ក្នុងរយៈពេល ១ ឆ្នាំ ខេត្តទាំងបួននៅតំបន់ភូមិភាគឦសាន ដែលរួមមានខេត្ត ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើសុំវិនិយោគចំនួន ៥៨ គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួនជាង ២,៤ ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន បានឱ្យដឹងថា ដើម្បីទាក់ទាញនិងជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ហើយរយៈពេល ១ ឆ្នាំគត់ ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨ គម្រោង ក្រោមទុនវិនិយោគសរុប ២.៤ ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងស្នើសុំវិនិយោគទាំង ៥៨ នោះ ក្រុមការងារបានផ្ដល់ការលើកទឹកចិត្តគម្រោងវិនិយោគបានចំនួន ៣៣ គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ១,០៧ ពាន់លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១៧ ២១៣ កន្លែង។
បើតាមរបាយការណ៍របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសានបានបង្ហាញផងដែរថា ក្នុងចំណោមខេត្តទាំងបួននោះ ខេត្តស្ទឹងត្រែងជាងខេត្តដែលទទួលបានសំណើគម្រោងវិនិយោគច្រើនជាងគេ ដែលមានសំណើវិនិយោគរហូតដល់ ១៨ គម្រោង ប៉ុន្តែខេត្តក្រចេះ ជាខេត្តដែលទឹកប្រាក់វិនយោគច្រើនជាងគេ។
បើតាមរបាយការណ៍ឱ្យដឹងថា ខេត្តក្រចេះ ទទួលបានសំណើគម្រោងវិនិយោគចំនួន ១៥ គម្រោង ក្រោមទុនវិនិយោគចំនួន ១,០៦ ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបាន ២៦ ៦៧៨ កន្លែង ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងវិនិយោគចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគ ១៣០,៩ លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ៣ ២៦០ កន្លែង ខេត្តមណ្ឌលគិរីទទួលបានសំណើគម្រោងវិនិយោគចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគចំនួន ២៩៤ លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ៤ ៧២៨ កន្លែង និងខេត្តរតនគិរី ទទួលបានសំណើគម្រោងវិនិយោគចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន តែងបានណែនាំដល់ភាគីពាក់ព័ន្ធដូចជាក្រុមការងាររបស់លោក ថ្នាក់ដឹកនាំតាមបណ្ដាខេត្តទាំងបួនបន្តផ្ដល់ការសម្របសម្រួលជូនវិនិយោគិន ឱ្យអស់លទ្ធភាព និងតាមភារកិច្ចរៀងៗខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យផលិតកម្ម និងថ្លៃដឹកជញ្ជូនកើនឡើង។ ឯកឧត្តមក៏បានជំរុញធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៅដល់វិនិយោគិន ដើម្បីឱ្យមានការវិនិយោគកាន់តែច្រើនឡើង អាចទទួលបានអត្ថប្រយោជន៍ពិសេសពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS នាពេលថ្មីៗនេះឱ្យដឹងថា តាមរយៈការណែនាំថ្នាក់ដឹកនាំ ដើម្បីសម្រួលដល់ការវិនិយោគរបស់វិនិយោគិនក្នុងខេត្តក្រចេះ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន អាជ្ញាធរខេត្តក្រចេះ បានសម្របសម្រួលដល់វិនិយោគិនដែលចុះមកសិក្សា និងស្វែងរកការវិនិយោគក្នុងខេត្តក្រចេះ បើទោះបីជាគម្រោងវិនិយោគនោះមិនទាន់មានការសម្រេចពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានក្ដី។
លោក ម៉ែន គុង អភិបាលរង ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ឱ្យដឹងថា គម្រោងវិនិយោគដែលបានដាក់ស្នើសុំវិនិយោគនៅក្នុងខេត្តស្ទឹងត្រែងក្នងរយៈពេល១ឆ្នាំតាមរយៈ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ភាគច្រើនផ្ដោតលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ពីព្រោះក្នុងខេត្តស្ទឹងត្រែងក៏ដូចជាខេត្តបីផ្សេងទៀត នៅភូមិភាគឦសាន មានសក្ដានុពលើវិស័យទាំងនេះ សម្រាប់ទាក់ទាញការវិនិយោគ។
លោកបានបន្តថា រដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចនៃខេត្តស្ទឹងត្រែង តែងប្រកាន់ខ្ជាប់នូវការណែនាំ និងគោលការណ៍របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដើម្បីសម្របសម្រួល និងទាក់ទាញវិនិយោគិនបន្ថែមទៀតចូលមកកាន់ខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ និងស្វែងរកការបណ្ដាក់ទុនវិនិយោគ បង្កើតការងារ ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត៕