បរទេស ៖ ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ។ ជាក់ស្ដែង នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក គៀ ស្តាម័រ បានប្រកាសលាលែងពីតំណែង ដោយសារតែរងសម្ពាធយ៉ាងខ្លាំងពីកំណើនសេដ្ឋកិច្ចមិនរឹងមាំ និងបញ្ហាថ្លៃដើមរស់នៅរបស់ពលរដ្ឋ។ ខាងក្រោមនេះគឺជាការសង្ខេប និងពន្យល់មូលហេតុរបស់ CNN Business ដែលនាយករដ្ឋមន្ត្រីនៅចក្រភពអង់គ្លេសកាន់តំណែងបានត្រឹមរយៈពេលខ្លី៖
១. វិបត្តិស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចមិនរឹងមាំ៖ ចក្រភពអង់គ្លេសត្រៀមនឹងមាននាយករដ្ឋមន្ត្រីថ្មីទី ៦ ត្រឹមរយៈពេល ១០ ឆ្នាំ ដោយសារថ្នាក់ដឹកនាំពីមួយទៅមួយមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលនៅទ្រឹង ហើយវាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ប្រាក់ចំណូល និងកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ។ ជាលទ្ធផល អ្នកបោះឆ្នោតបាត់បង់ទំនុកចិត្ត។ មេដឹកនាំ ៥ រូបចុងក្រោយរួមមាន៖ លោកស្រី ថេរេសា មេយ៍ កាន់តំណែងជិត ៣ ឆ្នាំ, លោក បូរីស ចនសុន កាន់តំណែងជិត ៣ ឆ្នាំ, លោកស្រី លីហ្ស ត្រាស់ កាន់តំណែងជិត ២ ខែ, លោក រីស៊ី ស៊ូណាក់ កាន់តំណែងជិត ២ ឆ្នាំ និង លោក គៀ ស្តាម័រ កាន់តំណែង ២ ឆ្នាំ។
២. ជីវភាពពលរដ្ឋកាន់តែពិបាក និងថ្លៃដើមរស់នៅកាន់តែខ្ពស់៖ ប្រាក់ខែរបស់ពលរដ្ឋឡើងមិនទាន់នឹងការឡើងថ្លៃនៃតម្លៃទំនិញនោះទេ។ ចាប់តាំងពីគណបក្សពលកម្មរបស់លោក គៀ ស្តាម័រ ឡើងកាន់អំណាចក្នុងឆ្នាំ ២០២៤ មក ប្រាក់ពលកម្មប្រចាំសប្តាហ៍កើនឡើងមិនដល់ ១ ភាគរយផង ឬ ជាមធ្យមប្រហែល ៤៩៤ ផោនអង់គ្លេស (៦៥០ ដុល្លារអាម៉េរិក) ដែលមិនសូវខុសពីកាលពីឆ្នាំ ២០១៩ នោះទេ។ លើសពីនេះ ពលរដ្ឋអង់គ្លេសត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។
៣. ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច (GDP)៖ ទោះបីជានាយករដ្ឋមន្ត្រីចុងក្រោយទាំង ៥ រូប មើលឃើញបញ្ហានេះដូចគ្នា និងដាក់គោលនយោបាយជំរុញសេដ្ឋកិច្ចជាអាទិភាពក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅតែមិនអាចងើបឡើងរួច។ កំណើនសេដ្ឋកិច្ច (GDP) របស់អង់គ្លេសកើនឡើងជាមធ្យមត្រឹមតែ ១ ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៦ មក។ បំណុលរដ្ឋបន្តកើនឡើងធ្វើឱ្យរដ្ឋាភិបាលគ្មានថវិកាគ្រប់គ្រាន់ដោះស្រាយបញ្ហាបញ្ហាប្រឈមដែលពាក់ព័ន្ធ, ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម, និង កង្វះខាតលំនៅឋានដ៏រ៉ាំរ៉ៃនោះទេ។
៤. មូលហេតុដែលនាំឱ្យលោក គៀ ស្តាម័រ បរាជ័យ៖ អំឡុងពេលបោះឆ្នោតឆ្នាំ ២០២៤ សំឡេងឆ្នោតគណបក្សពលកម្មរបស់លោក គៀ ស្តាម័រ ទទួលបានជ័យជម្នះយ៉ាងខ្លាំង ដោយសារតែពលរដ្ឋធុញទ្រាន់នឹងការដឹកនាំរយៈពេល ១៤ ឆ្នាំរបស់គណបក្សអភិរក្សនិយម (Conservative Party) ដែលឆ្លងកាត់ទាំងវិបត្តិកូវីដ ១៩, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ការចាកចេញពីសហភាពអឺរ៉ុប (Brexit), និងគោលនយោបាយរឹតត្បិតការចំណាយ។ យ៉ាងណាមិញ រដ្ឋាភិបាលរបស់លោក គៀ ស្តាម័រ ហាក់មិនអាចដោះស្រាយបញ្ហាវិបត្តិក្នុងស្រុក ដោយសារធ្វើការផ្លាស់ប្តូរយឺតយ៉ាវពេកមិនទាន់ចិត្តពលរដ្ឋដែលកំពុងរងសម្ពាធខ្លាំងលើថ្លៃដើមរស់នៅ។ នេះជាមូលហេតុធ្វើឱ្យគណបក្សពលកម្មរបស់លោកចាញ់ឆ្នោតយ៉ាងខ្លាំងក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីខែឧសភាកន្លងទៅនេះ ដែលជាសម្ពាធបង្ខំឱ្យលោកត្រូវចុះចេញពីតំណែងកាលពីពេលថ្មីៗនេះ។
សម្រាប់ទស្សនវិស័យទៅថ្ងៃអនាគត សេដ្ឋកិច្ចវិទូព្រមានថា បើទោះបីជាមានមេដឹកនាំថ្មីឡើងមកកាន់តំណែងតំណែង ពួកគេក៏នឹងត្រូវប្រឈមមុខនឹងបញ្ហាទាំងនេះដដែលៗដូចគ្នានោះទេ ព្រោះសេដ្ឋកិច្ចមិនអាចកែប្រែបានភ្លាមៗក្នុងរយៈពេលខ្លីនោះទេ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនឹងកើនឡើងត្រឹមតែ ០,៨ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០២៦ ដោយសាររងផលប៉ះពាល់បន្ថែមពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់។ នេះមានន័យថា ទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីប៉ុន្មានដងក៏ដោយ ប៉ុន្តែបើដោះស្រាយបញ្ហាថ្លៃដើមរស់នៅរបស់ពលរដ្ឋ និងមិនអាចរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញបាននោះទេ នាយករដ្ឋមន្ត្រីបន្ទាប់ក៏នឹងនៅតែប្រឈមមុខនឹងការលាលែងតំណែងដូចអ្នកមុនៗដដែល៕