បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ និរន្តរភាព បង្កើនភាពធន់ ព្រមទាំងបង្កើនប្រាក់ចំណូល។

Advertisement

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមានដូចជា ការធ្វើបច្ចុប្បន្នភាពទិន្នន័យ​ផលិតកម្មកាហ្វេនៅខេត្តមណ្ឌលគីរី, ការសិក្សាអំពីការធ្វើពិពិធកម្ម​ដំណាំ ជាពិសេសការប្តូរពីការដាំដំឡូងមកដាំកាហ្វេវិញ និងវិភាគពី​សក្តា​នុពល បញ្ហាប្រឈម និងដំណោះស្រាយ, ការរៀបចំឱ្យមានចម្ការគំរូនៅគ្រប់ឃុំ ក្រោមការដឹកនាំពីមន្ត្រីកសិកម្មឃុំ , ការរួម​គ្នាកសាងម៉ាកសមូហភាព «កាហ្វេមណ្ឌលគីរី» ដែលមាន​ស្តង់ដារ GAP និងឈានទៅរកកាហ្វេសរីរាង្គ ហើយជាចុងក្រោយគឺការពង្រឹង និងពង្រីកទីផ្សារ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ៖

« ការងារទាំងនេះ​មានគោលបំណងលើកកម្ពស់គុណភាព និងតម្លៃបន្ថែមនៃកាហ្វេ​មណ្ឌលគីរី ព្រមទាំងបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់កសិករ និងការផលិតកសិកម្មដែលមានភាពធន់អាកាសធាតុ»។

សូមបញ្ជាក់ថា ការបង្កើតម៉ាកសមូហភាព នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដោយម៉ាកសញ្ញាផលិត​ផលនេះអាចការពារអត្តសញ្ញាណផលិតផលក្នុងស្រុក លើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលរួម បង្កើនតម្លៃបន្ថែម ធានាគុណភាពស្ដង់ដារ និងការបង្កើនជំនឿទុកចិត្តដល់អ្នកប្រើប្រាស់ ជាពិសេសពង្រីកទីផ្សារសម្រាប់សមាគម។

លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានប្រាប់សារព័ត៌មាន AMS ឱ្យដឹងថា សមាគមបានធ្វើការងារជាច្រើនជាមួយកាហ្វេ ដែលបច្ចុប្បន្នអាចមានលទ្ធភាព​ដាំកាហ្វេ​ផ្គត់​ផ្គង់​តម្រូវការ​បាន​ប្រមាណជាង ១ ០០០ តោន​ប៉ុណ្ណោះ ខណៈ​តម្រូវការ​មាន​ប្រមាណ ២ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ ចាំបាច់មានតម្រូវការនាំចូលពីប្រទេសដទៃ រួមមាន ប្រេស៊ីល កូឡុំប៊ី ជាដើម ​ប៉ុន្តែប្រទេសដែលសំខាន់ គឺប្រទេសជិតខាង ដូចជា ឡាវ និងវៀតណាម។

លោកប្រធានសមាគម បានបន្ថែមថា ៖

«សមាគមបានលើកទឹកចិត្តកសិករពង្រីក​ផ្ទៃដី​ដាំដុះកាហ្វេឱ្យបានច្រើន ដើម្បីអាចកាត់បន្ថយការនាំចូលពីបរទេស និងធ្វើការផ្សព្វផ្សាយ ចែករំលែកបច្ចេកទេសដាំដុះ កែច្នៃ ដែលចង់ឱ្យខេត្តមណ្ឌលគីរីទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ខេត្តតែម្ដង។ យើងមើលឃើញថា​ដំណាំនេះនឹងផ្តល់ផលចំណេញច្រើន ​ហើយ​អនាគត​ តម្រូវ​ការ​កាហ្វេ​នឹង​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់ និងមិនចង់ពឹងលើទីផ្សារនាំចូលពីក្រៅប្រទេសនោះទេ»។

សូមជម្រាបដែរថា សមស្របក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យមានការកសាងម៉ាកសមូហភាពសម្រាប់ខេត្ត​មណ្ឌលគីរីនោះ សមាគមកាហ្វេកម្ពុជា កំពុងមានភាពមមាញឹកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេនៅតាមបណ្តាខេត្តនានាដែលមានសក្ដានុពល រួមមាន៖ រតនគីរី កំពង់ចាម ត្បូងឃ្មុំ ​អូរសោម (ពោធិ៍សាត់​) កោះកុង(ថ្មបាំង)​ និងខេត្តមណ្ឌល​គិរី ដែលមានដំណាំកាហ្វេច្រើនជាងគេ ។ គិតត្រឹមឆ្នាំ២០២៥ ផ្ទៃដីដាំដុះកាហ្វេនៅកម្ពុជា មានប្រមាណ ៨០០ហិកតាប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ នេះ សមាគមកាហ្វេកម្ពុជា នឹងបង្កើនផ្ទៃដីដាំកាហ្វេបន្ថែមប្រមាណជាង៦០០ហិកតាទៀត ខណៈដែលកម្ពុជាត្រូវការផ្ទៃដីចន្លោះពី ៨០០០ ទៅ ១០ ០០០ ហិកតាទៀត ទើប​​អាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារក្នុងស្រុកបាន៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា