ភ្នំពេញ៖ គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង មានទុនសរុបប្រមាណ ៤២៣ លានដុល្លារអាម៉េរិក បានស្នើសុំចុះបញ្ជី និងកំពុងរង់ចាំការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចដំណើរការវិនិយោគក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងខេត្តស្វាយរៀង។
សូមជម្រាបថា៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ៩គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា៖ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង ដែលមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនី ផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ(បុណ្យណូអែល និងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស, វិស័យទេសចរណ៍ចំនួន ១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ មានចំនួន ១ ៣៤១បន្ទប់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង ដោយបង្កើតកសិដ្ឋានបណ្តុះមេផ្សិត និងផ្សិតគ្រប់ប្រភេទ ព្រមទាំងវេចខ្ចប់កសិផល (ផ្សិត)។

សូមរំលឹកថា៖ នៅក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣គម្រោង ជាមួយទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគជាង៤៣គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗមានទំហំ ៤៦៤លានដុល្លារ, វិស័យឧស្សាហកម្មមានទុនវិនិយោគ២៨៥លានដុល្លារ និងកសិកម្ម កសិ-ឧស្សាហកម្ម ៣លានដុល្លារ៕


























