បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អនាគតនៃការរស់នៅជាមួយAI និងការត្រៀមខ្លួនដើម្បីគេចចេញពីផលប៉ះពាល់ដោយ AI

អនាគតនៃការរស់នៅជាមួយAI និងការត្រៀមខ្លួនដើម្បីគេចចេញពីផលប៉ះពាល់ដោយ AI

បរទេស ៖ ភាពរីកចម្រើននៃការច្នៃប្រឌិតឥតឈប់ឈរនៅក្នុងបច្ចេកវិទ្យាឆ្លាតវ៉ៃ AI (artificial intelligence) នឹងបណ្តាលឲ្យអនាគតរបស់មនុស្សជាតិកាន់តែផ្លាស់ប្តូរទៅដល់គ្រប់វិស័យទាំងអស់នៅពេលខាងមុខនេះដោយគ្មានអ្វីមករារាំងបានឡើយ។ ជាការកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ AI បានចាក់ស្រេះកាន់តែជ្រៅក្នុងឧស្សាហកម្មនៃបច្ចេកវិទ្យាធំៗរបស់ពិភពលោក រាប់ចាប់តាំងពីបច្ចេកវិទ្យា Big Data, Robotics និង IoT ជាដើម។

Advertisement

ក្នុងចំណោមប្រភេទ AI ទាំងនោះគេសង្កេតឃើញថា ម៉ូដេល Generative AI ដែលមានមុខងារផលិតមាតិកានានា កំពុងទទួលបានការប្រើប្រាស់ខ្លាំងបំផុតជាមួយចំនួនអ្នកប្រើប្រាស់រាប់ពាន់លាននាក់ជារៀងរាល់ថ្ងៃ ហើយការអភិវឌ្ឍខ្លួនរបស់ Generative AI ក៏កាន់តែមានសន្ទុះលឿនឥតឈប់ឈរផងដែរ។

របាយការណ៍គួរឲ្យភ្ញាក់ផ្អើលមួយដែលបង្ហាញដោយ Builtin.com និងត្រូវបានដកស្រង់ទិន្នន័យចេញពីំក្រុមហ៊ុន McKinsey & Company បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ បណ្តាក្រុមហ៊ុនសហគ្រាសរបស់ពិភពលោកប្រមាណជា ៤២ភាគរយ បានសម្រេចដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយតាមការព្យាករណ៍នៅចន្លោះពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ បណ្តាសហគ្រាសដល់ទៅ៩២ភាគរយនឹងរៀបចំការវិនិយោគទៅលើបច្ចេកវិទ្យា AI នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ពោលគឺមានការកើនឡើងដល់ទៅជាង១០០ភាគរយ។

យ៉ាងណាក៏ដោយ យុគសម័យដែលពិភពលោករស់នៅក្នុងសម័យ AI ដែលទើបនឹងចាប់ផ្តើមក៏ពិតមែន ប៉ុន្តែវាមានប្រវត្តិដំបូងមិនតិចឆ្នាំនោះទេ។ បច្ចេកវិទ្យានេះធ្លាប់បានគេចាប់ផ្តើមពិភាក្សាតាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ ហើយរហូតមកដល់ឆ្នាំ២០១៨ ដែលគ្រប់គ្នាបានទទួលភាពភ្ញាក់ផ្អើលខ្លាំងមិននឹកស្មានដល់ ក្រោយការបង្ហាញខ្លួនរបស់ ChatGPT ដែលជាម៉ូដ៉េល Generative AI លើកដំបូង និងអភិវឌ្ឍដោយក្រុមហ៊ុន OpenAI។ បន្ទាប់មកគេក៏សង្កេតឃើញមានវត្តមានរបស់ម៉ូដេលស្រដៀងគ្នានេះកើតមាន ដូចជា Gemini, DeepSeeek និងជាច្រើនផ្សេងទៀត។

អនាគតរបស់ AI នឹងការប៉ះពាល់ដល់ជីវិតរស់មនៅរបស់យើង

កិច្ចការងារដំបូងដែល AI អាចធ្វើបាននោះគឺការបង្កើនទំហំផលិតភាពក្នុងវិស័យផលិតកម្ម ដែលធ្វើឲ្យអាជីវកម្មក្នុងវិស័យផលិតស្វ័យប្រវត្តិហក់ឡើងកាន់តែច្រើន ប៉ុន្តែ វាក៏អាចធ្វើឲ្យប៉ះពាល់ដល់អត្រាការងារបែបប្រពៃណីមួយចំនួនដែលមិនពឹងផ្អែកទៅលើបច្ចេកវិទ្យាដែរ។​ AI នឹងកាត់បន្ថយអត្រាធ្វើការងារដែលមិនចាំបាច់ ឬអាចជំនួសបានដោយម៉ាស៊ីនស្វ័យប្រវត្តិ ដែលប៉ះពាល់ឱកាសការងាររាប់សិបលានកន្លែងជារៀងរាល់ឆ្នាំ។

បន្ថែមពីនេះ ពិភពលោកប្រឈមមុខនឹងបញ្ហាសន្តិសុខចំពោះសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ឬ Data Privacy ពីព្រោះថា ក្រុហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា AI និងមុខងារស្វ័យប្រវត្តិកម្មត្រូវការចាំបាច់នូវទិន្នន័យទំហំធំ ដូច្នេះ ការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានក្លាយទៅជាគោលដៅដ៏ចម្រូងចម្រាស។ ជាក់ស្តែង តុលាការអន្តរជាតិបានបើកការស៊ើបអង្កេតជាច្រើនដងមកហើយពាក់ព័ន្ធទៅនឹងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន។ ក្រៅពីនេះ ក៏មានបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI និងជួយធ្វើឲ្យប្រសើរឡើងនៃភាពប្រឈមវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលជាកិច្ចការងារផ្សេងទៀតរបស់ AI ផងដែរ។

យ៉ាងណាក៏ដោយ ស្របពេលដែលការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាកាន់តែលឿន ការតាក់តែងច្បាប់ក៏មានកាន់តែច្រើន។ ដោយឡែក សម្រាប់បញ្ហាអាកាសធាតុវិញ បច្ចេកវិទ្យា AI នៅពេលនេះបានដើរតួយ៉ាងសំខាន់ដោយអាចធ្វើការកត់ត្រាទិន្នន័យបានត្រឹមត្រូវឥតខ្ចោះ និងបានច្រើន ងាយស្រួលដល់ការវិភាគ និងការត្រៀមខ្លួនបង្ការទុកជាមុន ក៏ដូចជាការរៀបចំផែនការធំៗដើម្បីជួយដោះស្រាយបញ្ហាផងដែរ។

ដូច្នេះ ការត្រៀមខ្លួនចំពោះអនាគតពិភពលោកជាមួយបច្ចេកវិទ្យា AI គឺត្រូវតែធ្វើឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ការតាមដានវឌ្ឍនភាពនៃបច្ចេកវិទ្យាដ៏មានសារៈសំខាន់ និងការរៀនសូត្របន្ថែមទៅលើមុខជំនាញថ្មីៗពាក់ព័ន្ធនឹងការអនុវត្តការងារជាមួយនឹងមុខងារស្វ័យប្រវត្តិ សុទ្ធតែអាចជួយឲ្យមនុស្សគ្រប់គ្នាគេចចេញពីហានិភ័យនានាដែលអាចកើតមាននៅពេលអនាគត ទាំងការរស់នៅ និងការប្រកបមុខរបររកស៊ី ក៏ដូចជាការងារអាជីពផងដែរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា