បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ២០២៦ ចាប់ពីខែឧសភា ដល់ ខែតុលា ខាងមុខដោយរំពឹងថា​ នឹងមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានា កើនលើសឆ្នាំមុនជាង ០៩លាននាក់។

Advertisement

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍មានប្រសាសន៍ថា គោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងយុទ្ធនាការរដូវកាលបៃតងឆ្នាំ២០២៦នេះ មាន ០៤ទីតាំង ក្នុងនោះ ទី១.រាជធានីភ្នំពេញ ២.តំបន់ភូមិភាគឦសាន ៣.តំបន់ឆ្នេរ និង ៤.គោលដៅទេសចរណ៍សៀមរាប ហើយក្នុងចំណោមគោលដៅសំខាន់ៗទាំង ០៤ខាងលើ មានគោលដៅមួយដែលមានការចាប់អារម្មណ៍ខ្លាំង គឺរាជធានីភ្នំពេញ។

លោកជំទាវបញ្ជាក់ថា​ ៖

«ជាបទពិសោធន៍រដូវកាលបៃតងកាលពីឆ្នាំ២០២៥ កន្លងទៅ គឺរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ ហើយគោលដៅបន្ទាប់គឺនៅតំបន់ឆ្នេរ ដោយឡែក ខេត្តសៀមរាបជាគោលដៅបន្ទាប់ទី៣ ហើយគោលដៅភូមិភាគឦសានគឺទី៤»

ជាមួយគ្នានេះ ដើម្បីទាក់ទាញភ្ញៀវដើរទស្សនាកម្សាន្តឱ្យបានកាន់តែច្រើនសម្រាប់ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍បានផ្លាស់ប្តូរពីខែខ្សត់ភ្ញៀវ​ (Low Season) មកជាខែទេសចរណ៍បៃតង(Green Season) ដោយចង់រំលេចពីសក្តានុពលនៃសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ពណ៌ខៀវស្រង៉ាត់ និងបរិយាកាសបរិសុទ្ធរបស់កម្ពុជា អំឡុងពេលមានភ្លៀងធ្លាក់ ជាពេលដែលល្អបំផុតសម្រាប់ទេសចរដែលមានចំណូលចិត្តទស្សនាធម្មជាតិស្រស់បំព្រង និងអេកូទេសចរណ៍ជាដើម។

លោកឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍មានប្រសាសន៍ថា ក្រៅពីពលរដ្ឋខ្មែរ នៅរដូវកាលបៃតងនេះក៏ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវអន្តរជាតិផងដែរ ពិសេសភ្ញៀវនៅក្នុងតំបន់អាស៊ីតែម្តង។

លោកបន្តថា ៖

«ពិសេសទេសចរអាស៊ី រួមមាន ចិន ជប៉ុន កូរ៉េ និងឥណ្ឌា តៃវ៉ាន់ និងអូស្រាលី ជាដើម ស្របដែលកម្ពុជាត្រូវបានដាក់ចូលទៅក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ២០២៦នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់ទស្សនាវដី្ត Wanderlust នៃចក្រភពអង់គ្លេស»

លោកថា​ កំណើននៃភ្ញៀវទេសចរក្នុងរដូវកាលបៃតងនេះ គឺដោយសារមានកិច្វប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលដែលបានដាក់យុទ្ធសាស្រ្តថ្មីៗតាមរយៈការ  Free Visa សាកល្បងសម្រាប់ទេសចរជនជាតិចិន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទៅដល់តំបន់ដាច់ស្រយ៉ាល ដូចជាផ្លូវជាតិលេខ១០ ឆ្ពោះទៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅឧទ្យានជាតិបុទុមសាគរ ដែលត្រូវបានដាក់ចូលក្នុងទស្សនាវដ្តី Wanderlust និងតំបន់ខ្នងផ្សារ នៅក្នុងខេត្តកំពង់ស្ពឺជាដើម។

ក្រសួងទេសចរណ៍រំពឹងថា រដូវកាលបៃតងនេះនឹងក្លាយជាភាពទាក់ទាញមួយរបស់កម្ពុជា ពិសេស ស្រូបយកកំណើនសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ បង្កើនចំណូលដល់អ្នកប្រកបអាជីវកម្ម រួមទាំងផ្ដល់ប្រយោជន៍ដល់អ្នកពាក់ព័ន្ធក្នុងវិស័យនេះផងដែរ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានកំណើនទេសចរជាតិ គួរឱ្យកត់សម្គាល់ សម្រាប់រយៈពេល ៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ ដោយទេសចរជាតិបានធ្វើដំណើរកម្សាន្តរហូតដល់ ៩លាន ៤៦ម៉ឺននាក់ កើនឡើងប្រមាណ ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា