បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ភ្នំពេញ ៖ ក្រុង​ច្បារ​មន ខេត្តកំពង់ស្ពឺ​ ធ្លាប់តែជា​តំបន់ដែល​ពលរដ្ឋ​ និងទេសចរ​ធ្វើដំណើរទៅហួស​មក​ហួស ព្រោះតំបន់​នេះ​ជាទីតាំងដែលឆ្លង​កាត់ទៅ​ខេត្តព្រះសីហនុ និងពីក្រុងព្រះសីហនុមកកាន់​រាជធានីភ្នំពេញ ។ ឆាប់ៗនេះ រាជរដ្ឋាភិបាល​នឹងអភិវឌ្ឍក្រុង​ច្បារមន​ទៅជាទីក្រុងទំនើប​ ដើម្បីបង្កើនភាពទាក់ទាញទាំងវិនិយោគិន និងទេសចរបន្ថែមទៀត ។

Advertisement

យោងតាមប្រសាសន៍ឯកឧត្ត ខ្លូត រតនា រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គម្រោង​កែលម្អ លើកសោភ័ណ្ឌភាពសងខាង​ផ្លូវ​នៅក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នឹង​សម្រួលដល់ការប្រើប្រាស់កំណាត់ផ្លូវជាតិលេខ​៤ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ប្រវែង​ប្រមាណ៦គីឡូម៉ែត្រ​ ។

ឯកឧត្តម​បន្តថា គោល​បំណង​សំខាន់​នៃការអភិវឌ្ឍ​កំណាត់​ផ្លូវជាតិលេខ​៤នៅក្រុង​ច្បារមន​នេះ គឺដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​ សម្រួល​ការធ្វើដំណើរ ការ​លើក​កម្ពស់សោភណ្ឌភាពទីក្រុង ជាពិសេស​ប្រែក្លាយពីតំបន់ដែលធ្លាប់តែមនុស្ស​ឆ្លងកាត់ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ទំនើប មានសុវត្ថិភាព និងសមស្របទៅតាម​ភាពរីកចម្រើន​របស់ប្រទេសជាតិ ។

ឯកឧត្តម​បន្ថែមថា ការ​រចនា កែលម្អ និងលើកកម្ពស់​សោភណ្ឌភាព​ គឺជា​ផ្នែក​មួយ​នៃយុទ្ធសាស្ត្រ​រៀបចំដែនដីយូរអង្វែង​សម្រាប់​កិច្ចអភិវឌ្ឍនគរូបនីយកម្មនៅកម្ពុជា​ ក្នុងនាមជាមណ្ឌលពាណិជ្ជកម្មពហុមុខងារ មានភាពរស់រវើក ក៏ដូចជាសកម្មភាពទេសចរណ៍ផងដែរ ។ គម្រោងនេះ ផ្ដោតទៅលើ​ការ​បង្កើត​បរិក្ខារសាធារណៈ ដែលប្រកបដោយគុណភាព ។ នៅក្នុងនោះផងដែរ ក៏មានបង្កើត​ ផ្លូវជិះកង់ ផ្លូវ​ថ្មើជើង ផ្លូវ​សម្រាប់ជនមានពិការភាព ផ្លូវ​ម៉ូតូ ផ្លូវ​រថយន្តគ្រួសារ រថយន្តក្រុង​ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការ​ធ្វើដំណើរ​។

ឯកឧត្ត​ម ​ខ្លូត រតនា បាន​បញ្ជាក់ទៀតថា ៖

«នៅក្នុង​គម្រោងនៃការអភិវឌ្ឍក្រុង​ច្បារមន ក្រៅពី​ពង្រីកផ្លូវឱ្យធំជាង​មុន និងដាំដើមឈើ​នៅ​អមសងខាង​ផ្លូវ ក៏មានការ​រៀបចំប្រព័ន្ធរំដោះទឹក បំពាក់ភ្លើង​បំភ្លឺផ្លូវ​ផងដែរ។ តាមរយៈគម្រោងនេះដែរ ​នឹង​ទាក់ទាញទាំងទេសចរណ៍ជាតិ -អន្តរជាតិ ទាំងវិនិយោគិន​មកបណ្ដាក់ទុនកាន់តែច្រើន» ។

គួរ​កត់សម្គាល់ថា បច្ចុប្បន្ន កំពង់ស្ពឺ ជា​ខេត្តមួយដែលមានភាពទាក់ទាញលើគម្រោង​វិនិយោគ​ជាង​គេ​ក្នុង​ចំណោម​បណ្ដារាជធានី-ខេត្តនៅ​ទូទាំង​ប្រទេស​ ជាក់ស្ដែង ​ក្នុងរយៈពេល​៤ខែ ដើមឆ្នាំ២០២៦​នេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោង​វិនិយោគសរុប​៥៤​គម្រោងរួចទៅហើយ​​ ក្នុង​ចំណោម​គម្រោង​វិនិយោគសរុប​ចំនួន១៨៨គម្រោង។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានមានប្រសាសន៍ថា​ កំពង់ស្ពឺ ជាខេត្តដែលមានភាពទាក់ទាញសម្រាប់វិស័យឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ។ ដោយឡែក ផែនការ​អភិវឌ្ឍ​ក្រុងច្បារមនដុចដែលបានលើកឡើងខាងលើននេះ ​នឹ​ងកាន់តែទាក់ទាញ​វិនិយោគិន​ទៅបណ្ដាក់ទុននៅក្នុងខេត្តមួយនេះកាន់តែច្រើន ។ បន្ថែមពីលើនេះ ការអភិវឌ្ឍ​ក្រុង​ច្បារមន​នេះដេរ ក៏នឹងជួយធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងតំបន់មានភាពល្អប្រសើរផងដែរ ព្រោះនៅពេលមានការអភិវឌ្ឍកាន់តែខ្លាំង មនុស្សចូលទៅរស់នៅ និងប្រកបអាជីវកម្មកាន់តែច្រើន ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ដីធ្លី និងសំណង់មានកាន់តែច្រើនដូចគ្នា។

អ្នកឧកញ៉ា​បានលើកឡើងទៀតថា​ សម្រាប់តំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ​៤ គិតចេញចាប់ពីរាជធានីភ្នំពេញចម្ងា​យ​​៥០គីឡូម៉ែត្រ គឺជា​តំបន់ដែលមានសក្ដានុពល និងមានតម្រូវការប្រើប្រាស់ដីធ្លី ដើម្បីសាងសង់ជាលំនោឋាន​ ក៏ដូចជាឃ្លាំងផងដែរ ហើយនៅពេលដែល​ផ្ទៃដីរាជធានីភ្នំពេញ ត្រូវបានពង្រីកវិសាលភាព តំបន់​ទាំង​នោះនឹ​ងកាន់តែទាក់ទាញ មនុស្ស​ម្នាចូល​ទៅរស់ជាមិនខាន៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា