ភ្នំពេញ ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្រេចបានការវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៣ ៧៩៥ ៨៣៧ ក្បាលដី និងបានចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ជាមួយនឹងការជំរុញការងារនេះបន្ថែម ដើម្បីឱ្យបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខ ។
បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសប្ដាហ៍នេះបានបង្ហាញថា ក្នុងចំណោមក្បាលដីដែលបានវាស់វែងរួចទាំងជិត ១៤លានក្បាលដីខាងលើនោះ ក្រសួងបានចេញបណ្ណចំនួន ៨ ៩៨០ ៩៧២ក្បាលដី និងចែកបណ្ណជូនម្ចាស់កម្មសិទ្ធិបានចំនួន ៨ ២១៤ ៣៣៥ ក្បាលដី ហើយបាន និងកំពុងជំរុញឱ្យមន្ទីរសុរិយោដីតាមបណ្ដាខេត្តឱ្យឆាប់បញ្ចប់ការវាស់វែងជាស្ថាពរ ហើយចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់។
យោងតាមសកម្មភាពដ៏មមាញឹករបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាសកម្មភាពមន្ត្រីជំនាញ និងរដ្ឋបាលខេត្តនៅទូទាំងប្រទេសបានបង្ហាញថា សម្រាប់ក្បាលដីដែលបានវាស់វែង ចុះបញ្ជី និងចេញបណ្ណ ត្រូវបានប្រគល់ជូនពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិទាំងដីកម្មសិទ្ធិឯកជន និងដីជាកម្មសិទ្ធិសមូហភាព។ ជាក់ស្ដែង ពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តក្រចេះ រតនគិរី និងមណ្ឌលគីរី ត្រូវបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុសមូហភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម។ ក្រៅពីនេះ រដ្ឋបាលតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ក៏បានបន្តចុះចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាបន្តបន្ទាប់ផងដែរ សម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ជាប្រយោជន៍តាមតម្រូវការ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ។
គួររម្លឹកថា ជាញឹកញាប់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែជំរុញឱ្យបញ្ចប់ការវាស់វែង ចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ដើម្បីបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានលើកឡើងថា ចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារាជរដ្ឋាភិបាល គឺការបញ្ចប់ជម្លោះរឿងព្រំដីនៅជាប់គ្នា បញ្ចប់វិវាទរបស់ពលរដ្ឋក្នុងសង្គមដោយសារតែបញ្ហាព្រំដីមិនច្បាស់លាស់ ។ នៅពេលបញ្ចប់ការវាស់វែង ចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនគ្រប់គ្នា បញ្ហាជម្លោះព្រំដីនេះ នឹងលែងកើតមាន ហើយត្រូវយកពេលវេលាមកអភិវឌ្ឍប្រទេសឱ្យកាន់តែរឹងមាំ និងលែងខាតពេលក្នុងការដោះស្រាយវិវាទដីធ្លីតទៅទៀត ។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ដីធ្លីនៅទូទាំងប្រទេសកម្ពុជានឹងចុះបញ្ជីមានបណ្ណកម្មសិទ្ធិទាំងអស់ មិនថាដីរបស់រដ្ឋ និងជាដីរបស់ឯកជននោះឡើយ ហើយសម្រាប់ដីរបស់រដ្ឋនឹងប្រគល់បណ្ណទៅឱ្យក្រសួង ស្ថាប័ន ជាអ្នកកាន់កាប់ ដូចជា ដីរបស់ក្រសួងបរិស្ថាន ដីរបស់ក្រសួងវប្បធម៌ ដីរបស់ក្រសួងធនធានទឹក ឬដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាដើម ៕