ភ្នំពេញ ៖ ទីផ្សារលំនៅឋាននៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្តសាងសង់ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្តែង ជាពិសេសក្នុងពេលហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់មួយនេះ បានលេចវត្តមានជាបន្តបន្ទាប់ក្រោមការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល និងមួយចំណែកទៀតបានពីវិស័យឯកជន ។
អ្នកជំនាញវិស័យអចលនទ្រព្យកម្ពុជាជាច្រើនបានបញ្ជាក់ថា មែនទែនទៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ បានទាក់ទាញ និងមានសក្ដានុពលខ្ពស់តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ដោយមានការចាប់អារម្មណ៍តាំងពីមានគម្រោងកកើតឡើងនូវផ្លូវ៦០ម៉ែត្រ ផ្សារទំនើបអ៊ីអនមានជ័យ និងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ដោយអ្នកអភិវឌ្ឍន៍លំនៅឋានបានស្វែងរកទីតាំងដើម្បីអភិវឌ្ឍន៍ ហើយអ្នកទិញផ្ទះក៏ស្វែងរកលំនៅឋានសម្រាប់ការរស់នៅរបស់ខ្លួន ។
អ្នកស្រី ឆឹង សុធារ៉ា នាយិការងផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ Cityscape Assets & Real Estate បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ កាន់តែមានសក្ដានុពល និងទាក់ទាញ បន្ទាប់ពីរាជរដ្ឋាភិបាលបានបណ្ដាក់ទុនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា លើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ២, ផ្លូវក្រវាត់ក្រុងទី៣ ការស្ដារ និងលើកកម្ពស់កម្រិតព្រែករំដោះទឹក ក៏ដូចជាការសាងសង់កំណាត់ផ្លូវក្នុងតំបន់ដែលពាក់ព័ន្ធ គួបផ្សំជាមួយការបណ្ដាក់ទុនលើគម្រោងវិនិយោគនានារបស់វិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ដូចជា មជ្ឈមមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សាលារៀនអន្តរជាតិ រួមទាំងមន្ទីរពេទ្យផងដែរ។
អ្នកស្រីបន្តថា ទោះបីជាតំបន់នេះ មានសក្ដានុពលទាក់ទាញខ្លាំងប៉ុនណាក៏ដោយ អ្នកអភិវឌ្ឍន៍ដែលខ្វះទុន ឬអ្នកអភិវឌ្ឍន៍ដែលមានហិរញ្ញវត្ថុទន់ខ្សោយហាក់បន្ថយដៃ ដោយជំនួសមកវិញនូវអ្នកអភិវឌ្ឍន៍ធំៗដែលមានហិរញ្ញវត្ថុរឹងមាំ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC , ក្រុមហ៊ុន ជីបម៉ុង និងក្រុមហ៊ុន ប៉េង ហួត ជាដើម ។
អ្នកស្រីនិយាយថា ៖
« បច្ចុប្បន្ននេះ យើងឃើញគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន OCIC គម្រោងលំនៅឋានរបស់ក្រុមហ៊ុន ជីប ម៉ុង បាន និងកំពុងសម្រុកសាងសង់ និងផ្គត់ផ្គង់ដល់ទីផ្សារ។ ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងនេះ ក៏បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលធ្វើឱ្យតំបន់នោះកាន់តែរីកចម្រើន និងមានភាពទាក់ទាញកាន់តែខ្លាំង » ។
អ្នកស្រីបន្ថែមថា សម្រាប់អ្នកស្វែងរកទិញលំនៅឋានក្នុងពេលបច្ចុប្បន្ននេះ មិនថាតែតំបន់មួយណានោះទេ គឺអ្នកទិញជាអ្នករកផ្ទះរស់នៅពិតប្រាកដ ខុសពីការទិញលំនៅឋានក្នុងរយៈពេលប៉ុន្មានឆ្នាំមុនដែលទិញសម្រាប់ទុកលក់បន្តយកចំណេញ ឬទុកជួលឱ្យជនបរទេស ប៉ុន្តែពេលស្ថានភាពសេដ្ឋកិច្ចជួបបញ្ហាអ្នកទិញផ្ទះដើម្បីវិនិយោគទាំងនោះបានបន្ថយដៃ នៅសល់តែអ្នកដែលស្វែងរកផ្ទះរស់នៅពិតប្រាកដប៉ុណ្ណោះ។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តំបន់ប៉ែកខាងត្បូងមានការអភិវឌ្ឍខ្លាំង ជាពិសេសចាប់តាំងពីមានគម្រោងធំៗ បានលេចរូបរាងឡើងនៅទីនោះ ។ តម្រូវការអចលនទ្រព្យនៅតែមានសម្រាប់ប្រភេទអចលនទ្រព្យដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។
អ្នកស្រីបន្តថា ផ្សារទំនើបតូចធំ បានរីកដុះដាលនៅតំបន់ប៉ែកខាងត្បូង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗក៏បានសាងសង់រួច គឺជាកត្តាដែលធ្វើឱ្យពលរដ្ឋចាប់អារម្មណ៍ទៅកាន់តំបន់ប៉ែកខាងត្បូង ដូច្នេះហើយ អ្នកអភិវឌ្ឍន៍ក៏ចាប់យកឱកាសដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ ។
បើតាមបណ្ដាំរបស់ បិតាស្ថាបត្យកម្មខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ បានផ្ដាំថា ការអភិវឌ្ឍរាជធានីភ្នំពេញគួរតែបែរទៅទិសខាងត្បូង ព្រោះនៅទិសខាងត្បូង មានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់ ខណៈរាជរដ្ឋាភិបាលក៏ទើបតែសាងសង់ប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែម ដែលនឹងធ្វើឱ្យតំបន់ប៉ែកខាងត្បូងក្រុងភ្នំពេញទាក់ចិត្តអ្នកវិនិយោគ និងពលរដ្ឋខ្មែរកាន់តែខ្លាំង ៕