០២៤ ដល់ ២៥ក្រុមហ៊ុន នៅដំណាច់ឆ្នាំ២០២៥ ដែលក្រុមហ៊ុនផលិតជីកសិកម្មទាំងនេះ មានសមត្ថភាពអាចផលិតបានចំនួន ១៨ម៉ឺនតោនក្នុងមួយឆ្នាំ។
ដោយឡែក របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងទៅនេះ ការនាំចូលជីកសិកម្មសរុបជាទឹកប្រាក់មានប្រមាណ ២៨២លានដុល្លារសហរដ្ឋអាម៉េរិក កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ហើយជីកសិកម្មទាំងនោះបាននាំចូលពីប្រទេសវៀតណាម ថៃ កូរ៉េ ជប៉ុន និងចិនជាដើម៕

























